ជួញដូរ​មនុស្ស​ទៅ​ចិន​បរាជ័យ​ មេខ្លោង​ស្រី​ជាប់ពន្ធនាគារ​

ជួញដូរ​មនុស្ស​ទៅ​ចិន​បរាជ័យ​ មេខ្លោង​ស្រី​ជាប់ពន្ធនាគារ​



ភ្នំពេញ​ ៖​ ករណី​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន តែ​ត្រូវ​ទទួល​បរាជ័យ បន្ទាប់ពី​នគរបាល​ក្តាប់​សភាព​ការណ៍​បាន​ល្អ​ ឈាន​ដល់​ការ​ឃាត់​ខ្លួន​មេខ្លោង​ស្រី​ម្នាក់ ​និង​រំដោះ​នារី​រងគ្រោះ​៦​នាក់​នោះ​ រហូត​មក​ទល់​ពេលនេះ ស្ត្រី​មេខ្លោង ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ដើម្បី​រង់​ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។

សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​បញ្ជាក់​ថា ស្ត្រី​មេខ្លោង​ឈ្មោះ ធឿន ពុទ្ធា ហៅ​ឡាយ ធី​ជិន អាយុ​២៤​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​០​៨ ខែ​កក្កដា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ពី​បទ​សញ្ចរកម្ម ​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២៨៨ ​នៃ​ក្រមព្រហ្មទណ្ឌ។ បទល្មើស​នេះ​កំណត់​ការ​ផ្ដន្ទាទោស​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​បាន​ជួយ​រំដោះ​ស្ត្រី​រងគ្រោះ​ចំនួន​៦​នាក់​ផ្សេងទៀត ក្នុង​ផ្ទះ​សំណាក់​យីហោ «​តារា​» ស្ថិតនៅ​ផ្លូវ​លេខ​១៣៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ធឿន ពុទ្ធា ហៅ ឡាយ ធី​ជិន បាន​នាំ​យក​ស្ត្រី​ទាំង​៦​នាក់​នេះ មក​ស្នាក់នៅ​បណ្ដោះអាសន្ន ដើម្បី​ត្រៀម​នាំទៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា៕