អ៊ឺរ៉ូ២០១៦៖ «បរាជ័យនេះ មិនស័ក្ដិសម»

ក្រុមបាល់ទាត់អាល្លឺម៉ង់ ដែលតែងបានប្រកួតឈ្នះក្រុមបារាំង រាប់តាំងពីឆ្នាំ១៩៥៨រហូតមក បែរជាបានចាញ់ក្រុមមាន់គក​បារាំង នៅយប់ថ្ងៃទី៧ ខែកក្កដាម្សិលម៉ិញនេះ ដោយពិន្ទុពីរទល់នឹងសូន្យ ខណៈក្រុមអាល្លឺម៉ង់ ដែលកំពុងកាន់ពានជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃមួយនេះ មានបច្ចេកទេសទាត់ និងគ្រប់គ្រងបាល់ បានល្អជាងក្រុមបារាំង។ ខាងក្រោមនេះ ជាប្រតិកម្មនៅក្រោយការប្រកួត របស់កីឡាករចាំទី ម៉ានុយអែល ណឺយើ (Manuel Neuer,) និងគ្រូបង្វឹក ជ័អាសីម ឡូវ (Joachim Löw) នៅចំពោះភាពបរាជ័យនេះ។
អ៊ឺរ៉ូ២០១៦៖ «បរាជ័យនេះ មិនស័ក្ដិសម»

ក្រុមអាល្លឺម៉ង់ (បែរមុខមកចំ) ជួបនឹងបរាជ័យ នៅចុងបញ្ចប់នៃការប្រកួត ខណៈក្រុមបារាំង (បែរខ្នង) កំពុងលោតសប្បាយ។ (រូបថត UEFA)

ការជម្រុះចេញពីការប្រកួត ជាលក្ខណៈអន្តរជាតិដ៏ធំ ដូចយ៉ាង «អ៊ឺរ៉ូ២០១៦» ដូច្នេះ មិនមែនជាទិដ្ឋភាព ដែលក្រុមជម្រើសជាតិ ណាមួយចង់បាននោះទេ។ ជាពិសេសក្រុមជម្រើសជាតិ​អាល្លឺម៉ង់ ដែលកំពុងកាន់ពានជើងឯក​ពិភពលោក (ឆ្នាំ២០១៤) នៅក្នុងដៃ និងតែងប្រកួតឈ្នះបារាំង តាំងពីឆ្នាំ១៩៥៨រហូតមក បែរជាត្រូវក្រុមបារាំងម្ចាស់ផ្ទះ បំបាក់ក្នុងពិន្ទុពីរទល់នឹងសូន្យ កាលពីយប់ថ្ងៃទី៧ ខែកក្កដាម្សិលម៉ិញ។

តាមពិតទៅ សាច់បាល់ និងបច្ចេកទេសទាត់ របស់ក្រុមអាល្លឺម៉ង់ មានលក្ខណៈគ្រាន់បើជាង និងគ្របសង្កត់យ៉ាងច្រើន​ ពីលើក្រុមបារាំង នៅក្នុងការប្រកួត នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​យប់ម៉ិញ នៅចំពោះ​អ្នកចូលរួមទស្សនា​ប្រមាណជាង ៦ម៉ឺន៤សែននាក់ នាកីឡាដ្ឋានក្រុមម៉ារសីយ៍ (ខាងត្បូងបារាំង)។ ប៉ុន្តែទោះការគ្រប់គ្រងសាច់បាល់ និងបច្ចេកទេសទាត់​ល្អប្រសើរ​បែបណាក៏ដោយ ក៏វាមិនគ្រាប់គ្រាន់​ឡើយ សម្រាប់​ក្រុមបាល់ទាត់មួយ ខណៈគេចាំបាច់ត្រូវរកគ្រាប់បាល់​ឲ្យបាន ដើម្បីឈ្នះការប្រកួត។

យ៉ាងណា សភាពសោកស្ដាយ នៅតែមានទំហំធំ និងជាបរាជ័យមួយ ដែលមិនស័ក្ដិសម។ កីឡាករចាំទីអាល្លឺម៉ង់ដ៏ល្បី ឈ្មោះ ម៉ានុយអែល ណឺយើ (Manuel Neuer) បានថ្លែងនៅក្រោយការប្រកួតថា៖ «យើងបានចូលមកប្រកួត នៅក្នុង"អ៊ឺរ៉ូ២០១៦" ដោយជោគជ័យរហូតមក ប៉ុន្តែក្នុងពេលនេះ យើងត្រូវបានជម្រុះចេញជាស្ថាពរហើយ។ វាជារឿងជូរចត់ណាស់។ យើងបានវាយលុកខ្លាំង និងមានឱកាសនៅក្នុងពាក់កណ្ដាលម៉ោងទីមួយ តែគួរឲ្យស្ដាបយ យើងរកគ្រាប់បាល់មិនបាន។ ក្រុមបារាំងមានភាពស្វិតស្វាញ និងអត់ធ្មត់ខ្លាំង។ ប្រសិនជានៅចុងបញ្ចប់ នៃពាក់កណ្ដាលម៉ោងដំបូង យើងមានពិន្ទុ០-០នោះ មិនអីទេ។ ប៉ុន្តែជាមួយ​នឹងពិន្ទុ​នាំមុខ​របស់​បារាំង ១-០ វាកាន់តែ​ធ្វើឲ្យ​ខាងបារាំង មានភាពងាយស្រួលខ្លាំងឡើង ក្នុងការគ្រប់គ្រងការប្រកួត។»

ចំណែកឯគ្រូបង្វឹកអាល្លឺម៉ង់ លោក ជ័អាសីម ឡូវ (Joachim Löw) ក៏បានគិតដែរថា ក្រុមជម្រើសជាតិរបស់លោក បានទាត់បាល់ល្អជាក្រុមគូប្រកួត។ លោកថ្លែងឡើងថា៖ «យើងមានឱកាសជាច្រើន រហូតមកដល់មុនចុងបញ្ចប់ នៃពាក់កណ្ដាលម៉ោងដំបូង។ យើងមានប្រៀបជាងឆ្ងាយណាស់ ប៉ុន្តែយើងរកគ្រាប់បាល់មិនបាន។ វាជារឿងគួរឲ្យសោកស្ដាយណាស់ ហើយកីឡាករទាំងអស់ បានខកចិត្តនឹងការជម្រុះចេញនេះ។ (...) ថ្ងៃនេះ ភ័ព្វសំណាងមិននៅខាងយើងទេ ដូចជាការពិន័យបាល់១១ម៉ែត្រ ព្រោះកំហុសប៉ះដៃ ហើយកីឡាករ ប៊តាំង (Boateng.) បានចេញពីការប្រកួត ព្រោះមានរបួស ខណៈកីឡាករ​ជាច្រើននាក់របស់យើង (កីឡាករ «Hummels» «Gomez» និងកីឡាករ «Khedira») មិនមានវត្តមានរួចទៅហើយ។ ជាពិសេស នៅចំពោះគ្រាប់បាល់ទីពីររបស់បារាំង យើងមិនគួរទុកឲ្យកីឡាករ បូគបា (Pogba) បញ្ជូនបាល់មកកណ្ដាលទី ដូច្នេះទេ។»៕