ហ៊ី​យ៉ា​ន់​ដាយ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ស្លាប់​ម្នាក់

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់ នៅ​និង​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី ថ្ងៃ​ទី​០៨​ខែកក្កដា លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៨-៣៩ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ សៅ​ឌី រតនៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជិះម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1N-7531​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​គ្មាន​ស្លាក​លេខ​។ ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​មនុស្ស​ស្លាប់ រួច​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​រថយន្ត​បង្ក​បើកបរ​ស្រប​ទិស​គ្នា​បុក​ប៉ះ​ចំហៀង​ម៉ូតូ​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​ខ្ទាត​ចេញពី​ម៉ូតូ​ដួល​ទៅ​លើ​ថ្នល់​ត្រូវ​កង់​រថយន្ត​កិន​ចំ​ក្បាល​បែកចេញ​ខួរ​ស្លាប់​តែ​ម្តង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចុះ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ពិនិត្យ និង​ធ្វើការ​វាស់វែង​ប្រមូល​យក​មធ្យោបាយ​ទាំង​២​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​គ​៕