រ៉ឺ​ម៉ក​បុក​គ្នា​ជាមួយ​ម៉ូតូ លទ្ធផល​ស្លាប់​២​នាក់

ខេត្តកំពង់ធំ ៖ រ៉ឺ​ម៉ក​ម៉ូតូ​បុក​គ្នា​ជាមួយនឹង​ម៉ូតូ​ជិះ​ឌុ​ប​គ្នា បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ ចំណែក​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ស្រាល​បាក់ដៃ​ស្តាំ​ម្ខាង​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ប្រពន្ធ​ឌុ​ប​ទៅ​កាន់​មន្ទីរពេទ្យ​។ ឧប្បទ្ទវ​ហេតុនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ​ភូមិ​ឬ​ស្សី​ជះ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

ប្រភព​ព័ត៌មាន​ពី​លោក វរៈ​សេនី​យ៏​ត្រី យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រ៉ឺ​ម៉ក​ម៉ូតូ​គ្មាន​ស្លាក​លេខ​ដែល​បើកបរ​ដោយ​ឈ្មោះ ភឹ​ម ឆើត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​វ៉េវ​ពណ៌​ត្រួយ​ចេក​ពាក់​ស្លាក​លេខ​សៀមរាប​1B-8459 បើកបរ​ដោយ​ឈ្មោះ ញ៉​ក់ ចេ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ដួច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បាន​ឌុ​ប​ឈ្មោះ គៀ​ម ហាវ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ក្អិ​ន ឃុំ​ចំណា​លើ ស្រុក​ស្ទោង ដែល​រួម​ដំណើ​ជាមួយ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ឈ្មោះ ញ៉​ក់ ចេ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នកបើកបរ​ម៉ូតូ​វ៉េវ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ គៀ​ម ហាវ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ស្លាប់​នៅ​ពេល​ប​ញ្ជួ​ន​ទៅ​ដល់​មន្ទីរពេទ្យ​។

ចំ​ណែ​អ្នកបើកបរ​រ៉ឺ​ម៉ក​ឈ្មោះ ភឹ​ម ឆើត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួស​បាក់ដៃ​ស្តាំ​ម្ខាង ត្រូវ​បាត់​រត់គេច​ខ្លួន​បាត់ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​មក​ដល់ក​ន្លៃ​ង​កើតហេតុ ក៏​ជិះ​ម៉ូតូឌុប​យក​ទៅ​ពេទ្យ ហើយ​សមត្ថកិច្ច​បាន​បើករថយន្ត​តាម​ក្រោយ ចៃដន្យ​រថយន្ត​សមត្ថកិច្ច​បែក​កង់ ដូច​បាន​ទុក​ឱកាសល្អ​ឲ្យ​អ្នកបើកបរ​រ៉ឺ​ម៉ក រត់គេច​ខ្លួន​បាត់​តែ​ម្តង​ទៅ​។ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ភាគី​ខាង​ម្ចាស់​រ៉ឺ​ម៉ក​បើកបរ​មិន​ប្រកាន់​ស្តាំ សង្ស័យ​ស្រវឹង​ពីព្រោះ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ តែ​ទោះជា​យ៉ាងណា​ក្តី ក៏​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ច្បាស់ និង​តាម​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។ បន្ទាប់​ពី​សមត្ថកិច្ច ធ្វើការ​វាស់វែង​រួច​ក៏​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕