ហត្ថា​កសិករ លីមីត​ធី​ត ទទួល​វិញ្ញាបនបត្រ​គោលការណ៍​ការពារ​អតិថិជន​ពី​ Smart Campaign

ហត្ថា​កសិករ លីមីត​ធី​ត ទទួល​វិញ្ញាបនបត្រ​គោលការណ៍​ការពារ​អតិថិជន​ពី​ Smart Campaign



ភ្នំពេញ ៖ នៅ​ដើមខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ ហត្ថា​កសិករ លីមីត​ធី​ត ទទួល​បាន​វិញ្ញាបនបត្រ​“ គោល​ការណ៍ ការពារ​អតិថិជន ​”ជា​ផ្លូវការ​ពី Smart Campaign បន្ទាប់ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នេះ បាន​បំពេញ​គ្រប់​គោលការណ៍​ទាំង​ប្រាំពីរ ក្នុង​លក្ខខណ្ឌ​ស្តង់ដារ ​នៃ​ការ​ថែរក្សា​អតិថិជន។ គម្រោង​នេះ​ទទួល​បាន​ការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ក្រោម​ការអនុវត្ត​គម្រោង​ដោយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA)។

គោលការណ៍​ការពារ​អតិថិជន ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ថែរក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​លើកស្ទួយ​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ​ និង​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ ព្រមទាំង​ការពារ​អតិថិជន​ឲ្យ​ជៀស​ផុត​ពី​បំណុល​វ័ណ្ឌក​។

លោកស្រី Isabelle Barrès នាយក​ នៃ​Smart Campaign បាន​សម្ដែង​ការ​អបអរសាទរ​យ៉ាង​ស្មោះ អស់ពី​ចិត្ត​ចំពោះ​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ទាំង​អស់ ដែល​បាន​លះបង់​អស់ពី​កម្លាំង​កាយ​ចិត្ត ក្នុង​ការ​បំពេញ​ទៅតាម​សូចនាករ ​ដែល​គម្រោង​នេះ​បាន​កំណត់​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​ចំពោះ​អតិថិជន​របស់​ខ្លួន។

សកម្មភាព​ទាំងអស់​នេះ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​អតិថិជន ដែល​ជា​កត្តា​ជោគជ័យ​ដ៏​សំខាន់​មួយ​ចំពោះ​ហត្ថា​កសិករ និង​ជា​គំរូ​ល្អ ​នៃ​ការ​អភិវឌ្ឍ​ថ្មី​មួយទៀត​សម្រាប់​ស្ថាប័ន​ហិរញ្ញវត្ថុ។

វិញ្ញាបនបត្រ ”​គោលការណ៍​ការពារ​អតិថិជន​” របស់ Smart Campaign​នេះ ទទួលស្គាល់​ជា សកល និង​ផ្តល់​ជូន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​បាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទៅដល់​ប្រជាពលរដ្ឋ​ ដោយ​ប្រកាន់ខ្ជាប់​នូវ​សូចនាករ​ចំនួន​ជាង​៩០​ នៃ​គោលការណ៍​ការពារ​អតិថិជន​ទាំង​ប្រាំពីរ​រួមមាន​ ៖ ការ​បង្កើត​ផលិតផល និង​ផ្ដល់​សេវាកម្ម​សមស្រប ការពារ​បំណុល​វ័ណ្ឌក តម្លាភាព ទំនួល​ខុសត្រូវ​លើ​តម្លៃ ភាពស្មើគ្នា និង​ការ​គោរព​ចំពោះ​អតិថិជន ឯកជន​ភាព​ នៃ​ព័ត៌មាន​អតិថិជន និង​យន្តការ​ដោះ​ស្រាយ​ការ​រអ៊ូរទាំ។

ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត លោក​ឧកញ៉ា ហួត អៀង​តុង បាន​ថ្លែង​ថា ”​ការ​ការពារ​អតិថិជន ជា​កត្តា​ចម្បង​ដែល​យើង​តែងតែ​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់ ប៉ុន្តែ​ការ​សម្រេច​គោលដៅ​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​មានន័យ​យ៉ាង​ច្បាស់​ថា ការ​ការពារ​អតិថិជន​របស់​គ្រឹះស្ថាន​យើង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល។
យន្តការ​ទាំងនេះ ហត្ថា​កសិករ​ បាន​បន្ត​អនុវត្ត​រៀងរាល់​ថ្ងៃ​ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ផ្នែក​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​”។

លោក​បាន​បន្ថែម​ទៀត​ថា ខ្ញុំ សូម​កោតសរសើរ​ឥតឧបមា​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​សហការ​គ្នា​ជា​ធ្លុង​មួយ​របស់​បុគ្គលិក​ហត្ថា​កសិករ លីមីត​ធី​ត ទាំងអស់ ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ដែល​ឈាន​ទៅ​សម្រេច​បាន​នូវ​វិញ្ញាបនបត្រ ដែល​ផ្តល់​កិត្យានុភាព​ដល់​ស្ថាប័ន។

ភាព​ជោគជ័យ​នេះ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែម​ទៀត​របស់​ហត្ថា​កសិករ ក្នុង​ការ​បង្ហាញ​ឲ្យ​អតិថិជន សាធារណជន និង​ម្ចាស់​ទុននិក​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ចំពោះ​ស្ថាប័ន ក្នុង​ការ​ថែរក្សា​អតិថិជន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់។
វិញ្ញាបនបត្រ​នេះ ទើបតែ​បាន​ផ្តល់​ជូន​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាំមួយ​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ហត្ថា​កសិករ លីមីត​ធី​ត​ ផង​ដែរ ស្រប​ពេល​ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​កំពុងតែ​ព្យាយាម​ខំ​ប្រឹងប្រែង​បំពេញ​តាម​លក្ខខណ្ឌ​ដែល​គម្រោង​នេះ​តម្រូវ។​

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ ហត្ថា​កសិករ មាន​ការិយាល័យ​ប្រតិបត្តិ​ចំនួន​១៥៣ ការិយាល័យ​នៅ​ទូទាំង​ប្រទេស និង​មាន​ម៉ាស៊ីន​អេធីអឹម ១២៣ កន្លែង​គ្រប់​ខេត្ត​ក្រុង។

សមតុល្យ​ឥណទាន​ជាង​៣៩៤​លាន​ដុល្លារ​អាមេរិក ដែល​មាន​អតិថិជន​ប្រាក់កម្ចី​ចំនួន​ជាង​១១​ម៉ឺន​នាក់ និង​មាន​សមតុល្យ​ប្រាក់​បញ្ញើ សន្សំ​ជាង​២៩៦​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​កំពុង​ដាក់​ប្រាក់​បញ្ញើ​ជាង​២២​ម៉ឺន​នាក់ ជាមួយគ្នា​ហត្ថា​កសិករ មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥១៧​លាន​ដុល្លារ​អាមេរិក៕​