ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​១​គីឡូក្រាម

ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​១​គីឡូក្រាម



ស្ទឹងត្រែង ​៖ ​ជន​សង្ស័យ​ម្នាក់​ជា​ព្រះ​ចៅអធិការ​វត្ត ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់​ផ្សឹក ដោយ​​មាន​ការចូលរួម​ពី​មេគុណ​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម។

ជន​សង្ស័យ​ជា​ព្រះចៅ​អធិការ​វត្ត​ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿងញៀន​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​កុដិ​ ក្នុង​វត្ត​ខត្តិយារ៉ាម (​ហៅ​វត្ត​កណ្ដាល​)​ ភូមិ​កណ្ដាល -​សង្កាត់​-​ក្រុង​-​ខេត្ត​ស្ទឹងត្រែង។

លោក​វរសេនីយ៍ត្រី​ចែម ផានិត ​នាយការិយាល័យ​ស្ដីទី​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ជា​ព្រះ​ចៅអធិការ​វត្ត​ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​មាន​ឈ្មោះ​ម៉ៃ សំអឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ជា​ព្រះចៅ​អធិការ​វត្ត​ខតិយារ៉ាម (​ហៅ​វត្ត​កណ្ដាល​) ស្ថិត​ក្នុង​ភូមិ​កណ្ដាល ​សង្កាត់​ក្រុង ​ខេត្ត​ស្ទឹងត្រែង។

លោក​វរសេនីយ៍ត្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ការ​ឃាត់​ខ្លួន​ព្រះ​ចៅអធិការ​វត្ត​ខាង​លើ​នេះ​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ តាមដាន​ស្រាវជ្រាវ​អស់​រយៈពេល​មួយ​ខែ​មកហើយ ដោយ​ពួកគេ​មានការ​ទំនាក់ទំនង​គ្នា នៅ​តាម​ផ្ទះសំណាក់​ច្រើន​លើក​ច្រើនសា​​រួច​មក​ហើយ។ ក្រោយ​ពី​​មាន​សកម្មភាព សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​កុដិ​ ព្រះ​ចៅអធិការ​វត្ត ដោយ​បាន​រក​ឃើញ​គ្រឿងញៀន​មួយ​ថង់ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ព្រះចៅ​អធិការ​វត្ត​ខាងលើ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​ដើម្បី​សាកសួរ។

ជនសង្ស័យ​មិនបាន​ឆ្លើយ​សារភាព​ថា​ ជា​របស់​ខ្លួន​ទេ ថា​មាន​ស្រី​ម្នាក់​ ប្រុស​ម្នាក់​ជា​ជនជាតិ​ឡាវ​បាន​យក​មក​ដាក់​ក្នុង​កុដិ​អាត្មា​ ហើយ​ពេលនោះ​ក៏មាន​សមត្ថកិច្ច​ចូល​មក​ចាប់​តែម្តង។ តែ​ទោះជា​ជនសង្ស័យ​មិនបាន​ឆ្លើយ​សារភាព​យ៉ាងណា សមត្ថកិច្ច​នៅតែ​បន្ត​នីតិវិធី ព្រោះ​វា​ជា​បទល្មើស​ជាក់ស្តែង។

គ្រឿងញៀន​ត្រូវ​បាន​ធ្វើតេស្ត​ចំពោះ​មុខ​ជនសង្ស័យ​ និង​មានការ​ចូលរួម​ពី​លោក​ជា ពេ​ជ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត រក​ឃើញ​ថា​ជា​គ្រឿងញៀន ប្រភេទ​មេតំហ្វេតាមីន​(ICE) ពិត​ជា​មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន ដែល​មាន​ទម្ងន់​៩៣៦,៧​ក្រាម ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វេច​ខ្ចប់។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ព្រះចៅ​អធិការ​វត្ត រួម​នឹង​វត្ថុតាង​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម ត្រូវ​បាន​សមត្ថកិច្ច ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕
ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​១​គីឡូក្រាម

ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​១​គីឡូក្រាម

ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​១​គីឡូក្រាម