ដកហូត​ម៉ូតូ​២៤​គ្រឿង​គ្មាន​ឯកសារ ពី​ផ្ទះ​ទទួល​បញ្ចាំ​ម៉ូតូ​មួយ​កន្លែង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ក្រុង និង​ខេត្តកំពង់ឆ្នាំង  ដោយ​មានការ​សម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ បាន​ចុះ​ទៅ​ពិនិត្យ និង​ឆែកឆេរ​នៅផ្ទះ​បញ្ចាំ​ម៉ូតូ​១​កន្លែង នៅ​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដោយ​ដកហូត​ម៉ូតូ​ចំនួន​២៤​គ្រឿង​យក​មក​រក្សា​ទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឲ្យ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​ម៉ូតូ​ទាំងនោះ​ទើប​ប្រគល់​ឲ្យ​វិញ ។ លោក ពេជ្រ រ៉ី នាយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ទទួល​បញ្ចាំ​ម៉ូតូ​ខាងលើ​នេះ​មានឈ្មោះ ឯក សុខា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ដូច​កន្លែង​កើតហេតុ​ខាងលើ​។

លោក​បាន​បន្ត​ថា មុន​ពេល​មានការ​ឆែកឆេរ ត្រួតពិនិត្យ ម៉ូតូ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ អឿ​ន វណ្ណៈ ហៅ​ម៉ា​ប់ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​សាំ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ដែល​បាន​ធ្វើ​សកម្មភាព លួច​ម៉ូតូ​របស់​គេ ហើយ​បាន​សួរ​ចម្លើយ ទើបបាន​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ ហើយ​បាន​យក​មក​បញ្ចាំ​នៅផ្ទះ​ខាងលើ ទើប​សមត្ថកិច្ច​បាន​សុំ​ឆ្លង​យោបល់ លោកស្នងការ និង​មានការ​សម្របសម្រួល​ពី​លោក ឡុ​ង ស៊ី​ថា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើការ​ឆែកឆេរ ឃើញ​ម៉ូតូ​ដែល​ចោរលួច​យក​មក​បញ្ចាំ ហើយ​ព្រះ អាជ្ញា​រង​បាន​សម្រេច​ដកហូត​ម៉ូតូ​ទាំងអស់​ចំនួន​២៤​គ្រឿង ដែល​គ្មាន​ឯកសារ​យក​មក​រក្សា​ទុក នៅ​ស្នងការដ្ឋាន​ជា​បណ្តោះអាសន្ន រង់ចាំ​ម្ចាស់​យក​ឯកសារ​ពាក់​ព​ន្ធ័​និង​ម៉ូតូ មក​បង្ហាញ​ទើប​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ។ សូម​បញ្ជាក់​ថា នេះ​ជា​ករណី​ទី​១​ហើយ សម្រាប់​ខេត្ត​ដែល​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ និង​ដកហូត​ម៉ូតូ​គ្មាន​ឯកសារ នៅ​ហាង​បញ្ចាំ​ដែល​ជា​វិធានការ​ទប់ស្កាត់​បទល្មើស​លួច​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​៕