រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​តំណែង​អភិបាល​ក្រុង​បានលុង​ខេត្ត​រតនគិរី

អភិបាល​ក្រុង​បានលុង ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តួនាទី​ជា​មន្ត្រី​សាលា​ខេត្ត​រតនគិរី។ ចំណែក​តំណែង​អភិបាល​ក្រុង​ថ្មី ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អតីត​ប្រធាន​ពន្ធនាគារ ខេត្ត​រតនគិរី គឺ​លោក ងិន ណែល។

ការ​ផ្ទេរ​ភារកិច្ច​អភិបាល​ក្រុង​បានលុង ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា បន្ទាប់​ពី​អភិបាល​ក្រុង​ចាស់​ដែល​ត្រូវ​ផ្លាស់​ចេញ លោក អ៊ុក សំអុល ​មាន​រឿង​ចម្រូងចម្រាស​ជា​ច្រើន​ទាក់ទិន​ការ​ដឹកនាំ​របស់​លោក​ចាប់​ពី​ពេល​ចូល​កាន់​តំណែង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ ជាពិសេស​អាជីវករ​ផ្សារ​បានលុង ជាង ២០០​នាក់ បាន​ប្ដឹង​លោក​ពី​បទ​ប្រមាថ និង​រុះរើ​តូប​អាជីវករ​ដើម្បី​យក​ដី​ចំណី​ផ្សារ​ប្រគល់​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម។

លោក ងិន ណែល ជា​អតីត​គ្រូបង្រៀន ជា​មន្ត្រី​សន្តិសុខ​សាលា​ខេត្ត ជា​អតីត​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី រយៈពេល​ជាង ២០​ឆ្នាំ និង​ជា​មន្ត្រី​ថ្នាក់​នាយកដ្ឋាន​ក្រសួង​មហាផ្ទៃ ថ្លែង​ប្ដេជ្ញា​ចិត្ត​ក្នុង​ពិធី​ផ្ទេរ​តំណែង​ថា លោក​នឹង​ខិតខំ​ធ្វើ​ការងារ​បម្រើ​ប្រទេស​ជាតិ៖ «ប្ដេជ្ញា​គោរព​ម៉ឺងម៉ាត់​សច្ចធម៌ យុត្តិធម៌​ចំពោះ​មុខ​ច្បាប់ បទបញ្ញត្តិ និង​លិខិត​បទដ្ឋាន​នានា។ រក្សា​ចំណង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជា​ធ្លុង​មួយ និង​ខិតខំ​លុប​បំបាត់​ឲ្យ​អស់​ភាព​អសកម្ម​នានា ជា​ពិសេស​ពង្រឹង​អភិបាលកិច្ច​ល្អ»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ខណៈ​លោក ងិន ណែល រៀបចំ​ចូល​កាន់​តំណែង​ថ្មី​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​បាន​បញ្ចេញ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់​ពី​ការងារ​អសកម្ម​របស់​លោក​ក្នុង​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​នៅ​អំឡុង​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ ថា ការ​គ្រប់គ្រង​អ្នក​ទោស និង​ការ​រៀបចំ​ពន្ធនាគារ​មិន​បាន​ល្អ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។