ក្រុមហ៊ុន​Smart ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​គាំទ្រ​លើកស្ទួយ​ចម្រៀង​ខ្មែរ​ដែល​មិន​ចម្លង​ពី​គេ​

ក្រុមហ៊ុន​Smart ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​គាំទ្រ​លើកស្ទួយ​ចម្រៀង​ខ្មែរ​ដែល​មិន​ចម្លង​ពី​គេ​



ភ្នំពេញ ៖ ក្រុមហ៊ុន​Smart​បាន​បើក​យុទ្ធ​ការ​មួយ​ដែល​មាន​ឈ្មោះថា​«​ចូលរួម​គាំទ្រ​ទាំងអស់​គ្នា ដើម្បី​លើកស្ទួយ​ចម្រៀង​ខ្មែរ ដែល​មិន​ចម្លង​គេ​»​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ទាំងអស់​គ្នា​ដើម្បី​ជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ចម្រៀង​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ថែមទៀត។

យុទ្ធនាការ​ក្នុង​ចូលរួម​គាំទ្រ​ទាំងអស់​គ្នា ដើម្បី​លើកស្ទួយ​ចម្រៀង​ខ្មែរ ដែល​មិន​ចម្លង​គេ នឹង​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​សាកលវិទ្យាល័យ​នានា កន្លែង​សាធារណៈ និង​ផ្សារ​ទំនើប​។ ជាក់​ស្តែង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ​ខែកក្កដា ឆ្នាំ​២០១៦ ក្រុមហ៊ុន​Smart​បាន​បើក​យុទ្ធនាការ​នេះ​នៅ​ផ្សារ​ទំនើប​អី​អន​ ដោយមាន​ការចូលរួម​ពី​សិល្បករ​ដែល​ច្រៀង​បទ​ចម្រៀង​មិន​ចម្លង​ពី​គេ​ជាច្រើន។

តាមរយៈ​យុទ្ធនាការ​នេះ​នឹង​ក្លាយ​ជា​មូលដ្ឋានគ្រឹះ នៃ​ការ​លើកកម្ពស់​ការយល់​ដឹង អំពី​សារៈសំខាន់ នៃ​ការ​ការពារ​កម្មសិទ្ធិបញ្ញា នៃ​ការផលិត​តន្ត្រី ក្នុងស្រុក និង​បង្កើន​ការ​លើក​ទឹក​ចិត្ត​របស់ សាធារណជន​កម្ពុជា ដើម្បី​ឲ្យ​មានការ​ផលិត​ជា​ចម្រៀង​ខ្មែរ​ឲ្យ​កាន់តែ​ច្រើន​ទៀត។

ការ​លួច​ចម្លង​បទ​បរទេស​ដោយ​ខុសច្បាប់ បាន​កើត​មាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា ប៉ុន្តែ​ពេលនេះ ត្រូវ​បាន​មើល​ឃើញ​យ៉ាង​ផុសផុល ពី​អតិថិជន​នូវ​តម្រូវការ នៃ​ការ​ការពារ​បទ​ចម្រៀង ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​សិល្បករ​ខ្មែរ ហើយ​ការ​គាំទ្រ បទ​ចម្រៀង ដែល​មិន​ចម្លង​បទ​បរទេស​បាន​ក្លាយ​ជា របត់​ថ្មី​មួយ​ក្នុងចំណោម​យុវជន ស្រទាប់​ក្រោយ ហើយ​របត់​នេះ សបញ្ជាក់​ពី​ឱកាស​ថ្មី​នៃ​ការអភិវឌ្ឍន៍ ឧស្សាហកម្ម​តន្ត្រី​របស់​ប្រទេស​នេះ។

ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ការ លើកកម្ពស់​ផ្នត់គំនិត​ថ្មី​នេះ និង​ដើម្បី​ការពារ​ទេពកោសល្យ​តន្ត្រី​ក្នុងស្រុក ក្រុមហ៊ុន Smart ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ឈានមុខ​គេ នៃ​មាតិកា​តន្ត្រី​នៅ​ក្នុង​ប្រទេស​នេះ នៅតែ​បន្ត ដើម្បី​ផ្តល់ឱកាស និង​សេវាកម្ម​ថ្មី ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​សហគមន៍ និង​ជំរុញ​ទឹកចិត្ត​ដល់​បុគ្គល ដែលមាន​ចំណង់​ចំណូលចិត្ត​ខ្លាំង និង ចំណាប់អារម្មណ៍​លើ​តន្ត្រី។

លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែង​ថា «​ការ​គាំទ្រ និង​ចំណង់​ចំណូលចិត្ត​លើ​តន្ត្រី​របស់​យើង គឺ​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា តួយ៉ាង​ដូចដែល​បាន​ឃើញ​នូវ​ការ​នាំ​មក​នូវ​ការ​ប្រគំ​តន្ត្រី​អន្តរជាតិ ដែល​សម្តែង​ដោយ Demi Lovato និង Jessie J កាលពី​ឆ្នាំមុន តាមរយៈ​ភាពជា​ដៃគូ​ផ្តាច់​មុខ​ជាមួយ Universal Music។ យើង​សង្ឃឹមថា វា​នឹង​ជំរុញ​នូវ​ចក្ខុវិស័យ​សម្រាប់​ត​ន្ត្រី​យើង​ទៅជា តន្ត្រី​លំដាប់ថ្នាក់​ពិភពលោក​»​។​
​លោក​បាន​បន្តថា​អ្នក​គ្រប់គ្នា​អាច​ចូលរួម ក្នុង​យុទ្ធនាការ​នេះ ដោយ​ទាញយក​កម្មវិធី Smart Music ដែល​អ្នក​អាច​ស្តាប់​ចម្រៀង​ជាង ១​លាន​បទ គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ មិនតែប៉ុណ្ណោះ ការ​ស្តាប់​ចម្រៀង​តាមរយះ Smart Music លោកអ្នក​បាន​ចូលរួមចំណែក​ផ្តល់នូវ​ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់​សិល្បករ​សិល្បការិនី​ផងដែរ​។ នៅពេលដែល​យើង ដោ​ន​ឡួ​ត​ចម្រៀង​ដោយ​ខុសច្បាប់ ឬ ការ​ស្តាប់​ចម្រៀង ដោយ​អត់​បង់លុយ​, អ្នក​ផលិត​ចម្រៀង​នឹង​បាក់​ទឹកចិត្ត​បន្តិច​ម្តងៗ ហើយ​គេ​នឹង​ជំនួស​មកវិញ ដោយ​ការ​លួច​បទ​ចម្រៀង​បរទេស​៕​