បាន​ប្លង់​កម្មសិទ្ធិ​ក្នុង​ព្រៃ​ការពារ ឈូសឈើ​ចោល​ហ្មត់​យក​ដី

បាន​ប្លង់​កម្មសិទ្ធិ​ក្នុង​ព្រៃ​ការពារ ឈូសឈើ​ចោល​ហ្មត់​យក​ដី



ខេត្ដមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ឈើ​ក្នុង​តំបន់​ព្រៃ​ចុះបញ្ជី​សហគមន៍​ការពារ​ជាង​៥០​ហិ​កតា ត្រូវ​បាន​គេ​ឈូស​ឆាយ​រំលំ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិឯកជន ខណៈ​មន្ត្រី​ពាក់ព័ន្ធ​រក​ឃើញ​ប័ណ្ណកម្មសិទ្ធិ​ដី​ចំនួន​បី​ប្លង់​ត្រូវ​បាន​អ្នក​ឈូស​ឆាយ​ប្រើប្រាស់​សម្រាប់​ការ​ឈូសឆាយ​ព្រៃឈើ​កម្ទេច​ចោល ដើម្បី​យក​ដី​តំបន់​នោះ ពិតជា​ថ្លើមធំ​មែន ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ក្នុង​ឃុំ​ស្រែ​អំ​ពូ​ម ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត ចាត់វិធានការ​បន្ទាន់​ទៅ​លើ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ការពារ ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ភូមិ​ពូ​រា​ដែ​ត ជិត​១០០​នាក់ រួម​ជាមួយ​មន្ត្រីឃុំ មន្ត្រី​ព្រៃឈើ នៅ​ថ្ងៃ​ទី​៦ កក្កដា បាន​រក​ឃើញ​ឈើ​រាប់​ពាន់​ដើម​ក្នុង​តំបន់​ព្រៃស្រោង ដែល​អភិរក្ស​ដោយ​សហគមន៍​ត្រូវ​បាន​ឈ្មួញ​ដែល​អះអាង​ថា​ជា​ម្ចាស់​ដី បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រំលំ​ចោល និង​មាន​បំណង​ដុត​ចោល​យក​ដី ។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ពូ​រ៉ា​ដែ​ត លោក ច​ន់ ហ្ល​ល់ បញ្ជាក់​ថា លោក​មិន​បានដឹង​ថា ប័ណ្ណកម្មសិទ្ធិ​នោះ​ឋិត​នៅ​ចំណុច​ណា​នៅឡើយ ក៏​ប៉ុន្តែ​តំបន់​ដែល​ឈ្មួញ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ គឺជា​តំបន់​ព្រៃ​សុទ្ធ
សាធ ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី នៃ​ប័ណ្ណកម្មសិទ្ធិ​ដែល​ឈ្មួញ​ប្រើប្រាស់ សម្រាប់​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​សហគមន៍ ។

លោក​បន្ត​ថា ព្រៃ​ការពារ​សហគមន៍​ភូមិ​ពូ​រ៉ា​ដែ​ត មាន​ទំហំ​១.៣៣២​ហិ​កតា ចុះបញ្ជី​ទទួលស្គាល់​ដោយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទុកជា​ព្រៃ​ការពារ​របស់​សហគមន៍​តាំងពី​ឆ្នាំ​២០០៩ ។

យោង​តាម​របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អា​ដ​ហុ​ក ខេត្តមណ្ឌលគិរី​ថា ប័ណ្ណកម្មសិទ្ធិ​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ឈូស​ឆាយ​ព្រៃឈើ​នោះ​មាន​ចំនួន​បី​ប័ណ្ណ និង​មាន​ទំហំ​ដី​សរុប​ជាង​១១​ហិ​កតា ។ ប័ណ្ណកម្មសិទ្ធិ​ទាំង​បី​ប្លង់​ចេញ​នៅ​ឆ្នាំ​២០១២ មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ យន់ លី មាស​, វ៉ៃ និង​ឈ្មោះ ហូត ។ ម្ចាស់​ដី​ទាំង​បី​នាក់ បាន​លក់​ដី​នេះ​ទៅ​ឲ្យ​ឈ្មួញ​ឈ្មោះ លេង គឹ​មហា​ង ។

មេឃុំ​ស្រែ​អំ​បូម លោក ហុយ ប៊ុ​ន​លឿន បញ្ជាក់​ថា ឈ្មួញ​ដែល​ចូល​មក​ឈូស​ឆាយ​ព្រៃ មិន​បាន​ជូនដំណឹង​ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​នោះ​ទេ ។ លោក​ទទួលស្គាល់​ថា ព្រៃ​ដែល​ឈ្មួញ​ឈូស​ឆាយ​គឺ​ឋិត​ក្នុង​ផែនទី​ព្រៃ​អភិរក្ស​សហគមន៍ ។ អ្នក​យក​ព័ត៌មាន​មិន​អាច​ទាក់ទង​អ្នក​ឈូស​ឆាយ​ព្រៃ គឺ​លោក លេង គឹ​មហា​ង សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ។

ចំណែក​ជនជាតិ​ដើម​ភាគតិច​ព្នង ១៥០​គ្រួសារ​នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​អង្គការ​អា​ដ​ហុ​ក លើ​បុគ្គល​២​នាក់ និង​អ្នក​ពាក់ព័ន្ធ​ថា បាន​ឈូស​ឆាយដី​ព្រៃ​សហគមន៍​ដូច​មាន​កំណត់​ក្នុង​ផែនទី ប្រមាណ​ជា​៥០​ហិ​កតា​ហើយ នៃ​ផ្ទៃដី​សរុប​១៣២​ហិ​កតា ។ ក្នុង​ពាក្យបណ្តឹង​នោះ សហគមន៍​បាន​ទាមទារ​ចំនួន​៤​ចំណុច គឺ​១-​សុំ​ផ្តន្ទាទោស​ជន​ប្រព្រឹត្ត ២-​ដកហូត​ដី​មក​ទុក​ក្នុង​សហគមន៍​វិញ ៣-​ឲ្យ​ជន​ប្រព្រឹត្ត​ដាំ​ដើមឈើ​ឡើង​វិញ ៤-​សង​សំណង​ជា​ទឹកប្រាក់​ចំនួន​៣០.០០០​ដុល្លារ ដើម្បី​លុបលាង​តាម​បែប​ប្រពៃណី​ជនជាតិ​ព្នង ។

ទោះជា​បែប​ណា សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ពូ​រា​៉​ដែ​ត ចាត់​ទុក​ការ​ឈូស​ឆាយ​ព្រៃ​សហគមន៍ ថា ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ។ ដូច្នេះ​អ្នក​ឈូស​ឆាយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ អ្នក​ភូមិ​ទាមទារ​សំណង​ដាំ​ដើមឈើ​ឡើង​វិញ និង​សំណង​ផល​ប៉ះពាល់​ទាក់ទិន​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ជាមួយ​ព្រៃឈើ រួម​ទាំង​ផ្ដន្ទាទោស​ជន​ពាក់ព័ន្ធ​តាម​ច្បាប់​ព្រៃឈើ  ។

គ្រឿងចក្រ​ខ្នាត​ធំ​វាយ​កម្ទេច​ព្រៃស្រោង ក្រុម​មន្ដ្រី​ឆ្លើយ​ដាក់​គ្នា

ខេត្ដស្ទឹងត្រែង ៖ សំឡេង​គ្រឿងចក្រ​លាន់ឮ​កងរំពង​លើ​ផ្ទៃដី​ព្រៃស្រោង វាយ​កម្ទេច​ដើមឈើ​តូច​ធំ​ដួល​រលំ​រៀប​ដល់​ដី​ក្រោម​សម្តី​អះអាង​ថា មានការ​អនុញ្ញាត​ពី​អាជ្ញាធរ ខណៈ​ដែល​ថ្ងៃ​បុណ្យ​រុក្ខទិវា គេ​នាំ​គ្នា​ដាំ​កូន​ឈើ ។ ត្រង់​ចំណុច​ផ្ទៃដី​ដែល​កំពុង​ប្រឈម​នឹង​ការ​វាយប្រហារ​ផ្ដួលរំលំ​ដើមឈើ​យ៉ាង​រង្គាល​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​តំបន់​មួយ​ស្ថិត​នៅ​ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​សម្បូ​ទៅ​ដោយ​ការ​យាយី​ពី​សំណាក់​អ្នកមាន​លុយ និង​មាន​អំណាច បូក​រួម​នឹង​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​ផង​ដែរ ។

តាម​ការ​អះអាង​ពី​មេការ​គ្រប់គ្រង​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ខាងលើ​នេះ​បាន​ប្រាប់​ក្រុម​អ្នក​ចុះ​ទៅ​យក​ព័ត៌មាន​ដល់ទី​នោះ​ថា គ្រឿងចក្រ​ទាំងនេះ​យក​មក​ពី​ក្រុងភ្នំពេញ​ដោយ​គេ​ជួល​ឲ្យ​មក​ឈូស​ដី​ព្រៃ​ក្នុង​មួយ​ហិ​កតា​តម្លៃ​៤០០​ដុល្លារ ។ ជាមួយ​គ្នា​នោះ​ដែរ មាន​បុរស​វ័យក្មេង​ម្នាក់​ក្នុង​សម្លៀក​ពាក់​ស៊ី​វិល ពាក់មួក​យោធា​ថ្នាក់​វរសេនីយ៍​មក​សួរ​ថា ពួក​លោក​ឯង​ចុះ​មក​មានការ​អី​ម៉េច​ក៏​មិន​ប្រាប់​ខ្ញុំ​ជា​មុន? ហើយ​មេ​ពួក​លោក​ឯង​ជា​អ្នក​ណា? នេះ​ជា​ដី​របស់​ប៉ា​ខ្ញុំ គាត់​ឈ្មោះ​ផា​ន់ ឯក​រតនា ជា​មេ​ដឺ​បេ មានច្បាប់​ត្រឹមត្រូវ​ពី​អាជ្ញាធរ ។

បើ​តាម​ដែល​គេ​ដឹង លោក ផា​ន់ ឯក​រតនា ជា​នាយ​ស្នាក់​ការ​ស្រាវជ្រាវ នាយកដ្ឋាន​ស្រាវជ្រាវ​អគ្គបញ្ជាការ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ខេត្តស្ទឹងត្រែង និង​ធ្លាប់​ត្រូវ​បាន​មណ្ឌល​១​ការិយាល័យ​ទី​២​នៃ​កងទ័ពជើងគោក​ហៅ​ទៅ​ណែនាំ​ម្តង​ជា​ពីរ​ដង​មក​ហើយ កាលពី​ជំនាន់​អតីត​លោក​វរសេនីយ៍ឯក ហេង សា​ម៉ាច ជា​មេ​មណ្ឌល​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឈ្មោះ ដឺ​បេ តទៅ​ទៀត ។

ពាក់ព័ន្ធ​ករណី​ឈូស​ឆាយ​ព្រៃស្រោង​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្តាច់មុខ​នោះ លោក ថោ​ង ស្រា​ន់ អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​មិន​បានដឹង​អំពី​សកម្មភាព​រុករាន​ដី​ព្រៃ និង​ពុំ​មានការ​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​គម្រប​ដី​ព្រៃ​នោះ​ទេ ។ ទាក់ទិន​ករណី​នេះ​ដែរ​លោក​អភិបាលស្រុក​ក៏​បាន​បញ្ជាក់​ថា លោក​នឹង​ចាត់​ឲ្យ​ក្រុមការងារ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង ។

ដោយឡែក​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែរ​ថា ករណី​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​នោះ លោក​នឹង​ឱ្យ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង​ប្រសិនជា​គ្មាន​ច្បាប់ទម្លាប់​គឺ​ត្រូវ​ចាប់​ហើយ ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ផ្ទៃដី​ព្រៃស្រោង​ស្ថិត​នៅ​ទីតាំង​ខាងលើ​នោះ​មានការ​ចុះ​វាស់វែង​វាយតម្លៃ​ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​បរិស្ថាន​ហើយ ឬ​នៅឡើយ​ទេ ? ទើប​មានការ​ដាក់​គ្រឿងចក្រ​វាយ​កម្ទេច​ព្រៃ​វាត​យក​ដី​តាម​ទំនើងចិត្ត​បែប​នេះ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បាន​និយាយ​ថា ដី​នៅ​តំបន់​នោះ​ភាគច្រើន​ជា​របស់​អ្នកមាន​លុយ និង​មាន​អំណាច​ទិញ​ពី​ប្រជាពលរដ្ឋ​មាន​ទំហំ​តិចតួច តែ​ដល់​ពេល​ឈូស​ឆាយ​គេ​វាត​យក​ដី​ព្រៃស្រោង​បន្ថែម​យា​៉​ង​ធំ​ដោយ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ រហូត​ដល់​មានការ​រៀបចំ​ជា​ឯកសារ​ទៀត​ផង ។ ដី​ដែល​គេ​ឈូស​ឆាយ​ទាំងនោះ​ទុក​សម្រាប់​លក់​ចែក​ភាគលាភ​គ្នា ។ រីឯ​ដី​មួយ​ចំនួន​ទៀត​មានការ​រៀបចំ​ជា​ឯកសារ​ដោយ​ដាក់​ឈ្មោះ​បងប្អូន​ឬ​មិត្តភក្ដិ​ជំនួស​ក្នុង​ចេតនា​បំភ្លៃ​កុំឱ្យ​មើលឃើញ​ច្រើន​ពេក ហើយ​គេ​ចែក​ភាគរយ​គ្នា​ជា​ក្រោយ ។

ទាក់ទិន​ទៅ​នឹង​រឿង​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ខាងលើ លោក​ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ថា លោក​បញ្ជា​ឲ្យ​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល តែ​យ៉ាងណា​នោះ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ជំនាញ​មក​សិន ។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ជុំវិញ​ការ​ឈូស​បំផ្លាញ​ព្រៃ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធ្វើ​សកម្មភាព​នោះ ទំនងជា​គេ​មិន​ទាន់​ត្រួតពិនិត្យ​លើ​ពន្ធ​នាំ​ចូល​គ្រឿងចក្រ​នោះ​នៅឡើយ​ទេ ។ បើ​ដូច្នោះ​មែន​វា​ជា​ភាព​កំសោយ​ខាង​ជំនាញ ដែល​ពុំ​បាន​ខ្វល់ខ្វាយ​អំពី​ការ​ត្រួតពិនិត្យ​លើ​ពន្ធ​នាំ​ចូល​គ្រឿងចក្រ​មក​ធ្វើ​អាជីវកម្ម​នោះ​ទេ ៕