ប្រារព្ធខួប​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិ​កភណ្ឌពិភពលោក

ខេត្តព្រះវិហារ ៖ អាជ្ញា​ធរ​ជាតិ​​ព្រះ​វិហារ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​០៨ ​កក្កដា ​២០១៦ ​មាន​​រៀបចំ​ពិធី​ប្រារ​ព្ធ​​ខួប​ទី​៨​នៃ​ការ​ចុះបញ្ជី ប្រា​សាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ៧ កក្កដា ២០០៨- ៧ កក្កដា ២០១៦ នៅ​សារ​មន្ទីរ​ធម្មជាតិ​សាកល​​សម្តេច​តេ​ជោ ហ៊ុន សែន ស្ថិត​​ក្នុងភូមិ​ធម្មជាតិសម្តេច​ជោ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ក្នុង​ពិធី​នោះ​ គេ​ឃើញ​​មាន​ការ​ចូលរួម​ជា​អធិបតីភាព​ លោក​នាយ​ឧត្តមសេនីយ៍​មាស សុភា តំណាង​​​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក ទីស្តីការគណៈ​រដ្ឋមន្ត្រី ព្រមទាំង​មន្ត្រីរាជការ​ទូ​ទាំង​ខេត្តព្រះវិហារ ​និងប្រជាពល​រដ្ឋ ឆ្មាំ ពលករ បម្រើ​ការ​ក្នុង​រមណីយ៍ដ្ឋាន​ប្រាសាទព្រះវិហារ​ប្រមាណ​ជា​១​ពាន់​នាក់ ។

ថ្លែង​​ក្នុង​ឱកាស​​នោះ​ លោក​ឧត្តមសេនីយ៍​ក៏​បានរំលឹក​​ពី​ម​ហិ​ច្ឆ​តា​ឈ្លានពាន​របស់​ចោរ​​សៀម ក្រោយ​ពី​ប្រាសាទព្រះវិហារ ត្រូវ​បាន​ចុះបញ្ជី​ដាក់​ប​ញ្ជូ​ល​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​អង្ក​ការ​យូ​ណេ​ស្កូ ដែល​ភាគី​សៀម​កន្លង​ទៅ​តែងតែ​យារ​យី​ចង់បាន​ទឹកដី​កម្ពុជា ជា​ពិសេស​ប្រាសាទព្រះវិហារ​តែ​ម្តង ។ តែ​ត្រូវ​បាន​កងកម្លាំង​កម្ពុជា បាន​ធ្វើការ​ទប់ទល់​ភ្លាម​ៗ ការពារ​បាន​នូវ​អធិប​តេយ្យ​​កម្ពុជា បណ្តេញ​ចោរ​សៀម​ឈ្លានពាន​ចេញពី​ទឹកដី​កម្ពុជាអស់​គ្មាន​សល់ ។

​លោក​ឧត្តមសេនីយ៍ ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​​ឱ្យ​បាន​ដាច់ខាតនូវ​គ្រប់​ទ​ង្វើ​បំផ្លាញ​ប្រាសាទ ការ​លួច​វត្ថុ​បុរាណ ការ​ជីក​កកាយ​រក​វត្ថុ​បុរាណ​ក្នុង​តំបន់​អភិរក្ស នឹង​ការ​កាប់​ទន្ទ្រាន​ដីធ្លី​តំបន់​អភិរក្ស​ធ្វើ​ជា​កម្មសិទ្ធិ  ជា​ពិសេស ការ​កាប់​បំផ្លាញ​ព្រៃឈើ នឹង​បរបាញ់​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​ប្រាសាទព្រះវិហារ ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​បរិស្ថាន​ធម្មជាតិ នឹង​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ បាត់​សោ​ភណ្ឌ​ភាព ។

ដូច្នេះ​ហើយ ​ក្នុង​នាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ត្រូវ​ចាត់វិធានការ​តាម​ច្បាប់ ទៅ​លើ​បុគ្គល​ណា​ដែល​ប្រ​ពឹត្ត​បទល្មើស​ក្នុង​តំបន់​អភិរក្ស ​និង​​រួម​គ្នា​ថែរក្សា និង​ការពារ​នូវ​សម្បត្តិ​វប្បធម៌​របស់​ជាតិខ្មែរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ចូល​មក​ទស្សនា​ប្រាង្គ​ប្រា​សាទ​ព្រះវិហារ​ឱ្យ​កាន់តែ​ច្រើន​កុះករ ។