សភាអឺរ៉ុប​ត្រៀម​យក​បញ្ហា​កម្ពុជា​មក​ពិភាក្សា​ជា​ថ្មី ខណៈ​សភា​អាមេរិក​ទើប​អនុម័ត​ដីកា​លេខ៧២៨​ស្តីពី​កម្ពុជា

សភាសហភាពអឺរ៉ុប ដែលតំណាងឲ្យស្ថាប័ននីតិបញ្ញត្តិនៃប្រទេសចំនួន២៨ នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះ ដើម្បីពិភាក្សាពីបញ្ហារបស់ប្រទេសកម្ពុជា។ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ត្រូវបានអញ្ជើញឲ្យឡើងថ្លែងការណ៍ នៅចំពោះមុខសមាជិកសភាសហភាពអឺរ៉ុបនេះដែរ។ កិច្ចប្រជុំដែលបានធ្វើឡើង ស្របពេលដែលអនុគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក ទើបតែអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃទី៦កក្កដា លើសេចក្ដីសម្រេចចិត្ត លេខ៧២៨ ដែលជំរុញឲ្យអាជ្ញាធរកម្ពុជា បញ្ចប់រាល់ការយាយី និងការគំរាមកំហែងមកលើគណបក្សប្រឆាំង។

ជាដំបូង គួររំលឹកជូនថា នេះគឺជាលើកទី៣ហើយ ដែលសភាសហភាពអឺរ៉ុប បានលើកយកបញ្ហារបស់ប្រទេសកម្ពុជាមកពិភាក្សា ចាប់តាំងពីកម្តៅនយោបាយនៅកម្ពុជាបានផ្តើមឡើងវិញ នៅខែកក្កដាឆ្នាំ២០១៥មក។ គេនៅចាំបានថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៥ សភាសហភាពអឺរ៉ុប បានចេញដីកាដំណោះស្រាយរួមមួយ សម្រាប់វិបត្តិនយោបាយនៅកម្ពុជា គឺនៅបន្ទាប់ពីមានការចាប់ខ្លួន ការកាត់ទោស ការគំរាមកំហែង និងការវាយប្រហារ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ទៅលើសកម្មជនគណបក្សប្រឆាំង និងការដកអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ ចំណែកសេចក្តីសម្រេចមួយទៀត ធ្វើឡើងកាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៦ ដែលបានអនុម័តនូវដីកាដំណោះស្រាយលេខ 2016/2753 (SRP) ស្តីពីស្ថានភាពនយោបាយនៅកម្ពុជា។ តាមរយៈដីកាដំណោះស្រាយចុងក្រោយនេះ សភាសហភាពអឺរ៉ុប ដែលមានប្រទេសចំនួន២៨ តំណាងដោយសមាជិកសភាជាង៦០០នាក់ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលរាល់ការចោទប្រកាន់មកលើសមាជិក គ.ជ.ប មន្ត្រីសិទ្ធិមនុស្សអាដហុក និងថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងអស់។ ជាសេចក្តីសម្រេចចិត្ត អមដោយការព្រមានផ្អឹបទុកនូវជំនួយ ៤៦៥លានដុល្លារ ដែលត្រូវផ្ដល់ឲ្យកម្ពុជារហូតដល់ឆ្នាំ២០២០។ ប៉ុន្តែសេចក្តីសម្រេចទាំងនោះ ត្រូវបានច្រានចោលដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១២មិថុនា ដោយបានចាត់ទុកសេចក្តីសម្រេចចិត្តនោះថា គឺផ្អែកលើព័ត៌មានមិនពិតជាច្រើន។

លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងកាលពីថ្ងៃទី៧កក្កដាថា លោក សម រង្ស៊ី នឹងត្រូវបានអញ្ជើញឲ្យឡើងថ្លែងការណ៍នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំសភាសហភាពអឺរ៉ុប នៅថ្ងៃទី១៣ កក្កដា ខាងមុខនេះ។

គួរជម្រាបជូនថា កិច្ចប្រជុំសភាសហភាពអឺរ៉ុបស្តីពីកម្ពុជានៅពាក់កណ្តាលខែកក្កដានេះ ធ្វើឡើង ស្របពេលដែលប្រតិកម្មពីសហគមន៏អន្តរជាតិបានធ្លាក់មកបន្តកន្ទុយគ្នា ដើម្បីឆ្លើយតបនឹងស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន។ កាលពីថ្ងៃទី៦កក្កដាថ្មីៗនេះ អនុគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក ទើបតែបានអនុម័តនូវសេចក្តីសម្រេចចិត្ត លេខ៧២៨ ដោយបានទាមទារឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ការយាយី និងគំរាមកំហែងមកលើគណបក្សប្រឆាំង។ សេចក្ដីសម្រេចចិត្តនេះក៏ថ្កោលទោសរាល់ទម្រង់នៃអំពើហិង្សានយោបាយនៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះដែរ។ ដោយឡែក កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៣២ កាលពីថ្ងៃទី១ កក្កដា ក៏បានសម្រេចដាក់ប្រទេសកម្ពុជា ស្ថិតក្នុងការកត់សម្គាល់អវិជ្ជមានផងដែរ។ ក្រៅពីនេះ នៅមានប្រតិកម្មពីព្រឹទ្ធសមាជិកសភាអាមេរិក ដែលបានព្រមានពីការស្នើសុំផ្តាច់ជំនួយពីកម្ពុជា ជាង៨០លានដុល្លារអាមេរិកថែមទៀត។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានលើកឡើងថា ប្រតិកម្មពីតំណាងស្ថាប័ននីតិបញ្ញត្តិទាំងនេះ ហាក់ពុំសូវមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជានោះទេ៕

ប្រភពៈ RFA


Related Posts