ចាប់​តែ​ឈើ​គេ ឈើ​ប្រពន្ធ​-កូន​ខ្លួនឯង​អត់​ចាប់​!

ខេត្ត​កំពង់ធំ ​៖ ប្រជាពលរដ្ឋ​ ដែល​រកស៊ី​ដឹកឈើ​បន្តិចបន្តួចសុំ​​មិន​បញ្ចេញ​ឈ្មោះ​ នាំ​គ្នា​និយាយ​រិះគន់ដល់​​លោក​អធិការ​​នគរបាល​ស្រុក​សណ្តាន់​ថា ​ពួក​គាត់​គ្រាន់តែ​រកស៊ី​ដឹក​ឈើ​តិចតួច​ គ្រាន់​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​​គ្រួសារ ត្រូវ​​លោក​វរ​​សេនី​យ៍​​ទោ អ៊ួ​ង
ម៉ូ​លី អធិការ​​​នគរបាល​ស្រុក​​សណ្តាន់​បញ្ជា​ឱ្យ​​កូនចៅ​​ក្រោម​ឱវាទ​របស់​លោក​ចាប់គ្មានប្រណី ។

ចំ​ណែ​ល​កូន និង​ប្រពន្ធ​របស់​ខ្លួន​លោក​វិញ​នោះ ​គឺជា​មេ​ឈ្មួញ​រកស៊ី​បទ​ល្មើស​ព្រៃឈើ​ឡើង​ដុះ​ស្លែ​​ទៅ​ហើយ ​មិន​ដែល​មាន​អ្នក​បង្ក្រាប​​ទេ​ ។ ​ទាំង​អស់នេះ​ក៏​ដោយសារ​តែ​​មានការ​ឃុបឃិត​គ្នា​​ជា​ច​ង្កោម​​​ជាមួយ​​មេព្រៃ អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​បើក​ភ្លើង​​ខៀវ​ឱ្យ​ដែរ​ ។

​ប្រជាពលរដ្ឋ​បន្ត​​ទៀត​ថា​ ​កន្លង​មក ​ពួក​គាត់​ត្រូវ​បាន​កូនចៅ​របស់​លោក​វរ​​សេនី​យ​ទោ អ៊ួ​ង ម៉ូ​លី ចាប់​ ខណៈ​ដែល​ពួក​គាត់​​ចូល​ទៅ​អារ​ឈើ និង​ដឹកឈើ​យក​មក​​ធ្វើ​ផ្ទះ ឬ​ក៏​យក​​ទៅ​លក់ដូរ​បន្តិចបន្តួច ​ដើម្បីដោះស្រាយ​ជីវភាព​គ្រួសារ​ ត្រូវ​បាន​នគរបាល​ចាប់​យក​លុយ​ ​និង​ចាប់​ប្រគល់​ឱ្យ​​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទំ​រាំ​តែ​ដោះស្រាយ​ចេញ​ម្នាក់​ៗ​អស់​រាប់​លាន​រៀល​ ។

​ពួក​គាត់​ដឹង​ដែរ​ថា ​នេះ​ជា​ទ​ង្វើ​ខុសច្បាប់​ដែរ ​តែ​ឃើញ​គេ​រកបាន​ក៏​ចេះ​​តែ​រកស៊ី​តិច​ៗ​នឹង​គេ​ទៅ​ ព្រោះ​ជា​ស្រុកព្រៃឈើ ។ ​ទ​ង្វើ​នេះ​ វា​ហាក់ដូចជា​អយុត្តិធម៌​ណាស់ ​សម្រាប់​ពួក​គាត់​ ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ ។ ​ចុះ​ចំណែក​ខ្លួនឯង ​ដែល​មាន​ឋានៈ​ជា​អធិការ​​​នគរ​បាល​ស្រុក​សណ្តាន់​វិញ​នោះ ​បែរជា​ប្រពន្ធ​របស់​ខ្លួន​ដែល​អ្នកផង​ហៅ​ឈ្មោះ​ថា យាយ ផា​ន់​នី នោះ ​គឺជា​មេ​ឈ្មួញ​ដុះ​ស្លែ​ ហើយ​​ក៏​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ម្នាក់​ នៅ​ក្នុង​ទឹកដី​នៃ​ស្រុក​សណ្តាន់ ​ដោយ​ដាក់​ម៉ាស៊ីន​ត្រង់​ស៊ី​ន័រ​បួនដប់​គ្រឿង​​អារឈើ​នៅ
ក្នុង​​តំបន់​ព្រៃ​ឡង់ ដឹក​ចេញ​ទាំង​ហ្វូង​ម្តង​ៗ​​ជាង​១០​គោ​យន្ត​កន្ត្រៃ មិន​ដែល​ឃើញ​សមត្ថកិច្ច​មេព្រៃ​បង្ក្រាប​បានម្តងណា​នោះ​ឡើយ

មិនតែប៉ុណ្ណោះ កូនប្រុស​​បង្កើត​របស់​លោក​វរ​​សេនី​យ៍​​ទោ អ៊ួ​ង ម៉ូ​លី ឈ្មោះ​កៅ បូ​រី មានឋានៈ​ជា​នាយ​រង​នគរបាល​ប៉ុស្តិ៍មាន​រិ​ទ្ធ ក៏​ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ម្នាក់​ដ៏​សកម្ម​ដែរ ​នៅ​ស្រុក​សណ្តាន់ ហេតុ​អី​ក៏​លោក​មេព្រៃ អាជ្ញាធរ និង​ស្ថា​រ​ប័ន​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នោះ​ មិន​ចាប់​ផង​ទៅ​ ។ ​បែរ​ជា​ចាប់​បាន​តែរាស្ត្រ​ក្រីក្រ​តូចតាច​ទៅ​វិញ​ ។ ​វា​អយុត្តិធម៌​ណាស់ ។