នារី​ម្នាក់​នឹង​ឡើង​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ពី​លោក​កា​មី​រ៉ូ​ន

នារី​ម្នាក់​នឹង​ឡើង​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បន្ត​ពី​លោក​ដា​វី​ដ កា​មី​រ៉ូ​ន ។ នារី​រូប​នោះ​នឹង​ក្លាយជា​នារី​ទី​២ ដឹកនាំ​រដ្ឋាភិបាល​អង់គ្លេស​បន្ទាប់​ពី​លោកស្រី​ម៉ា​ហ្គា​រេ​ត ថា​ត់​ឈ័​រ ។

កាលពី​ថ្ងៃ​ទី​៧ កក្កដា បណ្តា​សមាជិក​សភា​គណបក្ស​អភិរក្សនិយម​រក្សា​ទុក​បេ​ក្ខ​នារី​២​រូប​សម្រាប់​ប្រកួត​យក​តំណែង​នេះ​គឺ​រដ្ឋមន្ត្រី​មហាផ្ទៃ​លោកស្រី THERESA MAY និង​អនុរដ្ឋមន្ត្រី​ថាមពល​លោកស្រី ANDREA LEADSOM ។ មេខ្លោង​ឃោសនា​គាំទ្រ​ឱ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ទាំង​២​រូប ពុំ​មាន​នរណា​ម្នាក់​នៅ​ប្រជែង​យក​តំណែង​បន្ត​ពី​លោក​កា​មី​រ៉ូ​ន​ឡើយ ដោយ​អតីត​អភិបាលក្រុង​ឡុ​ង​ដ៍ លោក BORIS JOHNSON មិន​ព្រម​ឈរឈ្មោះ ហើយ​លោក MICHEAL GOVE រដ្ឋមន្ត្រី​យុត្តិធម៌​ទទួល​សំឡេង​គាំទ្រ​បាន​តែ​៤៦​សំឡេង​ប៉ុណ្ណោះ ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​២ ដែល​ជា​ជុំ​ចុង​ក្រោយ ។  ផ្ទុយ​ទៅ​វិញ សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម​១៩៩​រូប ក្នុង​ចំណោម​៣២៩​រូប នា​ថ្ងៃ​ទី​៧ កក្កដា បាន​បោះ​ឆ្នោត​គាំទ្រ​រដ្ឋមន្ត្រី​មហាផ្ទៃ​លោកស្រី THERESA MAY ដែល​មាន​សំឡេង​នាំមុខ​លោកស្រី ANDREA LEADSON ដែល​ទទួល​បានការ​គាំទ្រ​៨៤​សំឡេង ។

ពិតមែន​ជា​អ្នកគាំទ្រ​អង់គ្លេស​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប លោកស្រី MAY តាម​មើលទៅ​ជា​បេ​ក្ខ​នារី​ដែល​គេ​ហៅ​ថា កុង​សង់​ស៊ុ​ល​សម្រាប់​ការ​បង្រួបបង្រួម​គ្នា​ឡើង​វិញ ។ ចំណែក​លោកស្រី ANDREA LEADSON វិញ ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​ចំណោម​មនុស្ស​សំខាន់​គាំទ្រ BREXIT ។

ការ​សម្រេច​ចុង​ក្រោយ​នឹង​ត្រូវ​ដឹង​នា​រដូវក្តៅ​នេះ តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​មនុស្ស​សំខាន់​១៥០.០០០​រូប នៃ​គណបក្ស​អភិរក្សនិយម ។ អ្នក​ជាប់​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​៩ កញ្ញា ដោយ​ជា​អ្នក​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ក្នុង​ការ​ចរចា​ពី​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​តែ​ក្រឡុក​ដោយសារ BREXIT ៕