ចិន​ប្រកាស​អាសន្ន​ពី​គ្រោះ​មហន្តរាយ​ដោយសារ​ព្យុះ NEPARTAK

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​នា​ថ្ងៃ​ទី​៧ កក្កដា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពី​គ្រោះ​មហន្តរាយ​ដោយសារ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ដំបូង​ប្រចាំឆ្នាំ​ឈ្មោះ NEPARTAK ដែល​ពេល​នេះ​ជិត​បោកបក់​ដល់​ចិនដីគោក​ហើយ ។

អាជ្ញាធរ​ឧតុនិយម​និយាយ​ថា ព្យុះ NEPARTAK កំពុង​បោកបក់​ឆ្ពោះ​មក​ឆ្នេរសមុទ្រ​ខាងកើត​របស់​ចិន ហើយនឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់ពី​យប់​ថ្ងៃ​ទី​៧ កក្កដា ទៅ។ គណៈកម្មការ​ធិ​ការ​ជាតិ​តស៊ូ​ប្រឆាំង​គ្រោះ​មហន្តរាយ និង​ក្រសួង​កិច្ចការ​ស៊ី​វិល​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កាលពី​រសៀល​ថ្ងៃ​ទី​៧ កក្កដា ដោយ​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចាត់វិធានការ​នានា​ត្រៀម​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ ហើយ​ស្នើ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​នូវ​ការ​ខូចខាត ។

គណៈកម្មាធិការ​នោះ​ស្នើ​ដល់​ក្រុង​សៀង​ហៃ ខេត្ត JIANGSU ZHEJIANG ANHUI FUJIAN និង JIANGXI ឱ្យ​តាមដាន​យ៉ាង​ប្រកិត​ការ​វិវត្តន៍​នៃ​ព្យុះ​នោះ​២៤​ម៉ោង​លើ​២៤​ម៉ោង។ គណៈកម្មាធិការ​ក៏​ស្នើ​ដល់​ខេត្ត​-​ក្រុង​ទាំងនេះ​ឱ្យ​ជម្លៀស​ប្រជាជន​ចេញ ហើយ​ប្រមូល​បណ្តា​នាវា​ឱ្យ​វិល​ចូល​កំពង់​ផែ រួច​ណែនាំ​ដល់​ប្រជាជន​ឱ្យ​ទិញ​ផលិតផល​ចាំបាច់​នានា​បម្រុង​ទុក​សម្រាប់​រយៈពេល​ពី​១​ថ្ងៃ​ទៅ​៣​ថ្ងៃ ។

ភ្លៀង​ធ្លាក់​ដុំ​ព្រិល និង​ភ្លៀង​ខ្លាំង​សម្លាប់​មនុស្ស​១៦០​នាក់ ក្នុង​ខេត្ត​១១ ពិសេស​ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេ​យ៉ង់​សេ និង​ដៃទន្លេ​ទាំងឡាយ រួច​មនុស្ស​២៨​នាក់​បាត់​ខ្លួន ៕