កោះដាច់​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

6 Videos


កោះដាច់ជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលពោរពេញទៅដោយបរិយាកាសគួរឱ្យគយគន់និងជាកន្លែងហែលទឹកកម្សាន្តមិនចេះជិនណាយ ។ ជារៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ជាពិសេសនៅថ្ងៃបុណ្យឈប់សម្រាកម្តងៗគេសង្កេតឃើញភ្ញៀវជាតិនិងអន្តរជាតិនាំគ្នាទៅងូតទឹកកម្សាន្តនៅតំបន់រមណីយដ្ឋានទេសចរណ៍កោះដាច់នោះដែលមានខ្យល់ត្រជាក់បរិសុទ្ធ ឆ្នេរខ្សាច់និងកន្លែងសម្រាកកម្សាន្តជាជួរៗដែលគេសង់តាមមាត់ទឹកដ៏ស្រស់បំព្រង ។

P9

កោះដាច់​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​
កោះដាច់​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កន្លងមកភ្ញៀវទេសចរដែលនិយមចូលចិត្តទៅកម្សាន្តនៅរមណីយដ្ឋាននេះរីករាយនឹងការហែលទឹក ការទទួលទានអាហារជុំគ្នាស្ទូចត្រី និង ជិះទូកគយគន់ទេសភាព ។

កោះដាច់​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

ភ្ញៀវទេសចរអាចធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ 6A ឆ្លងស្ពានជ្រោយចង្វាចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ នោះគេនឹងឃើញស្លាកសញ្ញាសម្គាល់មួយដែលមានអក្សរថា«កំពង់ចម្លងព្រែកលាភ-កោះដាច់ និង កោះ ឧកញ៉ាតី» ។ ភ្ញៀវទេសចរអាចជិះទូកដឆ្លងទៅដល់ត្រើយម្ខាងនឹងឃើញផ្លូវបំបែកជាពីរដែលមានសញ្ញាសម្គាល់ថា កោះដាច់ឬ កោះឧកញ៉ាតីរួចបន្តដំណើរទៅប្រមាណ ១០ គីឡូម៉ែតទៀតនឹងទៅដល់រមណីយដ្ឋានកោះដាច់ដែលមានឆ្នេរខ្សាច់និងសម្រស់ ទេសភាពគួរឱ្យគយគន់ផងដែរ ។

កោះដាច់​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

លោក សុខ អឿន ម្ចាស់តូបលក់ដូរសម្រាប់ភ្ញៀវទេសចរនៅឆ្នេរខ្សាច់កោះដាច់នោះបានមានប្រសាសន៍ថា«បច្ចុប្បន្ននេះភ្ញៀវមកកម្សាន្តស្ទើរគ្រប់រដូវ ជាពិសេសពេលសម្រាកពីការងារនិង រដូវបុណ្យទានសំខាន់ៗ ហើយកាលពីបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះមានមនុស្សម្នាច្រើនកុះករមកលេងរមណីយដ្ឋានកោះដាច់ ។ ភ្ញៀវអាចទទួលទានអាហារដែលផ្តល់សេវាកម្មរហ័ស និង ក្នុងតម្លៃសមរម្យ ។ ខ្ញុំបានប្រកបរបរនេះជាច្រើនឆ្នាំមកហើយភ្ញៀវភាគច្រើនងតែមកជួលតូបអង្គុយនិងទទួលទានអាហារនៅទីនេះ ។ ខ្ញុំជួលតូបមួយឱ្យភ្ញៀវក្នុងមួយថ្ងៃតម្លៃត្រឹមតែ ៥.០០០ រៀលនិងថ្លៃអាហារផ្សេងទៀត ។

កោះដាច់​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

អ្នកមកលេងទីនេះគឺមកមិនសូវដាច់នោះទេហើយអ្នកលក់ដូរនៅទីនេះក៏សប្បាយរីករាយនឹងការរកស៊ីលក់ដូរផងដែរនៅពេលមានភ្ញៀវមកលេងច្រើន ។ បើសិនជាមានការរៀបចំកែលម្អឱ្យមានភាពទាក់ទាញបន្ថែមទៀតនោះតំបន់នេះនឹងមានភ្ញៀវមកលេងកម្សាន្តច្រើនជាងសព្វថ្ងៃ ។ ចំណែកសក្តានុពលទេសចរណ៍តំបន់នេះបែបធម្មជាតិសុទ្ធសាធនិងមិនចាញ់រមណីយដ្ឋានដែលកែច្នៃនៅតាមតំបន់រមណីយដ្ឋានផ្សេងៗទៀតប៉ុន្មានឡើយ ។ រមណីយដ្ឋាននេះមាន ភ្ញៀវទៅមកមិនដាច់ទេមានទាំងភ្ញៀវទៅជាលក្ខណៈគ្រួសារនិងមិត្តភក្តិ ។ ក្រៅពីនេះភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅទស្សនាតម្បាញនៅតាមភូមិផងដែរ» ។

កោះដាច់​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

ចំណែកអ្នកស្រី ង៉ែត នីន ម្ចាស់រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់មានប្រសាសន៍ថា«កោះដាច់បានក្លាយជាកន្លែងកម្សាន្តតាំងពីឆ្នាំ ១៩៩៣ ប៉ុន្តែខ្ញុំបានទទួលសិទ្ធិវិនិយោគនៅឆ្នាំ ២០០៦ ដោយមើលឃើញពីសក្តានុពលទេសចរណ៍ធម្មជាតិមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍ដទៃទៀតនោះឡើយ ។ រមណីយដ្ឋានយើងនេះបានថ្ពក់ចិត្តអ្នកទេសចរមក លេង ដោយសារតែទេសភាពតំបន់ឆ្នេរនិងទឹកហូរត្រជាក់លាយឡំជាមួយខ្យល់ត្រជាក់បែបធម្មជាតិ ។

កោះដាច់​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

អ្នកទេសចរចូលលេងកន្លែងយើងពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់ជាក់ស្តែងថ្ងៃបុណ្យទានដូចជាបុណ្យចូលឆ្នាំជាដើមមានចំនួនជាង ៦.០០០ នាក់ក្នុងមួយថ្ងៃ និង ថ្ងៃធម្មតាមានចាប់ពី ៣០០ នាក់ ទៅ ជាង ៤០០ នាក់ ហើយសម្រាប់ថ្ងៃអាទិត្យមានរហូតដល់ជិតមួយពាន់នាក់ ។ ទៅថ្ងៃខាងមុខយើងនឹងរៀបចំអភិវឌ្ឍតំបន់នេះឱ្យកាន់តែទាក់ទាញជាងសព្វថ្ងៃដោយមានការសហការជាមួយផ្នែកពាក់ព័ន្ធយើងនឹងជំរុញឱ្យតំបន់នេះទៅជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋបន្ថែមទៀតជាការទាក់ទាញទេសចរគ្រប់ជនជាតិសាសន៍» ។

ម្ចាស់រមណីយដ្ឋានរូបនេះបន្ថែមថា«បច្ចុប្បន្នយើងមានតូបចំនួនរហូតដល់ជិត ៨០០ តូបសម្រាប់ជួលឱ្យអ្នកទេសចរអង្គុយលេងកម្សាន្តនិងទទួលទានអាហារក្នុងតម្លៃសមរម្យប្រកបដោយផាសុកភាពជាមួយការគយគន់ទេសភាពឆ្នេរខ្សាច់ដ៏ត្រជាក់និងការស្ទូចត្រី ងូតទឹកលេងកម្សាន្ត»។

បច្ចុប្បន្នប្រទេសកម្ពុជាមានរមណីយដ្ឋានច្រើនកន្លែងដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតំបន់ទេសចរណ៍ធម្មជាតិនិងរមណីយដ្ឋានកែច្នៃ។ រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់វិនិយោគជំហានដំបូងចំណាយទឹកប្រាក់អស់ជាងមួយម៉ឺនដុល្លារ ហើយគម្រោងនេះវិនិយោគក្នុងរយៈ ពេល ១៦ ឆ្នាំ ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២១ ។ អ្នកទេសចរមកលេងកម្សាន្តចាប់ពីខែមករាដល់ខែមិថុនាកន្លងទៅរមណីយដ្ឋានកោះដាច់ទទួលបានភ្ញៀវទេសចរជាងមួយម៉ឺននាក់សរុបទាំងភ្ញៀវជាតិនិងអន្តរជាតិហើយគេសង្ឃឹមថា នឹងទទួលបានភ្ញៀវកើនឡើងជាងឆ្នាំកន្លងទៅ ៕