វីដេអូ​អប់រំ​ថ្មី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​បាន​ផលិត​ដោយ​ប្រើ​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​តូច

ថ្មីៗនេះ អង្គការនារីដើម្បីសន្តិភាព ជាអង្គការមិនមែនរដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិស្ត្រី បានធ្វើសន្និសីទព័ត៌មានមួយស្តីពី ការចាក់បញ្ចាំងខ្សែវីដេអូអប់រំទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ នៅសមាគមសិល្បៈសុវណ្ណភូមិ ដោយមានភ្ញៀវកិត្តិយសមកពីបណ្ដាអង្គការក្រៅរដ្ឋាភិបាល សិល្បករ ប្រជាជនក្នុងសហគមន៍ និងអ្នកសារព័ត៌មានចូលរួមយ៉ាងច្រើន។

លោកស្រី ជា មួយគ្រី នាយិកាអង្គការនារីដើម្បីសន្តិភាព ថ្លែងនៅក្នុងកម្មវិធីនេះថា៖ “អង្គការនារីដើម្បីសន្តិភាព ផលិតវីដេអូនេះឡើងសម្រាប់ផ្សព្វផ្សាយដល់ក្រុមគោលដៅ និងប្រជាពលរដ្ឋទូទៅ គឺដើម្បីដាស់សតិអារម្មណ៍កូនខ្មែរយើង ជាពិសេសប្រជាពលរដ្ឋខ្មែរដែលមិនសូវបានរៀនសូត្រខាងកិច្ចការសន្តិភាព ឱ្យបានគិតពិចារណាពីផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ ដែលមិនមែនគ្រាន់តែបំផ្លាញគ្រួសារតូចមួយប៉ុណ្ណោះទេ ហើយថែមទាំងបំផ្លាញអនាគតរបស់សង្គមខ្មែរទាំងមូលទៀតផង”។

យុទ្ធនាការផ្សព្វផ្សាយអំពីអំពើហិង្សានៅក្នុងគ្រួសារ នឹងប្រើប្រាស់វីដេអូអប់រំ ២ គឺ «ស្រវឹង» និង «ល្បែងស៊ីសង» ដើម្បីអប់រំដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងតំបន់គោលដៅតាមស្ថានភាពផ្សេងៗគ្នា។ វីដេអូផ្សព្វផ្សាយទាំងពីរ បានប្រើប្រាស់សិល្បៈល្ខោនស្រមោលស្បែកតូចរបស់ខ្មែរ ដើម្បីសម្តែងរឿងអប់រំ មុននឹងផលិតជាខ្សែវីដេអូ។

វីដេអូ​អប់រំ​ថ្មី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​បាន​ផលិត​ដោយ​ប្រើ​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​តូច

ទាក់ទងនឹងគោលបំណងនៃការផលិតវីដេអូដោយប្រើប្រាស់ល្ខោនស្រមោលស្បែកតូចនេះ លោកស្រី ជា មួយគ្រី បានលើកឡើងថា៖ «យើងផលិតវីដេអូនេះឡើងគឺដើម្បីបង្ហាញពីតម្លៃនៃវប្បធម៌ជាតិខ្មែរបុរាណ។ តាមរយៈវីដេអូល្ខោនស្រមោលស្បែកតូច គឺមានភាពប្លែកពីក្រុមដទៃ ព្រមទាំងធ្វើឱ្យសហគមន៍ឆាប់ចងចាំខ្លឹមសារមេរៀនទាំងនោះក្នុងចិត្តរបស់ពួកគេ។ ពិសេសគឺដើម្បីឱ្យស្ត្រី កុមារ និងបុរសជាស្វាមីនៅតាមមូលដ្ឋាន កាន់តែយល់ច្បាស់ថែមទៀតអំពីសញ្ញានៃអំពើហិង្សាក្នុងគ្រួសារ និងបង្ហាញគេអំពីរបៀបផ្សេងៗដើម្បីឱ្យជៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងបង្កើនការថែរក្សា ការពារក្រុមគ្រួសារ និងញាតិមិត្តឱ្យមានលក្ខណ:ប្រសើរជាងមុន”។

វីដេអូមួយក្រោមចំណងជើងថា «ស្រវឹង» រយៈពេល ២ នាទី ដែលបានចាក់បញ្ចាំងនៅក្នុងសន្និសីទព័ត៌មាន បង្ហាញពីអំពើហិង្សាក្នុងគ្រួសារមួយដែលមានប្ដីប្រមឹកផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កឱ្យមានជម្លោះក្នុងគ្រួសាររហូតឈានទៅដល់ការវាយធ្វើបាបប្រពន្ធកូន។ វីដេអូខ្លីនេះ ក៏បង្ហាញដំណោះស្រាយបញ្ហា ២ ដែរគឺ បន្តការវាយដំ និងបញ្ឈប់ការវាយដំ ដែលដំណោះស្រាយនីមួយៗទទួលបានលទ្ធផល ២ ផ្សេងគ្នា ពោលគឺធ្វើឱ្យប្រជាពលរដ្ឋកាន់តែចេះត្រិះរិះពិចារណា និងចេះសម្រេចចិត្តបានល្អប្រសើរជាងមុន។ក្រៅពីផ្សព្វផ្សាយតាមរយៈទូរទស្សន៍ YouTube និង Facebook អង្គការនារីដើម្បីសន្តិភាព នឹងប្រើប្រាស់វីដេអូនេះសម្រាប់ពេលចុះទៅបណ្ដុះបណ្ដាលដល់សហគមន៍តាមជនបទ និងក្រុមយុវជនផងដែរ៕

ប្រភព៖ sabay

  • វីដេអូ​អប់រំ​ថ្មី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​បាន​ផលិត​ដោយ​ប្រើ​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​តូច已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: