កវី​និពន្ធ​បទ «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ!» លោក ងួន សុបិន ចេញ​មុខ​បក​ស្រាយ​ ជុំវិញសំឡេងរិះគន់​ពី​មហា​ជន (មានវីដេអូ)

(ភ្នំពេញ)៖ បន្ទាប់ពីមានសំឡេងរិះគន់ ជុំវិញការនិពន្ធបទ «ស៊ីបានចេះតែស៊ីទៅ» ដែលច្រៀង​ដោយតារាចម្រៀង កែវ វាសនា រហូតដល់ថ្នាក់ក្រសួងព័ត៌មាន ហាមមិនឲ្យចាក់ផ្សាយ កាលពីពេលថ្មីៗនេះរួចមក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ងួន សុបិន ជាកវីនិពន្ធ និងជាតារាសម្ដែងផងនោះ បានចេញមុនបកស្រាយបញ្ជាក់ និងទទួលស្គាល់នូវកំហុស​ឆ្គងមួយចំនួន ហើយក៏ស្នើឲ្យអ្នករិះគន់មេត្តារិះគន់ ក្នុងន័យស្ថាបនា កែលំអរ កុំបន្តរិះគន់បែបជាន់ពន្លិច។

លោក ងួន សុបិន បានប្រាប់ Khmertalking ស្រដៀងទៅនឹងការចេញវិញដេអូ​ បកស្រាយនៅពេលនេះ ថា ជាការពិតបទចម្រៀង «ស៊ីបានចេះតែស៊ីទៅ» គឺដោយសារតែមហារជន គិតទៅលើអត្ថន័យជ្រៅជាងអ្នកនិពន្ធ ព្រោះក្នុងន័យនេះ គឺលោកនិពន្ធប្រៀបធៀបន័យធម្មតាៗ មិនបានឲ្យអ្នកស្ដាប់យល់​ ទៅក្នុងន័យជ្រៅ​ផ្សេងនោះឡើយ។ ម្យ៉ាងទៀតលោក ងួន សុបិន ក៏បានទទូចឲ្យអ្នករិះគន់ កុំរិះគន់បែបជាន់ពន្លិច ព្រោះមុននឹងមានការិះគន់នេះ គឺបន្ទាប់ពីមានតារាចម្រៀង​ក្នុងផលិតកម្មផ្សេង បានច្រៀងបកត្រឡប់មកចម្រៀងរ​បស់លោកវិញ ក្នុងន័យផ្សេង ធ្វើឲ្យមានការយល់ខុស ពីអត្ថន័យដើម​។

សូមទស្សនាការចេញមុខ​បកស្រាយ របស់លោក ងួន សុបិន តើលោកបានបញ្ជាក់ដូចម្ដេចខ្លះ?

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងរ៉ាវនេះ គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ សួង សុខា​រ៉ា​នីត និង ណូម័រ ចេញ​មុខ​ការ​ពារ​​​កវី​និពន្ធ ងួន សុបិន ដែល​រងការរិះ​គន់​​លើ​ការ​និពន្ធ​បទ «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ»​

បន្ទាប់ពីបទ «ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយតារាចម្រៀង របស់ផលិតក​ម្ម ថោន​ លោ​ក កែវ វាសនា និងជាស្នាដៃនិពន្ធ ពីសំណាក់លោក ងួន សុបិន ​ចេញលក់លើ​ទីផ្សារ​មិន​បា​នប៉ុន្មានថ្ងៃផង បច្ចុប្បន្នបាននិងកំពុងក្លាយជារឿង​ដ៏រំជើបរំជួល តាមបណ្តាញផ្សព្វផ្សាយនានា ពាក្យនិន្ទារិះគន់យ៉ាងច្រើន ក៏បាននិងកំពុង​បាញ់​​ស្រោចយ៉ាងខ្លាំង ទៅលើការ​និព​ន្ធបទភ្លេងចំឡងពីប្រទេសថៃ ហើយការប្រើអត្ថន័យពាក្យពេច​ន៍ ហាក់មានភាពឆ្គាំឆ្គង ប៉ះពាល់ដល់តម្លៃនារីខ្មែរ។ ឆ្លើយតបទៅនឹងការរិះគន់ដ៏ខ្លាំងក្លានេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រសួងព័ត៌មានក៏បានចេញបំរាម មិនស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ចាក់ផ្សាយនូវបទចម្រឿង​«ស៊ីបានចេះតែស៊ីទៅ»និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ចាប់ពីថ្ងៃនេះតទៅ។

ស្របពេលដែលក្រសួងព័ត៌មាន ប្រកាសផ្អាកចាក់ផ្សាយ និងពាក្យរិះគន់ជាច្រើន កំពុងចាក់ស្រោចយ៉ាងខ្លាំង ទៅលើកវីនិពន្ធ​លោក ងួន សុ​បិន និងតារាចម្រៀង​លោក កែវ វាសនា នេះដែរ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ​តារា​សម្តែងស្រីកំពុងមានរឿងអាស្រូវ ហែកហួរគ្នារឿងលុយកាក់ កញ្ញា សួង សុខារ៉ានីត និងតារាសម្ដែងកញ្ញា ណូម័រ បានចេញ​មុខប្រតិកម្មការពារ លោក ងួន សុបិន ដោយទទូចស្នើ​ឲ្យទស្សនិកជន បញ្ឈប់នូវរាល់ការរិះគន់​នេះ និងរិះគន់ក្នុងន័យស្ថាបនា កែលំអ ដើម្បីឲ្យសិល្បៈខ្មែរបានរីកចម្រើន។

កញ្ញា សួង សុខារ៉ានីត បានសរសេរ​ថា « ហេតុអ្វីបងប្អូនមិនចោលចរឹតព្រួតគ្នាជាន់ពន្លិច ទឹកចិត្តខ្មែរដូចគ្នានឹងម្លេះ? ខ្ញុំសូមសួរថា ចុះចំណែកបទ"ទឹកភ្នែកក្មេងពាល" ដែលគាត់ខិតខំនិពន្ធ ហើយនិយាយពីន័យមានប្រយោជន៍ អប់រំសង្គមទាំងមូល ដែលល្បីទូទាំងប្រទេស កាលពីថ្មីៗនេះដែរ ចុះហេតុអ្វីក៏គ្មានអ្នកណាផ្ដល់កម្លាំងចិត្ត សួររកមុខគាត់ ដើម្បីសរសើរលើកទឹកចិត្តគាត់ សោះអញ្ចឹង??? សួរថា តើកម្លាំងចិត្ត មានមកពីណាទៀត?»។

ការលើកឡើង របស់តារាសម្តែងកញ្ញា សួង សុខារ៉ានីត ខាងលើនេះធ្វើឡើង​ ក្រោយពីស​ង្កេត​ឃើញមាន​មហាជនជា​ច្រើ​ន​ ពិសេសអ្នកនិយមលេងបណ្តាញ​សង្គមហ្វេសប៊ុក នាអំឡុងពេ​ល​២​​ឬ៣ថ្ងៃនេះ បានធ្វើការរិះគន់​យ៉ាងចាស់ដៃ លើអ្នកនិពន្ធលោក ងួន សុបិន ជុំវិញការជ្រើស​និ​ពន្ធបទចម្លងពីថៃ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងការប្រើប្រាស់អត្ថន័យគ្មាន សីលធម៌រហូតផ្ទុះកា​ររិះគន់ ជាបន្តបន្ទាប់​លើរូបលោក និងតារាចម្រៀងលោក កែវ វាសនា ផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload