ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នេះ​​ចេះ​កែ​ខ្លួន

អនុស្សាវរីយ៍គឺជាស្នាមដំបៅដ៍សែនឈឺចាប់ដែលកន្លងផុតទៅ៧ឆ្នាំទៅហើយតែវាហាក់មិនសះជាឡើយ។
កាលពី៧ឆ្នាំមុន ក្នុងអំឡុងឆ្នាំ២០០៩ ខ្ញុំជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យមួយ។ មកដល់ចុងឆ្នាំការប្រលងជ្រើសរើសសិស្សពូកែក៏មកដល់ ហើយខ្ញុំមានមោទនភាពណាស់ដោយប្រលងបានលេខ១ ក្នុងចំណោមសិស្សប្រចាំសាលា ។

ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នេះ​​ចេះ​កែ​ខ្លួន
(រូបតំណាង)

ខ្ញុំទទួលបានការសរសើរពីលោកគ្រូអ្នកគ្រូ ហើយទីបំផុតខ្ញុំក៏បានប្រលងជាប់ឌីប្លូម ដោយជោគជ័យ ។
តែដល់ពេលដែលខ្ញុំរៀននៅវិទ្យាល័យ អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ។ ទីនោះឆ្ងាយពីផ្ទះ មានកន្លែងកម្សាន្តមិនល្អជាច្រើន។ ទីបំផុតខ្ញុំក៏លង់ខ្លួនទៅនឹងវា ដើរលេង សេពគប់ មិត្តមិនល្អនៅទីនោះ រហូតភ្លេចការសិក្សា ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺ ពាក្យសន្យាដែលខ្ញុំបានសន្យានឹងស្រីម្នាក់ដែលរៀនជាមួយគ្នាតាំងពីថ្នាក់ទី៧ដល់ថ្នាក់ទី៩ ថាយើងនឹងកសាងអនាគតជាមួយគ្នា។ ទីបំផុតពាក្យសន្យាជាមួយនាង ខ្ញុំក៏ភ្លេចបាត់។

ដល់ពេលនោះ ការសិក្សារបស់ខ្ញុំបានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ស្រោចស្រង់លែងបាន។ ហើយថ្ងៃមួយ នាងបានចាប់ដៃខ្ញុំហើយនិយាយប្រាប់ថា «ដឹងថាខ្លួនរាល់ថ្ងៃ កំពុងធ្វើអ្វីអត់? គេចម៉ោង ដើរលេងច្រើន ការសិក្សាក៏អន់ ចុះឯណាថា កសាងអនាគតនោះ ភ្លេចអស់ហើយឬ?»។ ខ្ញុំមិនស្ដាប់នាងទេហើយក៏ដើរចេញពីនាងទាំងគំរោះគំរើយ។
រហូតដល់ពេលមួយ…
នាងបានផ្លាស់ទៅរៀននៅភ្នំពេញ។ នាងបានលាខ្ញុំ ហើយបានផ្ដាំថានាងមិនចង់រាប់អានខ្ញុំរាល់ថ្ងៃនេះទេ នាងស្រលាញ់ខ្ញុំកាលពីថ្នាក់ទី៩ ជាក្មេងល្អ គឺមិនមែនសភាពដូចពេលនេះ។
ថ្ងៃនោះហើយ ជាថ្ងៃដែលខ្ញុំមានអារម្មណ៍ថាសោកសៅនៅក្នុងចិត្តជាខ្លាំង។ មកដល់ផ្ទះ ម៉ាក់ប៉ា ស្ដីបន្ទោសខ្ញុំជាខ្លាំង រឿងខ្ញុំរៀនខ្សោយ ដំណឹងដើរលេងច្រើន នឹងការលង់ខ្លួនរបស់ខ្ញុំបានដឹងមកដល់គាត់។
ថ្ងៃនោះខ្ញុំនៅក្នុងបន្ទប់ ខ្ញុំគិតថាខ្លួនឯងកើតថី? រាល់ថ្ងៃកំពុងធ្វើអី? អង្គុយគិតទៅ គិតមក ក៍បានឃើញ កូនសៀវភៅតូចមួយ នៅក្នុងកាតាបរបស់ខ្ញុំ។
ខ្ញុំបើកវាមើល… អក្សរក្នុងនោះហើយដែលវាដូចជាអាវុធដ៏មុតស្រួច ចាក់សម្លាប់ ខ្ញុំឲ្យរលាយសាប សូន្យអញ្ចឹង! ខ្ញុំចាំច្បាស់ថាអក្សរនេះជាអក្សរនាង ហើយអត្ថន័យសង្ខេបថា «ខ្ញុំនឹងរងចាំពាក្យសន្យារបស់ក្មេងប្រុសដ៏សែន ស្អាតឆ្លាត នឹងជាស្នេហាដំបូងបំផុតរបស់ខ្ញុំដូចកាលថ្នាក់ទី៩ តែមិនមែនយើងពេលនេះទេ សូមសងក្មេងនោះមកឲ្យខ្ញុំវិញ ខ្ញុំនឹងរង់ចាំ»។

 

ទឹកភ្នែកហូរ …
ខ្ញុំចាប់ផ្ដើមគិតយល់។ ខ្ញុំបានសុំទោសម៉ាក់ប៉ាសន្យានឹងលុបលាងកំហុសនេះ នឹងធ្វើជាក្មេងល្អដូចកាលពីមុន។
ដោយសារតែនាងខ្ញុំបានគិតយល់ ហើយខ្ញុំនឹងទៅសងក្មេងប្រុសម្នាក់ដែលនាងស្គាល់កាលពីថ្នាក់ទី៩ ដល់នាងវិញនៅថ្ងៃណាមួយ ។
ហើយពេលនេះខ្ញុំចង់ឲ្យមិត្តភ័ក្ដិទាំងអស់ដែលបានអានអត្ថបទនេះដឹងថា ដុំពេជ្រនៅក្បែរខ្លួនយើងមើលមិនឃើញ មិនថែរក្សា ទៅរើសដុំថ្ម មកដាក់ខ្លួនធ្ងន់លើកមិនរួច វេទនាយ៉ាងណា៎?
មកដល់បច្ចុប្បន្ននេះ ខ្ញុំមិនដឹងថានាងទៅជាយ៉ាងណា នាងភ្លេចខ្ញុំហើយឬយ៉ាងណា? នាងនៅខឹងនឹងខ្ញុំទៀតទេ? នាងនៅចាំបាន អនុស្សាវរីយ៍កាលពី៧ឆ្នាំមុនខ្លះទេ? ឬនាងលែងខ្វល់ បំភ្លេចបុរសម្នាក់នេះហើយ?
សូមផ្ដាំផ្ញើទៅដល់នាងថា ក្មេងប្រុសម្នាក់ដែលនាងស្គាល់កាលពីថ្នាក់ទី៩បានត្រឡប់មកវិញហើយ ហើយក៏សុំទោសដែលធ្វើឲ្យអ្នកពិបាកចិត្តកាលពីមុន ចង់ប្រាប់ថាសុំទោស សុំទោសនូវអ្វីគ្រប់យ៉ាង ។
ហើយចុងក្រោយខ្ញុំ សង្ឃឹមថានាងបានអានអត្ថបទនេះ ហើយនាងនឹងលើកលែងទោសចំពោះកំហុសឆ្គងរបស់ខ្ញុំ។ នាងបានផ្ដល់ពន្លឺដល់ខ្ញុំ ទើបខ្ញុំអាចគេចផុតពីគុកងងឹតនោះបាន។ ពេលនេះ វិប្បដិសារីវាដិតដាមក្នុងអារម្មណ៍របស់ខ្ញុំ មិនដឹងថាពេលណាមួយវានឹងរលាយបាត់ទៅនោះទេ ។
ខ្ញុំនឹងយកបំណែក នៅពេលដែលអ្នកធ្លាក់ចុះ។
ខ្ញុំនឹងកាន់ដៃរបស់អ្នកនិងជួយអ្នកឈរនៅទីខ្ពស់ ហើយនៅពេលមួយ…អ្នកនឹងដឹងថា អ្នកមិននៅម្នាក់ឯងទេ គឺមានខ្ញុំចាំជួយអ្នកជានិច្ច។

មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់៖ e-mail: [email protected]
ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

អត្ថបទ ៖ ក្មេងប្រុសពីមុន
ប្រភព៖ sabay

  • ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នេះ​​ចេះ​កែ​ខ្លួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: