បឹងកេត រំពឹងផ្តួលស៊ីម៉ាក់ ដើម្បីបន្តឈរនៅតំបន់កំពូល ខណៈក្រុមទ័ព សម្រាក

ការប្រកួតក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៦ នឹងចាប់ដំណើរការប្រកួតវិញ នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យនេះ បន្ទាប់ពីសម្រាក់អស់រយៈពេល១សប្តាហ៍ ប៉ុន្តែនៅសប្តាហ៍នេះមានការប្រកួតតែ៤គូទេ។ការជួបគ្នារវាងក្រុម ក្រុមទើបធ្លាក់ពីកំពូលតារាង មកឈរនៅលេខរៀងទី២ ក្រសួងការពារជាតិ(ទ័ព) និងវេស្ទើន ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យនោះ នឹងត្រូវលើកពេលទៅធ្វើនៅថ្ងៃទី២៤ ខែកក្កដា ព្រោះនៅសប្តាហ៍នេះក្រុមវេស្ទើន ត្រូវធ្វើដំណើរទៅប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨ នៅប្រទេសសិង្ហបុរី រួមជាមួយប្រភេទកីឡាចំនួន៥ទៀត រួមមាន ប៉េតង់ វាយកូនឃ្លីលើតុ អត្តពលកម្ម គុនដាវ និងកីឡាហែលទឹក។

khmer-ft16

ការឈប់សម្រាប់របស់ក្រុមទ័ព វាជាឱកាសសម្រាប់ក្រុមបឹងកេត ក្នុងការពង្រឹងភាគរយ ដើម្បីបន្តគ្រប់គ្រងតំបន់កំពូលតារាង ខណៈនៅសសប្តាហ៍នេះ ក្រុមបឹងកេតអង្គរ ត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដែលពួកគេធ្លាប់ឈ្នះ ៧-០ នៅទីលានបាទី ម៉ោង ៣:៣០ នាថ្ងៃអាទិត្យ។

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេត ហាក់មិនសូវសប្បាយចិត្តប៉ុន្មានឡើយ សម្រាប់ការដាក់ក្រុមលោកឲ្យទៅលេខនៅទីលានបឹងកេត ព្រោះវាធ្វើឲ្យបាត់អ្នកគាំទ្រដ៏ច្រើនរបស់ក្លិបនេះ ប៉ុន្តែលោកបានបញ្ជាក់ថា៖«ពិតណាស់យើងត្រូវតែយកឈ្នះក្រុមស៊ីម៉ាក់ ព្រោះរវាងបឹងកេត និងទ័ព បើសិនជាក្រុមណាភ្លាត់ចេញ វាអាចនឹងបាត់បង់ឱកាសក្នុងការលើកពានហើយ»។

ចំណែកក្រុមណាហ្គាវើល នឹងត្រូវធ្វើការប្រកួតជាមួយក្រុមភ្នំពេញក្រោម នៅកីឡដ្ឋាន RSN នាល្ងាចថ្ងៃសុក្រនេះ ខណៈជំនួបជើងទី១ ណាហ្គាវើល បានឈ្នះក្រុមភ្នំពេញក្រោន ២-១ ឯក្រុមខេមបូឌានថាយហ្គឺរ និងក្រុមអាស៊ីអឺរ៉ុប កំពុងប្រកួតនៅកីឡដ្ឋានវេស្ទើន ដែលបានចាប់ផ្តើមតាំងពីម៉ោង ៣:៣០ មក ខណៈជំនួបលើកទី១ ខេមបូឌានថាយហ្គឺរ បានឈ្នះ ៣-១ ហើយនៅថ្ងៃសៅរ៍ ជាការជួបគ្នារវាងក្រុមប៉ូលិស និងក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានវេស្ទើន ចាប់ពីម៉ោង ៣:៣០៕
ចំណាត់ថ្នាក់ជាបណ្តោះអាសន្ន សម្រាប់ការប្រកួត១១សប្តាហ៍កន្លងមក