តាមពិត ភូមិគ្រឹះ ដែលមានតម្លៃ​ រាប់លានដុល្លារនេះ ជាកម្មសិទ្ធរបស់…

ហុងកុង៖ ថ្មីៗនេះ រូបភាពមួយចំនួន បង្ហាញពីទិដ្ឋភាពនៃគេហដ្ឋានដ៏ស្រស់ស្អាតមួយកន្លែង ស្ថិតនៅក្នុងទីក្រុងហុងកុង កំពុងតែល្បីរីកសុះសាយពេញបណ្តាញផ្សព្វផ្សាយសង្គម ដែលគេជឿជាក់ថា ជាកម្មសិទ្ធិរបស់ប្តីប្រពន្ធមួយគូ ដែលជាអ្នកជំនួញ និងមានឈ្មោះល្បីល្បាញក្នុងសង្គមផងដែរ។

នេះបើយោងតាមប្រភព បានឲ្យដឹងថា ភូមិគ្រឹះដ៏ស្រស់ស្អាតមួយកន្លែង ត្រូវបានគេទម្លាយឲ្យដឹងថា ជាកម្មសិទ្ធិរបស់កីឡាការិនីហែលទឹកមានឈ្មោះល្បីល្បាញ ទទួលបានមេដាយមាសអូឡាំពិកជាច្រើន គឺនាង Guo Jingjing រួមជាមួយនឹងស្វាមីគឺ លោក Kenneth Fok ដែលជាជំនួញមានមុខមាត់ម្នាក់ប្រចាំទីក្រុងហុងកុង។

ប្រភពបានឲ្យដឹងទៀតថា  ប្តីប្រពន្ធមួយគូនេះ ធ្វើអ្វីក៏ដោយ រួមទាំងការរស់នៅ គឺសុទ្ធសឹងមិនចង់ឲ្យអ្នកដទៃដឹងពីពួកគេឡើយ បើនិយាយឲ្យចំទៅនោះ ជាការរស់នៅលក្ខណៈឯកជនតែម្តង។

គេហដ្ឋានដ៏ស្តុកស្តម្ភ របស់ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេស្គាល់ថាជាប្រភេទផ្ទះវីឡា លក្ខណៈបែប “Stone Manor” ដែលទីតាំងស្ថិតនៅលើផ្លូវ Sassoon លើកោះនៃភាគខាងត្បូង ទីក្រុងហុងកុង។

ប្រភពបន្តថា ផ្ទះដ៏ប្រណីតនេះ ត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ១៩៣០ ដែលកាលពីមុននៃរយៈចុងក្រោយកន្លងមកនេះ បានគ្រប់គ្រងដោយលោក Loke Wan Tho ដែលគាត់គឺជាពាណិជ្ជករដ៏ធំជនជាតិសិង្ហបុរីមួយរូប

គួរឲ្យដឹងដែរថា ភូមិគ្រឹះខាងលើនេះដែរ គ្របដណ្តប់លើផ្ទៃដីប្រមាណជា ៣,០០០ម៉ែត្រការ៉េ ហើយត្រូវបានគេប៉ាន់ប្រមាណបានថា ចំណាយលុយក្នុងការសាងសង់អស់ប្រមាណជា ១,៤ពាន់លានដុល្លារហុងកុង (ប្រមាណ ១៨០,៤៦០,០៥៦ដុល្លារអាមេរិក) ។ ភូមិគ្រឹះនេះអាចទស្សនាទិដ្ឋភាពឆ្នេរខ្សាច់ ដ៏ស្រស់បំព្រង   និងទេសភាពដៃសមុទ្រនៅភាគខាងកើតសមុទ្រ Lamma និងកោះ Lantau បានថែមទៀតផង។

ជាមួយគ្នានេះដែរ ភូមិគ្រឹះនេះមានតោថ្មចំនួន២ ឈរយាមនៅមាត់ច្រកទ្វារចូល ដែលតំណាងមកនូវលាភ ឬទ្រព្យសម្បត្តិហូរចូលក្នុងផ្ទះ ហើយថែមទាំងមានដាំលម្អទៅដោយ រុក្ខជាតិវល្លិបៃតងនៅជុំវិញបរិវេណផ្លូវចូលផងដែរ។

គួរបញ្ជាក់ដែរថា នាង Jingjing គឺជាកីឡាការិនីឆ្នើម ឈ្នះមេដាយមាសអូឡាំពិកចំនួន៦ ក្នុងអាជីពជាអ្នកហែលទឹក ដែលលេចធ្លោជាងគេបំផុត ប្រចាំសាធារណៈរដ្ឋចិន ហើយក្រោយមករូបនាងក៏បាន រៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក Kenneth ដែលជាអ្នកជំនួញម្នាក់ ក្នុងខែវិច្ឆកា ឆ្នាំ២០១២ ហើយក្រោយមក ក្នុងឆ្នាំ២០១៣ ពួកគេទាំងពីរ ក៏ទទួលបានកូនប្រុស ជាទីស្រលាញម្នាក់ផងដែរ ៕

ប្រភព ៖
Lollipop

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា រូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញពីគ្រឿងសង្ហារឹមទំនើបៗ នៅខាងក្នុងវិមានគេហដ្ឋានដ៏ថ្មីស្រឡាងមួយ អមជាមួយនឹងការតុបតែងរៀបចំយ៉ាងស្រស់ប្រណិត ត្រូវបានអ្នកជិតខាងបង្ហើបឲ្យដឹងថា ជាភូមិគ្រឹះរបស់គូស្នេហ៍មួយគូ មានមុខមានមាត់ល្បីល្បាញក្នុងវិស័យសិល្បៈ គឺនាង Fan Bingbing និងលោក Li Chen ដែលទើបតែផ្លាស់មករស់នៅទីនេះ។

អ្នកជិតខាងបានបង្ហើបឲ្យដឹងទៀតថា គូស្នេហ៍មួយគូនេះ មានមិត្តភកិ្តធ្វើការខាងស្ទូឌីយោ មកជួយថតផ្ទះរបស់ពួកគេ ហើយក៏បានបង្ហោះចូលទៅក្នុងអ៊ិនធឺណែត ទើបបណ្ដាលឲ្យមានការបែកធ្លាយ បែបនេះតែម្តង។

ដោយឡែកបើតាមប្រភពសារព័ត៌មាន នៃគេហទំព័រ Gucheng បានរាយការណ៍ឲ្យដឹងថា លំដ្ឋានដ៏ល្អប្រណិត ភាគច្រើនដែលមានទីតាំង ស្ថិតនៅក្នុងតំបន់ Huangdao នៃទីក្រុង Qingdao ភាគខាងកើតខេត្ត Shandong ប្រទេសចិន (ដែលជាទីតាំងផ្ទះរបស់គូស្នេហ៍មួយគូនេះ) ភាគច្រើនមានតម្លៃជាង ១០លានយ័ន (ប្រហែលជា ១,៥លានដុល្លារអាមេរិក) ឯណោះ។

យ៉ាងណាមិញប្រភពបានឲ្យដឹងទៀតថា ចំណែកគូស្នេហ៍មួយគូនេះវិញ បានចំណាយលុយជាង ៥លានយ័ន (ប្រហែលជា ៧៥៩,៤១៦ដុល្លារអាមេរិក) សម្រាប់គេហដ្ឋានដ៏ស្រស់ស្អាតមួយនេះ ដែលនាង Fan Bingbing បានចំណាយអស់ ៤លានយ័ន (ប្រហែលជា ៦០៧,៥៣៣ដុល្លារអាមេរិក) ខណៈដែលលោក Li Chen បានចូលហ៊ុនចំណាយត្រឹមតែ ១លានយ័ន (ប្រហែលជា ១៥១,៨៨៣ដុល្លារអាមេរិក) តែប៉ុណ្ណោះ ដែលអាចមើលឃើញទេសភាពទឹកសមុទ្រ និងផ្នែកខាងក្រោយនៃផ្ទះអាចមើលឃើញទេសភាពព្រៃភ្នំ ដ៏ស្រស់បំព្រងថែមទៀតផង។

គួរបញ្ជាក់ដែលថា ទំនាក់ទំនងរវាងកំពូលតារាសម្តែងស្រី នាង Fan Bingbing ដែលមានមុខមាត់ និងតួនាទីច្រើនក្នុងវិស័យសិល្បៈ រួមជាមួយនឹងលោក Li Chen ដែលជាកំពូលតារាសម្តែងរបស់ប្រទេសចិន ពួកគេទាំងពីរនាក់នេះ កន្លងមកធ្លាប់មានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើន លើកច្រើនសារផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload