តារា ៤ ដួង​រៀបរាប់​​បទពិសោធន៍​សម្ដែង​រឿង​ភាគថ្មី​​សម្រាប់ PNN

ដើម្បី​អបអរសាទរ​ខួប​មួយ​ឆ្នាំ​របស់​ភីអិនអិន នៅ​ថ្ងៃ​ចន្ទ ទី​១១-កក្កដា កម្មវិធី​ «ស៊ី​អារម្មណ៍» នឹង​នាំ​មក​ជូន​នូវ​ទស្សនីយភាព​ថ្មី​មួយ​បែប​ទៀត ដោយ​បាន​អញ្ជើញ​តារា​កិត្តិយស​ដល់​ទៅ ៤ ដួង​ ដើម្បី​ចែក​រំលែក​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការ​សម្ដែង​រឿង​ភាគ​ថ្មី​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ដើម​ខែ​កញ្ញា​ ខាង​មុខ​នេះ។​

 

តារា​សម្តែង​ល្បី​ទាំង​៤ដួង​នោះ​ រួម​មាន លោក អ៊ុន សុទ្ធា កញ្ញា មឿន ផាណែត លោក លឹម ជាឡាយ និង​កញ្ញា គៀត សុវណ្ណាឡាង។

 

តារា ៤ ដួង​រៀបរាប់​​បទពិសោធន៍​សម្ដែង​រឿង​ភាគថ្មី​​សម្រាប់ PNN

 

លោក អ៊ុន សុទ្ធា និង​កញ្ញា មឿន ផាណែត នឹង​ចូល​ខ្លួន​សម្តែង​ជា​តួអង្គ​ឯក​ក្នុង​ខ្សែ​រឿង​ភាគ​ថ្មី សម្រាប់ PNN ដែល​មាន​ចំណង​ជើង​ថា «ភក្តី​ស្នេហ៍​ទ្វេ​ភព» ដែល​នឹង​រៀបរាប់​ពី​ស្នេហា​ស្មោះស្ម័គ្រ​របស់​តួអង្គ​ទុំ​ទាវ តែ​ពួកគេ​នឹង​ឆ្លង​ភព​មក​ដល់​សម័យ​បច្ចុប្បន្ន នៅ​ត្រង់​វគ្គ​សម្លាប់​ខ្លួន។ ដោយ​ឡែក​លោក លឹម ជាឡាយ និង​កញ្ញា គៀត សុវណ្ណាឡាង វិញ ក៏​នឹង​ចូលរួម​សម្តែង​ផង​ដែរ នៅ​ក្នុង​រឿង​ភាគ​បន្ត​បន្ទាប់​របស់ ​PNN។

 

ក្នុង​រយៈពេល​៣០​នាទី​នៃ​កម្មវិធី ក្រៅ​ពី​ការ​រៀបរាប់​បទ​ពិសោធន៍​ថ្មីៗ​នៅ​ក្នុង​ការ​សម្ដែង​រឿង​ភាគ​ថ្មី​ហើយ​នោះ ពួកគេ​ទាំង​៤​ក៏​នឹង​សម្តែង​នូវ​ឈុត​ឆាក​ខ្លះៗ​ដែល​ដកស្រង់​ចេញពី​រឿង​ភាគ​ដែល​ពួកគេ​សម្តែង​ផង​ដែរ។

 

អ្នកនាង លួង ភីរ៉ូនីកា ផលិតករ​កម្មវិធី​ ស៊ី​អារម្មណ៍ បាន​និយាយថា៖ «​ទូរ​ទស្សនិកជន​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ថ្មី​មួយ​បែប​ទៀត​ពី​កម្មវិធី​ស៊ី​អារម្មណ៍​ នៅ​ថ្ងៃ​ចន្ទ ​សប្ដាហ៍​ក្រោយនេះ ដោយ​យើង​បាន​អញ្ជើញ​តារា​កិត្តិយស​ដល់​ទៅ​៤​ដួង ដើម្បី​ចែក​រំលែក​បទពិសោធន៍​ថ្មី​របស់​ពួកគេ​ក្នុង​ការ​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ភីអិនអិន»។

 

អ្នក​នាង​បាន​បញ្ជាក់​ទៀត​ថា​៖ «នេះ​គឺជា​ការ​អបអរសាទរ​ដល់​ខួប​មួយ​ឆ្នាំ​របស់​ភីអិនអិន ផង​ដែរ ដូច្នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​កម្មវិធី​មាន​លក្ខណៈ​ប្លែក​ជាង​សប្តាហ៍​មុនៗ សង្ឃឹម​ថា​ទស្សនិកជន​នឹង​មិន​អាក់​ខាន​ក្នុង​ការ​ទស្សនា​ឡើយ»។

 

ស៊ី​អារម្មណ៍ ជា​កម្មវិធី​កម្សាន្ត​ថ្មី​មួយ ដែល​ចាក់ផ្សាយ​រៀង​រាល់​រាត្រី​ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨:៣០ យប់ ដោយ​មាន​លោក ប៉ែន ចំរុង​ ជា​ពិធីករ។ កន្លង​មក «ស៊ី​អារម្មណ៍» បាន​រៀបចំ​ឲ្យ​មាន​ឈុត​ឆាក​ពិសេសៗ​ជាច្រើន រួម​ជាមួយ​តារា​ដែល​ជា​ភ្ញៀវកិត្តិយស ទាំង​បរិយាកាស​កំប្លែង និង​កម្សត់​ក្នុង​ជីវិត​ពិត​របស់​ពួកគេ​ផ្ទាល់​តែ​ម្ដង។ គិត​មក​ទល់​ពេល​នេះ តារា​កិត្តិយស​របស់​កម្មវិធី​នេះ​មាន​ដូចជា កញ្ញា មាស សុខសោភា លោក ច័ន្ទ វឌ្ឍនាការ កញ្ញា យ៉ូរី និង​លោក ថេណា ជាដើម។

 

កម្មវិធី​នេះ ទាក់ទាញ​ប្រជា​ប្រិយ​ភាព​ជា​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ ទាំង​លើ​កញ្ចក់​ទូរទស្សន៍ ក៏​ដូចជា​លើ​បណ្តាញ​សង្គម ដោយ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង ទាំង​តាមរយៈ​ផេក www.facebook.com/PNNTVCambodia និង YouTube: PNN TV Official ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម