នគរបាល​ខណ្ឌ​ដូនពេញ​​ឃាត់ខ្លួន​មនុស្ស​៤​នាក់​នៅ​តំបន់​មិន​រៀបរយ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ធ្វើការ​ឃាត់​និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​បន្ទប់​ផ្ទះ​ជួល​លេខ​៣៧ ក្នុង​តំបន់​មិន​រៀបរយ​តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង ដែល​ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​៤​នាក់​មាន ១-​ឈ្មោះ ឌុ​ច ទូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ ហួរ សាង​ហៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ សេក រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង ៤-​ឈ្មោះ ប៊ុ​ន ស្រី​ឡឹ​ង អាយុ​១៨​ឆ្នាំ ។ ប្រតិបត្តិការ​ឆ្មក់​ចុះ​ប​ង្ក្រា​ករណី​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង​នៅ​ចំណុច​ខាងលើ​នេះ​ដែរ​គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដោយ​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ក្រោយ​ពី​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​នេះ​ដែរ ក្រុម​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៤​នាក់  រួម​ទាំង​ថ្នាំ​ញៀន​ទាំង​៤​កញ្ចប់​តូច​ជា​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ចាត់ការ​ទៅ​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕