ដោត​សាក​ថ្ម​ទូរស័ព្ទ​ឆ្លង​ចរន្ត ឆក់​ស្លាប់​ភ្លាម​ៗមួយ​រំពេច

ដោត​សាក​ថ្ម​ទូរស័ព្ទ​ឆ្លង​ចរន្ត ឆក់​ស្លាប់​ភ្លាម​ៗមួយ​រំពេច



បាត់ដំបង ​៖​ នារី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​ដួល​ស្លាប់​ភ្លាមៗ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន បន្ទាប់ពី​នារី​រងគ្រោះ​ទាញ​យក​ដុំ​រ៉ូឡូ និង​ឆ្នាំង​សាក​ទូរស័ព្ទ​ទៅ​ដោត​នឹង​ដុំ​ព្រី​ក្នុង​ផ្ទះ ហើយ​ត្រូវ​បាន​ខ្សែ​ចរន្ត​ឆ្លង​ឆក់​តែម្ដង។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី០​៨ ខែ​កក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ ជនរងគ្រោះ​មាន​​ឈ្មោះ រឹម ស្រី​នឿន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ​​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​ទាំង​ព្រឹក។

បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួសារ និង​សាច់ញាតិ បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​គឺ​គេ​បាន​ឃើញ​នារី​រងគ្រោះ ដើរ​ក្នុង​ផ្ទះ​ ដោយ​នៅ​ដៃ​មាន​កាន់​ដុំ​ឆ្នាំង​សាក និង​រ៉ូឡូ​មួយ​ផង ដែល​ទំនងជា​រក​កន្លែង​សាក​ទូរស័ព្ទ ដោយ​មួយសន្ទុះ​តែប៉ុណ្ណោះ ក៏​ស្រាប់តែ​បាន​ឮ​សំឡេង​ស្រែក​តែ​បន្តិច​ ក៏​ស្ងាត់​តែម្ដង ដែល​ធ្វើឲ្យ​ពួកគាត់​មានការ​ងឿងឆ្ងល់ ​ក៏​ចូល​ទៅ​មើល គឺ​ឃើញ​នាង​ដួល​ដេក​បាត់​ទៅ​ហើយ​ដោយ​ស្ថិត​ក្នុង​សភាព​ស្លេកស្លាំង​ទៀតផង។

ក្រុម​គ្រួសារ​បាន​បន្ត​ថា ភ្លាមៗ​នោះ​ដែរ​ គឺ​ដឹង​ច្បាស់​ថា​នាង​ប្រាកដជា​ឆក់​នឹង​ចរន្ត​ខ្សែភ្លើង​ហើយ ទើបបាន​នាំគ្នា​សែង​នាង​យក​ទៅ​កប់​ដីខ្សាច់​ដើម្បី​សង្គ្រោះ​ក្រែងលោ​នាង​បាន​រស់​ឡើងវិញ ប៉ុន្តែ​អ្វី​ៗគឺ​ជ្រុល​អស់​ទៅ​ហើយ ព្រោះ​នាង​បាន​ដាច់ខ្យល់​ស្លាប់​យូរ​ណាស់​ហើយ។

លោក រើ​យ ចំរើន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បាណន់​បាន​គូស​បញ្ជាក់​ថា​ ក្រោយ​ពី​បាន​សិក្សា និង​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​រួចមក គឺ​អាច​សន្និដ្ឋាន​បាន​ថា​ ការ​ឆក់​ចរន្ត​នេះ​ទំនង​ជា ដៃ​ជើង​របស់​នារី​រងគ្រោះ​មាន​ជាតិ​សើម ហើយ​បាន​កាន់​ព្រី​រ៉ូឡូ​ទៅ​ដោត​នឹង​ព្រី​មួយទៀត ធ្វើ​ឲ្យ​ប៉ះ​ហើយ​ឆក់​ស្លាប់​តែម្ដង ដោយ​បច្ចុប្បន្ន​សព​នារី​រងគ្រោះ​ត្រូវ​បាន​កម្លាំង​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

ដោត​សាក​ថ្ម​ទូរស័ព្ទ​ឆ្លង​ចរន្ត ឆក់​ស្លាប់​ភ្លាម​ៗមួយ​រំពេច