ឃាត់ខ្លួន​មនុស្ស​៥​នាក់​ និង​ដកហូត​បាន​ថ្នាំញៀន​៣​កូន​ថង់​តូច​

ឃាត់ខ្លួន​មនុស្ស​៥​នាក់​ និង​ដកហូត​បាន​ថ្នាំញៀន​៣​កូន​ថង់​តូច​



បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ​ កម្លាំង​នគរបាល​បង្ក្រាប​គ្រឿងញៀន​ខេត្ត ​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ចុះ​បង្ក្រាប​មុខ​សញ្ញា​ជួញដូរ​គ្រឿង​ខុសច្បាប់​នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​សួន​ស្នេហ៍​មានជ័យ ​ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​/ស្រី​បាន​ចំនួន​៥​នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​១​នាក់​ផង​ និង​ដកហូត​វត្ថុតាង​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ម៉ា​ទឹកកក​ចំនួន​៣​ថង់​តូច ស្មើ​នឹង​១.៥៧​ក្រាម ព្រមទាំង​សម្ភារៈ​ជក់​មួយ​ចំនួន​ធំ​ក្រោយពី​ធ្វើការ​ឆែក​ខ្លួន​ ហើយ​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​ត្រូវ​បាន​នគរបាល​បញ្ជូន​មក​ស្នងការ​ដើម្បី​សាកសួរ​បន្ត​។​

លោក​វរសេនីយ៍ឯក ​ចាប​ សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ ទទួលបន្ទុក​គ្រឿងញៀន​និង​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ ១​-ឈ្មោះ​ សុ​ភ័​ក្រ​ អា​នុ​ន​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ។ ២​-ឈ្មោះ ​ស៊ីម ចាន់​រ៉ា ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ។ ៣-ឈ្មោះ​ ដា​ណា​រិ​ទ្ធ​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ។ ៤-ឈ្មោះ​ ហុំ​ដាវី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ និង​៥​-ឈ្មោះ ​ហុង ​ឆឹង ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម​ អ្នក​ទាំង​៥​នាក់​នេះ​រស់នៅ​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

លោក ចាប ​សុ​ផា​រិ​ទ្ធ​ បាន​បញ្ជាក់​ទៀត​ថា ​បើ​តាម​​ជនសង្ស័យ​ទាំង​៥​នាក់​បាន​ឆ្លើយ​សារភាព​ដូចគ្នា​ថា ​ខ្លួន​ពិតជា​បាន​យក​ថ្នាំញៀន​ទៅ​លក់​ចែកចាយ​ឲ្យ​បក្សពួក​នៅ​តាម​ផ្លូវ​សាធារណៈ​សម្រាប់​យក​ទៅ​ជក់​បន្ត​ពិត​ប្រាកដ​មែន​។ ​ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ​ ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕