ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​ក្នុង​ករណី​បទល្មើស​ពីរ​ផ្សេងគ្នា

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​ក្នុង​ករណី​បទល្មើស​ពីរ​ផ្សេងគ្នា



កណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ស្រាវជ្រាវ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីរ​ផ្សេងគ្នា​ក្នុង​ករណី​បទល្មើស​ពីរ​ដាច់ដោយឡែក​ពី​គ្នា​ដែល​ប្រព្រឹត្ត​ក្នុង​ពេល​ផ្សេងគ្នា។

ការ​ឃាត់ខ្លួន​ធ្វើឡើង​កាល​ពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃ​ហ្លួង ​ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​វើ​ន សុខ​រឿន ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​នៅ​ភូមិ​ត្រពាំង​ទួល ឃុំសំរោងលើ​ ស្រុក​អង្គស្នួល ខេត្តកណ្តាល។

ការ​ចាប់​ខ្លួន​នេះ​ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៧៧៩​ ដ.ក.ប.​ច​ ចុះ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៥ ដោយ​លោក​ផូង វណ្ណ ​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្ត​កណ្ដាល ដែល​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា ​ឆ្នាំ​២០១៥​។ ដីកា​នេះ​បាន​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មួយទៀត​លេខ​៦៨៦​ដ​.​ច​.​ខ​របស់​លោក គឹម ម៉េង ​ចៅក្រម​ស៊ើប​សួរ សាលាដំបូង​ខេត្ត​កណ្តាល​ចុះ​ថ្ងៃ​ទី​០៩ ​ខែសីហា ឆ្នាំ២០១៥ ​ពី​បទ​បង្ក​របួស​ដោយ​ចេតនា ប្រ​ព្រឹត្ត​នៅ​ភូមិ​ទួល​សា​ម៉ ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ​ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ២០១០ កាលពី​៦​ឆ្នាំមុន។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពេល​ប្រព្រឹត្ត​បទល្មើស​ភា្លមៗ​ជនសង្ស័យ​បាន​គេច​ខ្លួន​មួយ​រយៈ​មិន​ដឹង​ជា​ទៅ​ទីណា​តែ​សមត្ថកិច្ច​ ចេះតែ​តាម​ឃ្លាំមើល​ជា​ប្រចាំ​រហូតមក​ដល់ពេល​នេះ​ដោយសារ​មាន​ប្រជាពលរដ្ឋ​រាយ​ការ​ទើប​ឈាន​ដល់​ការ​ខ្លួន​តែម្ដង។ ពេលនេះ​សមត្ថកិច្ច​បាន​ផ្ញើ​ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្ដាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕