ប្អូនថ្លៃ​កាប់​បងថ្លៃ​ជា​ទាហាន​​ម្នាក់​ ស្លាប់​ គ្រាន់តែ​និយាយ​លេងសើច​ជាមួយ​ក្មួយ​ៗ

ប្អូនថ្លៃ​កាប់​បងថ្លៃ​ជា​ទាហាន​​ម្នាក់​ ស្លាប់​ គ្រាន់តែ​និយាយ​លេងសើច​ជាមួយ​ក្មួយ​ៗ



ពោធិ៍សាត់ ​៖​ គ្រាន់​តែ​រឿង​អ៊ំ​ និង​ក្មួយ​នៅ​គ្រួសារ​ជាមួយគ្នា​ចំអន់​លេងសើច​សោះ​ ក៏​ស្រាប់តែ​ក្លាយ​ជា​អំពើ​ហិង្សា​ ក្នុង​មួយ​ប៉ប្រិច​ភ្នែក​​ ដោយ​ជន​ដៃដល់​ត្រូវជា​ប្អូនថ្លៃ​ បាន​ទាញ​ពូថៅ​កាប់​ក្បាល​បងថ្លៃ​ខ្លួនឯង​ជា​ទាហាន​​ឋានៈ​វរសេនីយ៍​នៅ​ការពារ​ប្រាសាទ​ព្រះវិហារ​ស្លាប់​ ហើយ​គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែ​​កក្កដា​ ឆ្នាំ​២០១៦ នៅ​ចំណុច​​​ភូមិ​អូរ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោកស៊ឹ​ម សុង នាយ​​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​​​បាន​ឲ្យ​កម្ពុ​ជា​ថ្មី​ដឹង​ថា ​៖ ​ជនរងគ្រោះ​ ដែល​ស្លាប់​ក្នុង​អំពើ​ហិង្សា​នោះ ​ឈ្មោះ​ឃុ​ត ឃាន ​ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ ​មាន​​មុខងារ​ជា​ទាហាន​ឈរជើង​ការពារ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ឋានៈ​ជា​វរសេនីយ៍។ ចំណែក​ជនសង្ស័យ​ត្រូវជា​ប្អូនថ្លៃ​​ ​ឈ្មោះ បាន ខ្លឹម​អាត ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ រស់នៅ​គ្រួសារ​ជុំ​គ្នា​​​ជាមួយ​ជនរងគ្រោះ។

លោក​ស៊ឹ​ម សុង បាន​ពិព័រណ៍​អំពី​ហេតុ​ការណ៍​នេះ​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ ថា ​៖​ បើ​ការ​បំភ្លឺ​របស់​​​ក្រុម​គ្រួសារ​ជនរងគ្រោះ​, នៅ​មុន​ពេល​​​កើតហេតុ ​ក្រោយ​ពី​គ្រួសារ​មួយ​នេះ ​ហូបបាយ​ជុំ​គ្នា​នៅ​ក្រោម​ផ្ទះ​រួចរាល់​ គឺ​ក្មេង​ស្រី​អាយុ​ប្រហែល​១០​ឆ្នាំ​ នៅ​ក្នុង​គ្រួសារ​បន្ទុក​តែមួយ​នេះ​ បាន​លើក​បី​កូន​ប្រុស​របស់​ប្អូន​ថ្លៃ​​ជនរងគ្រោះ ​ដែល​ត្រូវជា​ក្មួយ​ (​ជនរងគ្រោះ​ជា​បងថ្លៃ​បាន​​ប្រពន្ធ​នាង​បង, ​​​​ជន​សង្ស័យ​បាន​នាង​ប្អូន)។

ពេល​​​​ឃើញ​ក្មួយ​ស្រី​ប្រឡែង​គ្នា​លើក​បី​កូន​ប្រុស​របស់​ប្អូនថ្លៃ​អាយុ​ប្រហែល​​៥​ឆ្នាំ​នោះ​មិន​រួច ​​ជនរងគ្រោះ​ក៏​ស្រែក​លេង​ជា​របៀប​ចំអន់​លេង​ថា ក្មួយ​ឯង​បី​វា​លើក​ម៉េច​រួច ​បើ​មាឌ​វា​ប៉ិន​ក្មួយ​ស្រី​ឯង​ហើយ អា​នឹង​សក្ដិ​ប៉ុន្មាន​បាន​ធ្ងន់​បី​មិន​រួច។ គ្រាន់តែ​​ឮ​បងថ្លៃ ​ជា​ជនរងគ្រោះ​ថា​ឲ្យ​ក្មួយ​ពាក្យ​ប៉ុណ្ណឹង​សោះ ជន​ដៃដល់​ជា​ប្អូនថ្លៃ​បាន​ស្ទុះ​ទៅ​ទាញ​ពូថៅ​មក​កាប់ ​ជនរងគ្រោះ​​​មួយ​ទំហឹង​ចំក្បាល​ពីក្រោយ​បណ្ដាល​ឲ្យ​របួស​ផុង​​លលាដ៍​ប្រកាច់​ស្លឈាម ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​បាន​ពាក់កណ្ដាល​ផ្លូវ​ ក៏​ស្លាប់​តែម្ដង ឯ​ជនសង្ស័យ​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច។

ទាក់ទិន​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​​មាន​ស្ថាន​ទម្ងន់​នេះ ​​​​លោក​អែម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កក្កដា​ នេះ​ថា ខាង​សមត្ថកិច្ច​នគរបាល​ផ្នែក​ជំនាញ​បាន​ និង​កំពុង​ស្វះស្វែង​ស្រាវជ្រាវ​តាម​រក​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​ហើយ។

លោក​អធិការ​នគរបាល​ ក៏​បាន​លើក​ឡើង​ថា មិន​គួរ​ណា​ជន​ដៃដល់​លើក​ពូថៅ​កាប់សម្លាប់​លើ​បងថ្លៃ​ខ្លួនឯង ​គ្រាន់តែ​រឿង​ពាក្យ​សម្ដី​ប៉ុណ្ណឹង​សោះ។ នេះ​ជា​អំពើ​ព្រៃផ្សៃ​មួយ​ដែល​ខុស​នឹង​ច្បាប់​​យ៉ាង​ធ្ងន់ធ្ងរ ហើយ​លទ្ធផល​ចុងក្រោយ​គឺ​ស្ត្រី​ពីរ​នាក់​បងប្អូន​បង្កើត​នឹង​ក្លាយ​ជា​ស្ត្រី​មេម៉ាយ រីឯ​កូន​ៗ​អ្នក​ទាំងពីរ​ក្លាយ​ជា​ក្មេង​កំព្រា​​គ្មាន​ឪពុក៕

ប្អូនថ្លៃ​កាប់​បងថ្លៃ​ជា​ទាហាន​​ម្នាក់​ ស្លាប់​ គ្រាន់តែ​និយាយ​លេងសើច​ជាមួយ​ក្មួយ​ៗ