ឡិច​ស៊ី​សបែក​កង់​ស្ដាំ រេ​បុក​ម៉ូតូ​ពេញទំហឹង​ស្លាប់​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ម៉ូតូ​ដែល​ខ្លួន​ជិះ​ដាច់​ចេញពី​គ្នា ពីរ​បី​កំណាត់ ដោយសារ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៣០០​បើកបរ​បែក​កង់​មុខ​ខាងស្តាំ ហើយ​មក​បុក​យ៉ាង​ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ​១៧៣-១៧៤​ស្ថិត​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល ថ្ងៃ​ទី​០៧ ខែកក្កដា ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៣០០​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N- 6945 បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បែក​កង់​មុខ​ខាងស្តាំ ហើយ​មក​បុក​ម៉ូតូ​មួយ​គ្រឿង​បញ្ច្រាសទិស​គ្នា ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ឈួ​ន ផល ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រូប​នោះ រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។ វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ព្រៃ​នប់ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ដើម្បី​ទុក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕