ទំនិញគេចពន្ធ​ត្រូវគេ​លួច​នាំចូល​នៅពេល​យប់​តាម​ផែ​ឯកជន​របស់លោក សូ ជុង​ហួរ នៅ​តំបន់​ទំនប់រលក​តាម​អំពើ​ចិត្ត តែ​គេ​មិនដែល​ឃើញ​ជំនាញ​គយ​បង្ក្រាប​ទេ​

​ខេត្ត​ព្រះសីហនុ​៖ មាន​សេចក្តីរាយការណ៍​ដោយបាន​អះអាងថា ផែន​ឯកជន​របស់លោក សូ ជុង​ហួរ អតីត​ផែ​កាណូត​រ៉ូយ៉ាល់ នៅ​តំបន់​ផ្សារ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ កំពុងតែ​ក្លាយទៅជា​កន្លែង​នាំចូល​ទំនិញគេចពន្ធ​នៅ​ពេលយប់​រាប់សិប​ឆ្នាំ​មកហើយ​ដែល​លាក់បាំង​ពី​ភ្នែក​មហាជន​។ ការនាំ​ចូល​ទំនិញគេចពន្ធ​នៅពេល​យប់ គឺ​ដើម្បី​ចៀស​ផុតពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ​។ ប៉ុន្តែ​ដោយសារ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​នេះ​បាន​យ៉ាង​រលូន ហើយ​គេ​មិនដែល​ឃើញ​មាន​ចំណាត់ការ​បង្ក្រាប​ពី​ជំនាញ​គយ ម្តងណា​ឡើយ​។​

​សូមបញ្ជាក់ថា​កន្លងមក​ផែ​ឯកជន​ដែល​លោក សូ ជុង​ហួរ ជួល​ពី​រដ្ឋ​នៅក្នុង​ភូមិ​៣ ជាប់​ផ្សារ​ទំនប់រលក គឺជា​ផែ​កាណូត​រ៉ូយ៉ាល់​សម្រាប់​ដឹក​អ្នកដំណើរ​ទៅ​ខេត្តកោះកុង និង​ទៅ​កោះរុង​ជាដើម​។ ក៏ប៉ុន្តែ​ឥឡូវ​ផែន​ឯកជន​នេះ​មានការ​នាំចេញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​នៅពេល​យប់ ជាពិសេស​នៅពេល​មន្ត្រី​គយ​ឬ​សមត្ថកិច្ច​ដទៃទៀត​សម្រាក​។ ប្រភព​បាន​បង្ហើប​ថា គេ​សង្ស័យ​មានការ​ឃុបឃិត​គ្នា​យ៉ាង​ប្រាកដ និង​ជា​ប្រព័ន្ធ ទើប​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​ចូល​តាម​ផែ​ឯកជន របស់លោក សូ ជុង​ហួរ នេះ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការត្រួតពិនិត្យ និង​បង់ពន្ធ​ចូល​រដ្ឋ​ឡើយ​។​

​ដោយឡែក​ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ខ្សឹបខ្សៀវ​ឲ្យ​ដឹងថា លោក សូ ជុង​ហួរ មានអំណាច​មិនធម្មតា​តាំងពី​នៅ​ធ្វើជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​មកម្ល៉េះ ហើយ​នៅពេល​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក សូ ជុង​ហួរ រឹតតែ​មានអំណាច​ខ្លាំង​ថែមទៀត​ព្រោះ​គាត់​ជាទី​ប្រឹក្សា​របស់​មេដឹកនាំ​ជាន់ខ្ពស់​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​មិន​ហ៊ាន​បង្ក្រាប​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​របស់គាត់​នោះទេ​។ បញ្ហា​នេះ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​តាម​ផែ​ឯកជន​របស់លោក សូ ជុង​ហួរ អាចធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​៕

KA-08-07-2016-04