ថ្ងៃស្អែក​ចូល​រោងការ​បង ថ្ងៃនេះ​ប្អូន​ឆក់​ខ្សែភ្លើង​ស្លាប់

ខេត្តបាត់ដំបង ៖ មាន​ហេតុ​ការ​ដ៏​រន្ធត់​បំផុត ខណៈ​រោងការ​បាន​សាងសង់​រួចរាល់​ដែល​ត្រៀម​ចូល​រោងការ​បងស្រី​នៅ​ថ្ងៃស្អែក ស្រាប់តែ​អកុសល​ប្អូនស្រី​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ ដែល​ស្ថិត​នៅ​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​ធ្វើ​ឲ្យ​ពិធី​មង្គលការ​បងស្រី​ត្រូវ​លុប​ចោល​ទាំងស្រុង ដើម្បី​យក​រោងការ​ធ្វើ​ជា​រោង​បុណ្យសព​ប្អូនស្រី​វិញ​។

មន្ត្រី​នគរបាល​ប៉ុស្ដិ៍​លោក មាស សុខា បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រឹម ស្រី​នឿ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់​នៅ​ក្នុង​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ ពេល​នាង​ទៅ​ដក​ឌុ​យ​ភ្លើង​។ ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួ​សារបាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ តែ​អកុសល​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ លោក មាស សុខា បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់ ស្រប​ពេល​នៅផ្ទះ​របស់​នាង​បាន​សាងសង់​រោង​រួចរាល់​ត្រៀម​ចូល​រោង​រៀបចំ​មង្គលការ​បងស្រី​របស់​នាង នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ​ផង​ដែរ តែ​ពេល​នេះ​ត្រូវ​លុប​ចោល​នូវ​ពិធី​មង្គលការ​នេះ​ហើយ ដើម្បី​រៀបចំ​ធ្វើ​បុណ្យសព​ប្អូនស្រី​វិញ​សិន​។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ឈ្មោះ​រឹម ស្រី​នឿ​ន បាន​ដើរទៅ​ដក​ឌុ​យ​ខ្សែភ្លើង​ដែល​ត​កង្ហា​នៅ​ក្នុង​តូប​ខាង​មុខ​ផ្ទះ តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ត្រូវ​ខ្សែភ្លើង​ឆក់​អុក​គូថ​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ​ភ្លាម​បងប្អូន​បាន​ដឹក​តាម​រថយន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ តែ​ទៅ​ដល់​ពេទ្យ​គឺ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ បងប្អូន​ក៏​បាន​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​មិន​អស់ចិត្ត​ក៏​នាំ​គ្នា​យក​សាកសព​ទៅ​កប់​ដីខ្សាច់​ទៀត ដើម្បី​ឲ្យ​អស់ចិត្ត តែ​ទីបំផុត​នៅ​តែ​មិន​អាច​សង្គ្រោះ​បាន​ឡើយ​។

ជាមួយនឹង​ភាព​សោកសៅ ដែល​កើតឡើង​ស្រប​ពេល​មានការ​រៀបចំ​ពិធី​មង្គលការ​កូនចៅ​នេះ បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​លុប​ចោល​ពិធី​មង្គលការ​នោះ​ហើយ ដោយ​សម្រេច​យក​រោងការ​ធ្វើ​ជា​រោង​បុណ្យសព​វិញ​។  រីឯ​ភ្ញៀវ​រាប់រយ​នាក់​ដែល​បាន​អញ្ជើញ​ឲ្យ​ចូលរួម​មង្គលការ​កូនប្រុស​ស្រី​ក៏​ត្រូវ​ជូនដំណឹង​សុំ​ផ្អាក​វិញ​ហើយ​ដែរ ព្រោះ​គ្រួសារ​ខាង​កូនក្រមុំ កំពុង​មានទុក្ខ​យ៉ាងធ្ងន់ធ្ងរ​បំផុត​៕