ប៉ែន ចំ​រ៉ុង ​ចូល​តុលាការ​បំភ្លឺ​​ជា​លើក​ទី​៣​លើ​បណ្ដឹង​លែងលះ​ភរិយា​ ភិន សុ​ដា​លី​ស

ប៉ែន ចំ​រ៉ុង ​ចូល​តុលាការ​បំភ្លឺ​​ជា​លើក​ទី​៣​លើ​បណ្ដឹង​លែងលះ​ភរិយា​ ភិន សុ​ដា​លី​ស



ភ្នំពេញ ​៖​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​តារា​សម្តែង​ប្រុស​លោក ប៉ែន ចំ​រ៉ុង បាន​បង្ហាញ​ខ្លួន​ ចូល​បំភ្លឺ​នៅ​តុលាការ​លើ​បណ្តឹង​សុំ​លែងលះ​ភរិយា​នាង ភិន សុ​ដា​លី​ស ខណៈ​លើក​ទី​១​លោក ប៉ែន ចំ​រ៉ុង បាន​បង្ហាញ​ខ្លួន​ព្រម​គ្នា​ជាមួយ សុ​ដា​លី​ស កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ​លើក​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែមិថុនា និង​លើក​ទី​៣​នេះ​គឺ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​ដែល​ការ​ចូល​ខ្លួន​ចំនួន​២​លើក​ចុង​ក្រោយ​គឺ​ពុំ​មាន​វត្តមាន​របស់​អ្នកនាង ភិន សុ​ដា​លី​ស ទេ។

ប្រភព​ព័ត៌មាន​ពី​តុលាការ​បាន​រាយការណ៍​មក​ថា ​នៅ​​​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ ​គេ​បាន​ឃើញ​វត្តមាន​លោក ប៉ែន ចំ​រ៉ុង និង​មេធាវី​របស់​ខ្លួន​ចូល​ទៅ​កាន់​ក្នុង​បន្ទប់​តុលាការ​ជាថ្មី​ដើម្បី​បំភ្លឺ​ជុំវិញ​បណ្ដឹង​ប្ដឹង​សុំ​លែងលះ​ភរិយា​អត់​ខាន់ស្លា​កូនស្រី​ថៅកែ​ផលិតកម្ម​មហាហង្ស​អ្នកនាង ភិន សុ​ដា​លី​ស ដែល​បច្ចុប្បន្ន​កំពុង​មាន​ផ្ទៃពោះ​ជាង​៦​ខែ​មក​ហើយ​នោះ។

ប្រភព​បាន​បន្ត​ថា​ ក្រោយពេល​តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុង ចូល​ទៅ​បន្ទប់​តុលាការ​អស់​ពេល​មួយ​សន្ទុះ​ធំ ​លោក​ក៏បាន​ចេញ​មក​វិញ ​ប៉ុន្តែ​តារា​សម្តែង​រូបនេះ​ពុំបាន​ផ្តល់​សម្ភាសន៍​ណាមួយ​ដល់​អ្នកសារព័ត៌មាន​ឡើយ​ពោល​គឺ​បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្វី​ទាំងអស់។ ដូច្នេះ​ជា​លទ្ធផល​គេ​ពុំទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​សំណុំរឿង​នៃ​ការ​លែងលះ​រវាង​លោក ប៉ែន ចំ​រ៉ុង និង​ភរិយា​អ្នកនាង ភិន សុ​ដា​លី​ស ដំណើរការ​យ៉ាងណា​ហើយ​នោះទេ។

គួរ​រម្លឹក​ថា ​តារា​សម្តែង ​និង​ជា​ពិធីករ​ធ្លាប់​មាន​ឈ្មោះ​ល្បីល្បាញ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​លោក ប៉ែន ចំ​រ៉ុង បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ប្តឹង​សុំ​លែងលះ​ភរិយា​អ្នកនាង ភិន សុ​ដា​លី​ស ដែល​ធ្លាប់​ឆ្លងកាត់​ការរស់នៅ​កម្សត់កម្រ​ជាមួយគ្នា​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​រហូត​ឈាន​ដល់​សាង​ដំណក់​ឈាម​រួម​​គ្នា ​មាន​កូន​ក្នុង​ផ្ទៃ​ជាង​៦​ខែ​មក​ហើយ​នោះ​ចាប់តាំង​ពី​អំឡុង​ពេលមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ក្រោម​ហេតុផល​ថា រស់នៅ​មិន​ចុះសម្រុង​ជាមួយគ្នា។ ប៉ុន្តែ​បើតាម​ប្រភព​ក្រៅផ្លូវការ​ពី​មជ្ឈដ្ឋាន​មហាជន​មួយចំនួន​បាន​និយាយថា មកពី​លោក ប៉ែន ចំ​រ៉ុង ជា​មនុស្ស​ប្រុស​មាន​ស្រី​ច្រើន៕

ប៉ែន ចំ​រ៉ុង ​ចូល​តុលាការ​បំភ្លឺ​​ជា​លើក​ទី​៣​លើ​បណ្ដឹង​លែងលះ​ភរិយា​ ភិន សុ​ដា​លី​ស

ប៉ែន ចំ​រ៉ុង ​ចូល​តុលាការ​បំភ្លឺ​​ជា​លើក​ទី​៣​លើ​បណ្ដឹង​លែងលះ​ភរិយា​ ភិន សុ​ដា​លី​ស