ជប៉ុន​សម្លឹង​ឃើញ​កិច្ចព្រមព្រៀង​វិនិយោគ TPP ក្នុង​វិស័យ​កសិកម្ម​វៀតណាម

ប្រទេស​វៀតណាម ៖ អាជីវកម្ម​កសិកម្ម​របស់​ជប៉ុន​កំពុង​វាយលុក​ក្នុង​ប្រទេស​វៀតណាម ចាប់តាំងពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៃ​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ត្រូវ​បាន​កំណត់​ដើម្បី​បើក​ការ​អនុវត្ត​គោលការណ៍​ទីផ្សារ​រវាង​ប្រទេស​ទាំង​២ ក៏​ដូច​ជា​ការ​មិន​យកពន្ធ​នាំ​ចូល ។

របាយការណ៍​មួយ​របស់​ក្រុមប្រឹក្សា​យោបល់​វិនិយោគ​ជប៉ុន Seiko Ideas Corp បានឱ្យ​ដឹង​ថា ជប៉ុន​អាច​អនុញ្ញាត​ឱ្យ​នាំ​ចូល​ទំនិញ​ពី​បណ្តា​ប្រទេស​សមាជិក TPP ទាំងអស់។

ក្នុង​របាយការណ៍​នោះ​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​អនុញ្ញាត​នេះ នឹង​ធ្វើ​ឱ្យ​ជប៉ុន​ធ្លាក់​ក្នុង​ស្ថានភាព​លំបាក​នៅ​ពេល​ដែល​ផលិតផល​កសិកម្ម​របស់​ខ្លួន​តិច និង​មាន​តម្លៃ​ថ្លៃ ។ ហេតុនេះ​ហើយ​បានជា​ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន​សម្រេច​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​វៀតណាម ខណៈ​ដែល​ប្រទេស​នេះ​ក៏​ជា​សមាជិក TPP ដែរ​។

ទន្ទឹម​នឹង​នោះ ពួក​គេ​ក៏​អាច​នាំ​ចេញ​ផលិតផល​ពី​ប្រទេស​វៀតណាម​ទៅ​ប្រទេស​ពួក​គេ​វិញ​ដោយ​មិន​ចាំបាច់​ចំណាយ​លើ​ពន្ធ​នោះ​ដែរ ។ TPP បាន​កំណត់​ថា ដើម្បី​ទទួល​បានការ​នាំ​ចេញ​-​ចូល​មិន​គិត​ពន្ធ​នោះ ក្នុង​ផលិតផល​មួយ​មុខ​ត្រូវ​តែ​មានការ​យល់ព្រម​៧០% ពី​បណ្តា​ប្រទេស​ជា​សមាជិក ។

ជាក់ស្ដែង ក្រុមហ៊ុន Kato Group បាន​ផ្តើម​សហការ​ជាមួយ​ខេត្ត Binh Dinh ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​មុន ដើម្បី​វិនិយោគ​លើ​វិស័យ​នេសាទ​ត្រី Tuna រហូត​ដល់​ឆ្នាំ​២០២០ ដែល​បាន​ចំណាយ​ទឹកប្រាក់​ចំនួន​៧៧១.០០០​ដុល្លារ ។

វា​បាន​ជួយ​ឱ្យ​ខេត្ត​នេះ​ជា​អ្នកគ្រប់គ្រង​ប​ចេ្ច​ក​វិទ្យា​ទាំងឡាយ​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​នេសាទ​ត្រី​សមុទ្រ Tuna ហើយ​ក៏​ជា​កន្លែង​រក្សា​ទុក​ផង​ដែរ ។ ហេតុនេះ​ហើយ​ផលិតផល​ទាំងអស់​នឹង​ត្រូវ​តាម​តម្រូវការ​គុណភាព​នៅ​ពេល​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន ។

ខេត្ត Binh Dinh បាន​ទិញ​ឧបករណ៍​នេសាទ​ត្រី Tuna ពី​ប្រទេស​ជប៉ុន ចំនួន​៥​គ្រឿងក្នុង​តម្លៃ​១,៥​ប៊ី​លាន​ដុ​ង​សម្រាប់​បណ្តុះបណ្តាល​ក្រុម​អ្នកនេសាទ​របស់​ខ្លួន ។

ក្រុមហ៊ុន Shudensha បាន​និង​កំពុង​អនុវត្តន៍​គម្រោង​មួយ​ដោយ​ប្រើប្រាស់​ទឹកប្រាក់​ចំនួន​៨២០.០០០​ដុ​លា្ល​រ ដើម្បី​បង្កើន​គុណភាព​ទឹក​នៅ​ក្នុង​កន្លែង​ចិញ្ចឹម​ជលផល ។ រីឯ​ក្រុមហ៊ុន OTA Kaki កំពុង​សហការ​ជាមួយ​ខេត្ត​តំបន់​ខ្ពង់រាប Lam Dong ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ដាំ​ផ្កា​នៅ​ទីនោះ រួម​ទាំង​ប្រព័ន្ធ​ចែកចាយ​ផលិតផល​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព ។

នៅ​ខេត្ត Lam Dong នេះ ក៏​មាន​ក្រុមហ៊ុន Nikko Foods កំពុង​អនុវត្តន៍​លើ​គម្រោង​កសិកម្ម​ប៉េងប៉ោះ​គុណភាព​ខ្ពស់​ផង​ដែរ ដែល​បាន​ចំណាយ​ទឹកប្រាក់​ចំនួន​៨២០.០០០​ដុល្លារ ។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​ថ្លែង​ថា ការ​វិនិយោគ​នេះ​នឹង​ជួយ​ដល់​វិស័យ​កសិកម្ម​វៀតណាម តាម​រយៈ​គម្រោង​ផ្សេង​ៗ​ដែល​ក្រុមហ៊ុន​ជប៉ុន​បាន​បណ្តាក់ទុន​វិនិយោគ ។

អតីត​ប្រធាន JICA ប្រចាំ​វៀតណាម លោក Mori Mutsuya មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​វៀតណាម​មាន​សក្តានុពល​ធំធេង​ណាស់​។ លោក Mori Mutsuya បាន​លើក​ឡើង​ដូច្នេះ​ថា ៖ « ឧទាហរណ៍ ការ​ស្រាវជ្រាវ​របស់​យើង​ក្នុង​ខេត្ត Lam Dong រក​ឃើញ​ថា ប្រសិនបើ​កសិករ​ផ្លាស់​ប្តូរ​ដំណាំ​កាហ្វេ ដោយ​ងាក​មក​ដាំ​ផ្កា​ជំនួស​វិញ​នោះ ប្រាក់​ចំណូល​ពួក​គេ​នឹង​កើនឡើង​ដល់​ទៅ​៩​ដង » ៕