មា​ជ សុខ​រ៉ា ជួប​ថៃ ឯក​ន ច​ន្ថា ជួប​ឡាវ​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ស​ប្ដា​ហ៍​ទី​3

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដ​ណ្ដើ​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ​។

សមាសភាព​គូប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​គឺ​មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Butsadee Or Saeng thien Noy និង​កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ PetP. T.T ThorngTwi​។​កាល​ស​ប្ដា​ហ៍​ទី​១ មា​ជ សុខ​រ៉ា និង​កន ច​ន្ថា រកបាន​៣​ពិន្ទុ​ម្នាក់​រួច​ទៅ​ហើយ ប៉ុន្តែ​លើក​នេះ មិនដឹង​ថា​ពួក​គេ​មានសំណាង​ដូច​មុន​ឬ​អត់ ។ តាម​ពិត ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១​កន្លង​មក  កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​កន ច​ន្ថា រួច​ម្ដង​មក​ហើយ ដូច្នេះ​លើក​នេះ គេ​ពិបាក​សង្ឃឹម​ខ្លាំង​ណាស់​ក្នុង​ការ​យកឈ្នះ​កីឡាករ​មា​ជ សុខ​រ៉ា ។ កីឡាករ​ថៃ​មាន​កម្ពស់​១,៧៤​ម៉ែត្រ ប្រកួត​បាន​៨៨​ដង ឈ្នះ​៧០​ដង ចាញ់​១៦​ដង ស្មើ​២​ដង ។ ចំណែក មា​ជ សុខ​រ៉ា មាន​កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​បាន​៣១​ដង ឈ្នះ​២៥​ដង ចាញ់​៥​ដង ស្មើ​១​ដង ។ បើ​យោង​តាម​ប្រវត្តិ មា​ជ សុខ​រ៉ា មាន​តួលេខ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​រូប​នេះ​ឆ្ងាយ​ណាស់​ប៉ុន្តែ​ស្នៀត​ប្រយុទ្ធ​របស់​គេ​ពិតជា​ល្អ​ជាង ។

ចំណែក កន ច​ន្ថា ដែល​មាន​កម្ពស់១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​១០៩​ដង ឈ្នះ​៨៤​ដង ចាញ់​២៥​ដង ក៏​មិន​បារម្ភ​ពេល​ជួប​កីឡាករ​ឡាវ​ដែល​មាន​កម្ពស់​១,៧៦​ម៉ែត្រ​ប៉ុន្តែ​ធ្លាប់​ប្រកួត​បាន​តែ​៧៩​ដង ឈ្នះ​៦០​ដង ចាញ់​១៩​ដង ។ ដូច្នេះ កីឡាករ​ឡាវ​បើ​ចង់​ឈ្នះ​កីឡាករ​កម្ពុជា​រូប​នេះ​ប្រហែលជា​មិន​ងាយ​ឡើយ ព្រោះ​នរណា​ក៏​ដឹង​ថា កន ច​ន្ថា គឺជា​អ្នក​ប្រដាល់​​ជើង​ចាស់​មួយ​រូប​ដែល​មាន​ស្នៀតគុន​ល្អ ទាំង​ផ្លែ​កែង និង​ជង្គង់ គឺ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ កម្ពុជា និង​កម្ពុជា​វិញ​នោះ​មាន កីឡាករ ខុន បូ​ឡា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨ ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សុខ វាសនា
មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ កីឡាករ ជ័យ ប៊ុ​ន​សុង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។

ដោយឡែក​សមាសភាព​គូប្រកួត​ថ្ងៃអាទិត្យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដដែល កីឡាករ​កង វុ​ទ្ធី មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ លាង ម៉ា​ប់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​។

កីឡាករ អាន ទាវ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​សិទ្ធ ច​ន្ទ្រា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ​។ កីឡាករ លី​ន វិបុល មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ យ៉​ន ពិសី មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ជ័យ វ​ណ្ណោះ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ ភិន សុទី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨ ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ឆោម ប៊ុ​ន​ឡុ​ង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ​កីឡាករ ឡុ​ង កញ្ញា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ផា​ន់ វាសនា មក​ពី​ក្លិប​គជសារ​កីឡា ៕