អា​មេ​រិ​ក​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​THAAD​នៅ​កូរ៉េ​ខាងត្បូង

ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៨ កក្កដា ថា បាន​ព្រមព្រៀង​គ្នា​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក​ធុន THAAD នៅ​កូរ៉េ​ខាងត្បូង ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង ដែល​នោះ​ជា​សេចក្តីសម្រេច​ដែល​រង​ការ​រិះគន់​ភ្លាម​ៗ​ពី​ប្រទេស​ចិន ។

ប្រព័ន្ធ TERMINAL HIGH ALTITUDE AREA DEFENSE (THAAD) ជា​ប្រព័ន្ធ​សម្រាប់​ស្ទាក់​កម្ទេច​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​នឹង​ត្រូវ​បំពាក់​ដល់​កងទ័ព​អា​មេរ​រិ​ក​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង ។ ក្នុង​សេចក្តី​ប្រកាស​រួម​មួយ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​បញ្ជាក់​ថា ប្រព័ន្ធ​នេះ​គឺ​សម្រាប់​តែ​ទប់ទល់​នឹង​ការ​គំរាមកំហែង​របស់​ក្រុង​ព្យុ​ង​យ៉ាង​តែ​ប៉ុណ្ណោះ ។

ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ការពារ​ប្រទេស​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP និយាយ​ថា ក្រុង​សេ​អ៊ូ​ល​សង្ឃឹម​ទទួល​បាន​ប្រព័ន្ធ​ការពារ THAAD នា​ដំណាច់​ឆ្នាំ​២០១៧ ។

ក្នុង​គោលបំណង​ចៀសវាង​ការ​មិន​សប្បាយចិត្ត​របស់​ចិន សេចក្តី​ប្រកាស​និយាយ​ថា ចំពោះ ប្រព័ន្ធ THAAD ដែល​ដាក់​ពង្រាយ​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ផ្តោត​តែ​លើ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង​ប៉ុណ្ណោះ ហើយនឹង​មិន​ផ្តោត​លើ​ប្រទេស​ទី​៣​ណាមួយ​ឡើយ ។

ទោះបី​យ៉ាងនេះ​ក្តី ក៏​មិន​អាច​បញ្ចុះបញ្ចូល​ក្រុង​ប៉េ​កាំ​ង​បាន​ដែរ ដោយ​ចិន​ភ្លាម​ៗ​បាន​អំពាវនាវ​ឱ្យ​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​សេ​អ៊ូ​ល​បោះបង់​ចោល​គម្រោង​នេះ​វិញ ។ ក្រសួង​ការបរទេស​ចិន​វាយតម្លៃ​ថា ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​ទាំងនេះ​នៅ​កូរ៉េ​នឹង​ពុំ​អនុគ្រោះ​ដល់​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយនឹង​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​បណ្តា​​ប្រទេស​ជិតខាង​ដូច​ជា​ចិន​ជា​ដើម ៕