ញាក់សាច់ ! ចៅអធិការ​វត្ត​ជួញដូរ​គ្រឿងញៀន

ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៦ បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​បរិវេណ​វត្ត​ខ​ត្តិ​យា​រាម ហៅ​វត្ត​កណ្តាល ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ទី​៨​កក្កដា​២០១៦ ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ស៊ើបអង្កេត​រយៈពេល​យូរ ព្រមទាំង​បង្កើត​នូវ​ភ្នាក់ងារ​ជំនាញ​បាន​កំណត់​គោលដៅ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ព្រះ​ចៅអធិការ​មួយ​អង្គ​គង់នៅ​វត្ត​ខ​ត្តិ​យា​រាម ហៅ​វត្ត​កណ្តាល ខណៈ​ឆែកឆេរ​ក​ឃើញ​គ្រឿងញៀន​១​កញ្ចប់​ធំ​នៅ​ក្នុង​កុដិ​របស់​លោក​ផ្ទាល់ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ការ​ឆែកឆេរ និង​រក​ឃើញ​វត្ថុ​តាង ជំនាញ​បាន​រាយការណ៍​ទៅ​លោកស្នងការ លោកស្នងការ​ក៏​បាន​រាយការណ៍​ជូន​ទៅ​លោក​អភិបាលខេត្ត ដើម្បី​សុំ​គោលការណ៍​បន្ថែម ។

សមត្ថកិច្ច​បាន​ប្រាប់​«​កោះសន្តិភាព​»​នា​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ដែរ​ថា បន្ទាប់​ពី​ជំនាញ​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​បាន​រាយការណ៍​ជូន​លោក​អភិបាលខេត្ត បន្ទាប់​មក​លោក​អភិបាលខេត្ត​បាន​ចាត់​តំណាង​របស់​មន្ទីរ​ធម្មការ និង​សាសនា ព្រមទាំង​ព្រះ​មេគុណ​ខេត្ត​ចំនួន​៣​អង្គ​ចូលរួម ហើយ​ចាប់​ផ្សិ​ក​នៅ​កន្លែង​កើតហេតុ និង​នាំ​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ដើម្បី​ធ្វើការ​សាក់សួរ​បន្ថែម​លើ​ករណី​ខាងលើ​នេះ ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ផ្សិ​ក​ចេញពី​ព្រះសង្ឃ​នោះ​មានឈ្មោះ ម៉ៃ សំ​អឿ​ន អាយុ​៣៤​ឆ្នាំ ជា​អតីត​ព្រះ​ចៅអធិការ​វត្ត​ខ​ត្តិ​យា​រាម ហៅ​វត្ត​កណ្តាល ។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជំនាញ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដែល​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ។ ជាក់ស្តែង​ថ្នាំ​ញៀន​ដែល​ដកហូត​បាន​នោះ​មាន​ចំនួន​៩៣៦,៧​ក្រាម ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ។

បច្ចុប្បន្ន ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕