អត្រា​មនុស្ស​ចាស់​អាច​នឹង​កើន​ដល់​១​លាន​៥​សែន​នាក់​នៅ​ឆ្នាំ​២០២៥

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ លោក​សន សុផល បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​សុក្រ ទី​០៨ កក្កដា ២០១៦ នេះ​ថា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា អត្រាកំណើន​របស់​មនុស្ស​ចាស់​ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើង មានការ​កើនឡើង​ទ្វេ​ដង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​កំណើន​នេះ ដោយសារ​កត្តាសេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​មាន​ភាព​រីក​ចំរើន ការ​បម្រើសេវា​សាធារណៈ​ផ្នែក​សុខាភិបាល​កាន់តែ​ល្អ  សុខភាព​មនុស្ស​កាន់តែ​ល្អ ដែល​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មាន​អាយុ​វែង  ។

លោក​បន្ត​ថា ជាក់ស្តែង​ក្នុង​ឆ្នាំ​២០០០ មនុស្ស​ចាស់​មានការ​កើនឡើង​៤.៤%  ឆ្នាំ​២០០៤ កើន​៦%  រហូត​មក​ដល់​ឆ្នាំ​២០១៦ នេះ មនុស្ស​ចាស់​បាន​កើន​ដល់​ប្រមាណ​១​លាន​នាក់  ហើយ​នៅ​ឆ្នាំ​២០២៥ គេ​បាន​រំពឹង​ទុក​ថា ចំនួន​មនុស្ស​ចាស់​នឹង​កើនឡើង​កាន់តែ​ខ្ពស់​រហូត​ដល់​ប្រមាណ​១​លាន​៥​សែន​នាក់ និង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​សម្រាប់​ឆ្នាំ​ខាង​មុខ ។

លោក សន សុផល បាន​ឲ្យ​ដឹង​ទៀត​ថា  ជា​ការ​ពិត​ណាស់ ក្មេង​មិន​ធ្លាប់​ចាស់ តែ​ចាស់​ធ្លាប់​ក្មេង ការ​គិត​ពី​មនុស្ស​ចាស់ គឺជា​ការ​គិត​ពី​ខ្លួនឯង ហើយ​កង្វល់​ពី​មនុស្ស​ចាស់ គឺជា​កង្វល់​របស់​យើង​ទាំងអស់​គ្នា មនុស្ស​យើង​ម្នាក់​ៗ​មិន​អាច​គេច​ចេញពី​ភាព​ចាស់ជរា​បាន​ទេ ដូចនេះ​ការ​ត្រៀម​ខ្លូ​ន និង​ការ​ស្វែងរក​ដំណោះស្រាយ​ពី​បច្ចុប្បន្ន​សម្រាប់​ទៅ​អនាគត គឺជា​កត្តា​ជោគជ័យ​មួយ​ដែល​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​ហា​នី​ភ័យ​នានា ។ លោក​បញ្ជាក់​ថា ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ មាន​មនុស្ស​ចាស់​ប្រមាណ​៤​ម៉ឺន​នាក់ ក្នុង​នោះ​និវត្តជន​២​ម៉ឺន​នាក់ និង​ប្រជាពលរដ្ឋ​ធម្មតា​ប្រមាណ​២​ម៉ឺ​នាក់ ដោយ​ពួក​គាត់​ត្រូវការ​មាន​ទំនាក់ទំនង​ជាមួយ​សង្គម​គ្រួសារ សង្គម​ខាងក្រៅ និង​ការ​ថែទាំ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ដូចនេះ​សូម​បងប្អូន​ដែល​ជា​កូនចៅ ចៅទួត មិន​ត្រូវ​ទុក​គាត់​ឲ្យ​ស្ថិត​ក្នុង​ភាព​ឯកោ​នោះ​ទេ ៕