ណា​តូ នឹង​នៅតែ​រឹងមាំ​ប្រឈមមុខ​នឹង​រុស្សី បើទោះជា​អង់គ្លេស​មាន​បញ្ហា​ក្ដី​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-08-2016, 3:14 pm         770

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ណា​តូ នឹង​នៅតែ​រឹងមាំ​ប្រឈមមុខ​នឹង​រុស្សី បើទោះជា​អង់គ្លេស​មាន​បញ្ហា​ក្ដី​​មេដឹកនាំ​សម្ព័ន្ធ​យោធា​ណា​តូ នឹង​មក​ប្រជុំគ្នា​នៅ​ទីក្រុង​វ៉ា​សូវី ទឹកដី​ប៉ូឡូញ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ នៅ​ចំ​ពេលដែល​ការប្រឈមមុខ​ជាមួយ​រុស្សី នៅតែ​តឹងតែង​ដដែល​។ គេ​រំពឹងថា មេដឹកនាំ​ណា​តូ នឹង​បង្ហាញ​ជំហរ​រឹងមាំ​របស់ខ្លួន បើទោះបីជា មាន​បញ្ហា​ផ្ទៃក្នុង ដោយសារ​ការចាកចេញ​ពី​អឺរ៉ុប ពី​សំណាក់​ចក្រភព​អង់គ្លេស​ក៏ដោយ​។​

​កិច្ចប្រជុំ​កំពូល​ណា​តូ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៨ ខែកក្កដា នៅ​ប៉ូឡូញ ដែលមាន​ព្រំដែន​ជាប់​រុស្សី ហើយ​មេដឹកនាំ​ណា​តូ នឹង​ឆ្លៀត​យក​ពេលនេះ ដើម្បី​បញ្ជាក់​ពី​កម្លាំង​របស់ខ្លួន ប្រឆាំងនឹង​សកម្មភាព​របស់​រុស្សី​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​ម​រ៉ូ​ន និង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ជា​ចុងក្រោយ​ផងដែរ ខណៈ​លោក អូ​បា​ម៉ា នឹង​ចប់​អាណត្តិ​ប្រធានាធិបតី នៅ​ចុង​ឆ្នាំនេះ​។​

​ប្រធានាធិបតី​អាមេរិក នឹង​ស្នើ​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់ខ្លួន មាន​ជំហរ​ដាច់ខាត​ចំពោះ​រុស្សី ដែល​បាន​លេប​យក​តំបន់​គ្រី​មេ ក្នុង​ឆ្នាំ​២០១៤ ក៏ដូចជា​ការគាំទ្រ​ពួក​ឧទ្ទាម​និយាយ​ភាសា​រុស្សី នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផងដែរ​។ ជាមួយនឹង​ការ​គំរាម​ពី​សំណាក់​រុស្សី មេដឹកនាំ​ណា​តូ នឹង​សម្រេច​លើ​ផែនការ​បញ្ជូន​ទ័ព ទៅកាន់​តំបន់​បាល់​ទិ​ក និង​ភាគ​ខាងកើត​ប៉ូឡូញ ដើម្បី​ទប់ទល់​រុស្សី​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda នៅ​ថ្ងៃទី​៧ ខែកក្កដា អគ្គលេខាធិការ​សម្ព័ន្ធ​ណា​តូ លោក Jens Stoltenberg បញ្ជាក់ថា​៖«​ពេលនេះ​ជា កាលៈទេសៈ​សំខាន់បំផុត សម្រាប់​សន្តិសុខ​របស់​អឺរ៉ុប​» មុននឹង​បន្ថែមទៀតថា​៖«​សម្ព័ន្ធ​ណា​តូ ឆ្លើយតប​នឹង​បញ្ហា បាន​លឿន និង​ការប្ដេជ្ញាចិត្ត​ខ្ពស់​»​។

​កន្លងទៅ ប្រទេស​ចំនួន​បួន មាន​អេ​ស្តូ​នី ឡា​ត់​វី លី​ទុយ​អា​នី និង​ប៉ូឡូញ បានស្នើ​ឲ្យ​ណា​តូ ពង្រាយ​ទ័ព​ជា​អចិន្ត្រៃយ៍ ក្នុងប្រទេស​នីមួយៗ ដើ​ម្ប​ងាយស្រួល​ទប់ទល់​រុស្សី​។ បន្ទាប់ពី​មាន​សំណើ​ដូចនេះ ណា​តូ ក៏​រៀប​ផែនការ​បញ្ជូន​ទ័ព​បួន​វរ​សេនា​តូច ដែលមាន​ទាហាន​ចន្លោះ​បី​ពាន់​នាក់ ទៅ​បួន​ពាន់​នាក់ ទៅកាន់​ប្រទេស​ទាំង​បួន​ខាងលើ​។ កាណាដា អាមេរិក អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស នឹង​ដឹកនាំ​អង្គភាព​ទ័ព​នីមួយៗ ដែល​នឹងត្រូវ​ពង្រាយ​នៅ​ជិត​ព្រំដែន​រុស្សី​។ 

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ក្រៅពី​បញ្ហា​ជាមួយ​រុស្សី របៀបវារៈ​សំខាន់​មួយទៀត គឺ​ការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យ​យោធា និង​សន្តិសុខ រវាង​ណា​តូ និង​សហភាព​អឺរ៉ុប​។ សម្ព័ន្ធ​យោធា​ណា​តូ រំពឹងថា នឹង​ប្រកាស​ការគាំទ្រ​របស់ខ្លួន ចំពោះ​ប្រតិបត្តិ​នៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ ក្នុងការ​ទប់ស្កាត់​លំហូ​រ​ជនភៀសខ្លួន​៕