យុវវ័យ​៤​នាក់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ព្រោះតែគ្រឿងញៀន

ខេត្តកំពត ៖ ដោយ​ការ​ខិតខំ​ប្រឹង​បោសសម្អាត​របស់​កម្លាំង​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​យ៉ាង​សស្រាក់សស្រាំ​ដូច​ភ្លៀងរលឹម ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​បានការ​សហការពី​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​សម្បុក​លាក់ខ្លួន​សម្ងំ​សេព​គ្រឿងញៀន​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៤​នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន ហើយ​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។

លោក​វរ​សេនី​ទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុ​តាង​ដែល​កម្លាំង​យើង​ឃាត់ខ្លួន​កំពុង​ប្រើប្រាស់​គ្រឿងញៀន​មាន​ទី​១.​ឈ្មោះ សុខ រ​ដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខា​ជើង សង្កាត់​កំពង់បាយ ក្រុង​កំពត
មានមុខ​របរ​មិន​ពិតប្រាកដ​។ ទី​២.​ឈ្មោះ គឹ​ម ឃាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត មានមុខ​របរ​ដេ​គ័​រ​។ ទី​៣.​ឈ្មោះ នុយ ទី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុះ​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត មានមុខ​របរ​និស្សិត​។ ទី​៤.​ឈ្មោះ ពិន និមល ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ​។

វត្ថុ​តាង​ដកហូត​រួម​មាន ម្សៅ​K ចំនួន​១​កញ្ចប់​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​សម្រាប់ ម៉ូតូ​២​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​កំពុង​ឃាត់ខ្លួន​នៅ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ​៕