ចាន់​ ឈួង រៀនអង់គ្លេស​១​ម៉ោង៥០០​៛ ធ្វើ​ការ​១​ថ្ងៃ​បាន​ជាង​២០០​ដុល្លារ​

​លោក​ ចាន់​ ឈួង បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ក្លាយ​​​ជាអ្នក​បក​ប្រែ ភាសា​​​​​​​​​​អង់គ្លេសផ្ទាល់​មាត់ស្ទាត់​​​​​​​​​​​​​​ជំនាញ និង​ទទួល​បាន​ចំណូល​ ចន្លោះ​​ ២០០ ទៅ ២៥០​ ដុល្លារ​អាមេរិកក្នុង​មួយ​ថ្ងៃ​នេះ គឺដោយសារ​តែ​លោក ​ផ្ដើម​ចេញ​ពី​ការសិក្សាក្នុង​ ១ ម៉ោង ៥០០ រៀល។

 

ចាន់​ ឈួង រៀនអង់គ្លេស​១​ម៉ោង៥០០​៛ ធ្វើ​ការ​១​ថ្ងៃ​បាន​ជាង​២០០​ដុល្លារ​

 

តើ​ ចាន់​ ឈួង មាន​ប្រវត្តិសិក្សា​យ៉ាងណា ទើប​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​បកប្រែ​ជំនាញបែប​នេះ?

 

​លោក ចាន់​ ឈួង ​បាន​ចាក​ចេញ​ពី​ទឹកដី​​កំណើត ខេត្ត​កំពង់ធំ នៅ​ឆ្នាំ​ ១៩៩០​ ដើម្បី​​បន្តការសិក្សា​​ ​នៅ​​​មហា​វិទ្យា​ឱសថសាស្ត្រ​​ រយៈ​ពេល​​៤​ឆ្នាំ​ បើ​គិត​ចាប់​ពី​ឆ្នាំ ​១៩៩១-១៩៩៤ (អត់ចប់)។ ដោយមើល​ឃើញ​សារសំខាន់​ នៃ​ភាសា​អង់គ្លេស​​ ក្នុង​អំឡុង​ពេល​សិក្សា​ លោកបាន​​​​​ចាប់​ផ្ដើម​រៀន​គួរ​ តាម​សាលា​ឯកជន​ នៅ​ជុំវិញ​បរិវេណ​សាលា​បាក់ទូក។ ​​

 

​អ្នកស្រុក​​សណ្ដាន់​ ​​ បាន​​បន្ត​​ថា ​​​ការ​រៀន​​គួរ​ ពិត​ជា​ធ្វើ​ឱ្យ​លោក​ទទួល​បាន​​ចំណេះ​ដឹង​ច្រើន ទាក់ទង​​នឹង​ភាសា​​អង់គ្លេស ហើយ​ការ​រៀន ​មិន​មែន​រៀន​ដើម្បី​តែ​រៀន​នោះ​ទេ។ ​ “ខ្ញុំ​រៀន​១ម៉ោង ៥០០៛…មួយ​ថ្ងៃ​ ខ្ញុំរៀន​ពី​ ៤ ទៅ ៥ ម៉ោង”។

 

ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ និង​ក្រេឌីត ​ផ្នែក​ភាសា​អង់គ្លេសបន្ថែម នៅ​ឆ្នាំ ​​១៩៩៣​​ លោក​​បានសម្រេច​ចូលសិក្សា​​វគ្គ​​​​បក​ប្រែមួយ​​​​​ នៅ​​វិទ្យាស្ថាន​ភាសា​បរទេស IFL ​​រយៈ​ពេល​បី​ឆ្នាំ​ ប៉ុន្តែ​​លោក​​រៀន​​បាន​តែ​បី​ខែ​​ប៉ុណ្ណោះ ព្រោះ​រវល់សិក្សា​នៅ​សាកលវិទ្យាល័យ​។

 

ក្រោយ​ឃើញ​ថា​ខ្លួន​មាន​ដុង និង​​ចូល​ចិត្ត​​ភាសា​អង់គ្លេស បុរស​សម្បុរសខ្ពស់​ស្រលះរូបនេះ បាន​​ចាប់​ផ្ដើម​បើក​ថ្នាក់​បង្រៀន​គួរ នៅ​​ឆ្នាំ ​១៩៩៣​ រហូត​ដល់​ឆ្នាំ ​១៩៩៧។ ​ក្នុង​ឆ្នាំ​នោះដែរ​​ មានក្រុមហ៊ុន​បម្រើ​សេវា​កម្ម​ បក​ប្រែ​ឯក​ជន​មួយ ​​ទាក់​ទង​​​​ឲ្យ​លោកបក​ប្រែ​ឯកសារ។ ​ក្រោយ​មក​​លោក បាន​​ចាប់​ផ្ដើមពង្រីក​អាជីព​មួយ​ទៀត គឺ​​ធ្វើ​ជាអ្នក​​បក​ប្រែ​ផ្ទាល់​មាត់។

 

ការ​អនុវត្ត​ការងារ​បក​ប្រែ​​​ជាក់​ស្ដែង​ ធ្វើ​​ឲ្យ​លោកមាន​​បទ​ពិសោធន៍​កាន់​តែ​ច្រើន។ នៅ​​ឆ្នាំ ​១៩៩៩ លោក ឈួង​ បាន​ប្រឡូក​ក្នុង​វិស័យ​ការងារ​នេះ​ទាំង​ស្រុង ដោយ​​ធ្វើ​​ជា​អ្នក​បក​ប្រែ​ឯករាជ្យ​ បើ​គិត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល ១៧ ឆ្នាំ​ហើយ។

 

ចាន់​ ឈួង រៀនអង់គ្លេស​១​ម៉ោង៥០០​៛ ធ្វើ​ការ​១​ថ្ងៃ​បាន​ជាង​២០០​ដុល្លារ​

 

បច្ចុប្បន្ន​បុរសវ័យ ​៤៣ ​ឆ្នាំ​​រូប​នេះថ្លែង​​ថា​ លោក​​អាច​បក​ប្រែ​​​បាន​ច្រើន​វិស័យ ដូចជា​ សេដ្ឋកិច្ច កសិកម្ម បច្ចេកវិទ្យាទៀតសោត  ជា​ពិសេស​​វិស័យ​​សុខាភិបាល។ ​អ្នក​ជំនាញ​បក​ប្រែ​​ដដែល​នេះ ប្រាប់​​ថា ​ជា​ទូ​ទៅ​គិតតម្លៃ​​បកប្រែ​ពី​ភ្ញៀវចន្លោះ​ពី​ ២០០ ទៅ​ ២៥០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ បើ​​កន្លះ​ថ្ងៃ លោក​យក​​​ពី ​១៣០ ​ទៅ​ ១៥០​ដុល្លារ។ ក្រៅ​ពី​នេះ​លោក​ក៏​ទទួល​បក​ប្រែ​ឯកសារ​នានា​ដែរ ដោយ​មាន​តម្លៃចន្លោះ​​ពី ​១០ ទៅ ១៥​ដុល្លារ ​ក្នុង​មួយ​ទំព័រ ​អាស្រ័យ​​ពាក្យ​បច្ចេកទេស និង​ ការ​បន្ទាន់​របស់​ឯកសារ។

 

ថ្វីបើ​ការងារ​របស់​លោក​បាន​កម្រៃ​ខ្ពស់​ក៏​ពិត​មែន ប៉ុន្តែ​​ជា​មធ្យមក្នុង​មួយ​ខែ លោក​ទទួល​សេវា​បកប្រែតាម​កម្មវីធី​ ឬ​ សិក្ខា​សាលា​​ផ្សេង​​ៗ​ ​​​បានតែ​​​ជាង ​១០ ​ថ្ងៃប៉ុណ្ណោះ។

 

តើ​លោក ឈួង ជួប​ការ​ប្រឈម​អ្វី​ខ្លះ​ក្នុង​អាជីព​មួយ​នេះ?

 

យ៉ាងណាមិញ លោក​ថា លោក​ក៏​ជួប​ការ​លំបាកច្រើន​ដែរ ក្នុង​អាជីព​នេះដូចជា ​ពិបាក​ស្ដាប់​តុង (បរទេស ឬ​ខ្មែរ) ហើយ​​ភ្ញៀវ​ខ្លះទៀត ​និយាយ​​មិន​ដឹង​ក្បាល​កន្ទុយ​ជាដើម ។ លោក ឈួង បញ្ជាក់​ថា ការ​បកប្រែ​ផ្ទាល់​មាត់ មាន ២ ​ប្រភេទ គឺ​ការបកប្រែ​បែប​ប្រដេញ (គេនិយាយ​ភ្លាម​បក​ភ្លាម) និង ការ​បកប្រែបែប​បណ្ដាក់ (គេ​និយាយ​ចប់​ហើយ ទើប​​បកប្រែតាម​ក្រោយ)។ ចំពោះ​ការ​បកប្រែ​ទាំង​ពីរ​នេះ​លោក​ថា បកប្រែ​បែប​ប្រដេញ​មាន​លក្ខណៈ​ស្រួលជាង បើ​​តាម​របៀប​ប្រដេញ​វិញ ពេល​ខ្លះ​លោក​អាច​ភ្លេច ប៉ុន្តែ​លោក​មាន​វិធី​មួយ​ទៀត គឺ​កត់​ចំណាំ​សម្ដី​​ទុក​។

 

ចាន់​ ឈួង រៀនអង់គ្លេស​១​ម៉ោង៥០០​៛ ធ្វើ​ការ​១​ថ្ងៃ​បាន​ជាង​២០០​ដុល្លារ​

 

តើ​អាជីព​ជា​អ្នក​បកប្រែ​សំខាន់ដែរ​​ទេ?

 

លោក ចាន់ ឈួង លើកឡើង​ថា​៖ “របរ​នេះ​ពេល​បច្ចុប្បន្ន​ល្អ និង​សំខាន់។ ទីផ្សារ​គេ​នៅ​ត្រូវ​ការ​ច្រើន តែ​ពេល​អនាគត​នឹង​ថយ​ចុះ ដោយសារ​ប្រទេស​កាន់​រីកចម្រើន អ្នក​ចេះ​ភាសា​កាន់​តែ​ច្រើន”។

 

លោកបាន​​​​ផ្ដាំ​​ផ្ញើ​ដល់​សិស្ស និស្សិត ថា ដើម្បី​ក្លាយជាបកប្រែ​ផ្ទាល់​មាត់​ដ៏​ល្អ ពួកគេត្រូវ​ចេះ​ភាសា​ជាតិ​ខ្មែរ និង​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្បាស់​លាស់ ទាំង​ពាក្យ​ពេចន៍​បច្ចេកទេស​ ការ​សរសេរ​​​ និង​ខ្លឹម​សារ​។ ត្រូវ​សិក្សា​​ឲ្យ​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ ពី​បរិបទ​​វិស័យ​ផ្សេង​ៗ​ឲ្យ​​បាន​ច្រើន និង​ចំណាយ​ពេល​ស្ដាប់វិទ្យុ​អង់គ្លេស ​អាន ​និងអនុវត្ត​​ឲ្យ​បាន​ច្រើន៕

 

ចុចអាន៖  អ្នកស្រី ក្រាម សុខចាន់នីន ប្រាប់​គន្លឹះ​បកប្រែ​ផ្ទាល់​មាត់

 

អត្ថបទ៖ មាន រតនា