ចាន់​ ឈួង រៀន​អង់គ្លេស​​១​​ម៉ោង​៥០០​៛​ ធ្វើ​​ការ​​១​​ថ្ងៃ​​បាន​​ជាង ​​២០០​ដុល្លារ​ (វីដេអូ)


លោក ចាន់ ឈួង បានប្រាប់ឱ្យដឹងថា មុនក្លាយជាអ្នកបកប្រែ ភាសាអង់គ្លេសផ្ទាល់មាត់ស្ទាត់ជំនាញ និងទទួលបានចំណូល ចន្លោះ ២០០ ទៅ ២៥០ ដុល្លារអាមេរិកក្នុងមួយថ្ងៃនេះ គឺដោយសារតែលោក ផ្ដើមចេញពីការសិក្សាក្នុង ១ ម៉ោង ៥០០ រៀល។
ចាន់​ ឈួង រៀន​អង់គ្លេស​​១​​ម៉ោង​៥០០​៛​ ធ្វើ​​ការ​​១​​ថ្ងៃ​​បាន​​ជាង ​​២០០​ដុល្លារ​ (វីដេអូ)
លោក ចាន់ ឈួង បានចាកចេញពីទឹកដីកំណើត ខេត្តកំពង់ធំ នៅឆ្នាំ ១៩៩០ ដើម្បីបន្តការសិក្សា នៅមហាវិទ្យាឱសថសាស្ត្រ រយៈពេល៤ឆ្នាំ បើគិតចាប់ពីឆ្នាំ ១៩៩១-១៩៩៤ (អត់ចប់)។ ដោយមើលឃើញសារសំខាន់ នៃភាសាអង់គ្លេស ក្នុងអំឡុងពេលសិក្សា លោកបានចាប់ផ្ដើមរៀនគួរ តាមសាលាឯកជន នៅជុំវិញបរិវេណសាលាបាក់ទូក។

អ្នកស្រុកសណ្ដាន់ បានបន្តថា ការរៀនគួរ ពិតជាធ្វើឱ្យលោកទទួលបានចំណេះដឹងច្រើន ទាក់ទងនឹងភាសាអង់គ្លេស ហើយការរៀន មិនមែនរៀនដើម្បីតែរៀននោះទេ។ “ខ្ញុំរៀន១ម៉ោង ៥០០៛…មួយថ្ងៃ ខ្ញុំរៀនពី ៤ ទៅ ៥ ម៉ោង”។

ដើម្បីទទួលបានចំណេះដឹង និងក្រេឌីត ផ្នែកភាសាអង់គ្លេសបន្ថែម នៅឆ្នាំ ១៩៩៣ លោកបានសម្រេចចូលសិក្សាវគ្គបកប្រែមួយ នៅវិទ្យាស្ថានភាសាបរទេស IFL រយៈពេលបីឆ្នាំ ប៉ុន្តែលោករៀនបានតែបីខែប៉ុណ្ណោះ ព្រោះរវល់សិក្សានៅសាកលវិទ្យាល័យ។

ក្រោយឃើញថាខ្លួនមានដុង និងចូលចិត្តភាសាអង់គ្លេស បុរសសម្បុរសខ្ពស់ស្រលះរូបនេះ បានចាប់ផ្ដើមបើកថ្នាក់បង្រៀនគួរ នៅឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ១៩៩៧។ ក្នុងឆ្នាំនោះដែរ មានក្រុមហ៊ុនបម្រើសេវាកម្ម បកប្រែឯកជនមួយ ទាក់ទងឲ្យលោកបកប្រែឯកសារ។ ក្រោយមកលោក បានចាប់ផ្ដើមពង្រីកអាជីពមួយទៀត គឺធ្វើជាអ្នកបកប្រែផ្ទាល់មាត់។

ការអនុវត្តការងារបកប្រែជាក់ស្ដែង ធ្វើឲ្យលោកមានបទពិសោធន៍កាន់តែច្រើន។ នៅឆ្នាំ ១៩៩៩ លោក ឈួង បានប្រឡូកក្នុងវិស័យការងារនេះទាំងស្រុង ដោយធ្វើជាអ្នកបកប្រែឯករាជ្យ បើគិតមកដល់ពេលនេះ មានរយៈពេល ១៧ ឆ្នាំហើយ។

ចាន់​ ឈួង រៀន​អង់គ្លេស​​១​​ម៉ោង​៥០០​៛​ ធ្វើ​​ការ​​១​​ថ្ងៃ​​បាន​​ជាង ​​២០០​ដុល្លារ​ (វីដេអូ)

បច្ចុប្បន្នបុរសវ័យ ៤៣ ឆ្នាំរូបនេះថ្លែងថា លោកអាចបកប្រែបានច្រើនវិស័យ ដូចជា សេដ្ឋកិច្ច កសិកម្ម បច្ចេកវិទ្យាទៀតសោត ជាពិសេសវិស័យសុខាភិបាល។ អ្នកជំនាញបកប្រែដដែលនេះ ប្រាប់ថា ជាទូទៅគិតតម្លៃបកប្រែពីភ្ញៀវចន្លោះពី ២០០ ទៅ ២៥០ ដុល្លារក្នុងមួយថ្ងៃ។ បើកន្លះថ្ងៃ លោកយកពី ១៣០ ទៅ ១៥០ដុល្លារ។ ក្រៅពីនេះលោកក៏ទទួលបកប្រែឯកសារនានាដែរ ដោយមានតម្លៃចន្លោះពី ១០ ទៅ ១៥ដុល្លារ ក្នុងមួយទំព័រ អាស្រ័យពាក្យបច្ចេកទេស និង ការបន្ទាន់របស់ឯកសារ។

ថ្វីបើការងាររបស់លោកបានកម្រៃខ្ពស់ក៏ពិតមែន ប៉ុន្តែជាមធ្យមក្នុងមួយខែ លោកទទួលសេវាបកប្រែតាមកម្មវីធី ឬ សិក្ខាសាលាផ្សេងៗ បានតែជាង ១០ ថ្ងៃប៉ុណ្ណោះ។

តើលោក ឈួង ជួបការប្រឈមអ្វីខ្លះក្នុងអាជីពមួយនេះ?

យ៉ាងណាមិញ លោកថា លោកក៏ជួបការលំបាកច្រើនដែរ ក្នុងអាជីពនេះដូចជា ពិបាកស្ដាប់តុង (បរទេស ឬខ្មែរ) ហើយភ្ញៀវខ្លះទៀត និយាយមិនដឹងក្បាលកន្ទុយជាដើម ។ លោក ឈួង បញ្ជាក់ថា ការបកប្រែផ្ទាល់មាត់ មាន ២ ប្រភេទ គឺការបកប្រែបែបប្រដេញ (គេនិយាយភ្លាមបកភ្លាម) និង ការបកប្រែបែបបណ្ដាក់ (គេនិយាយចប់ហើយ ទើបបកប្រែតាមក្រោយ)។ ចំពោះការបកប្រែទាំងពីរនេះលោកថា បកប្រែបែបប្រដេញមានលក្ខណៈស្រួលជាង បើតាមរបៀបប្រដេញវិញ ពេលខ្លះលោកអាចភ្លេច ប៉ុន្តែលោកមានវិធីមួយទៀត គឺកត់ចំណាំសម្ដីទុក។

ចាន់​ ឈួង រៀន​អង់គ្លេស​​១​​ម៉ោង​៥០០​៛​ ធ្វើ​​ការ​​១​​ថ្ងៃ​​បាន​​ជាង ​​២០០​ដុល្លារ​ (វីដេអូ)

តើអាជីពជាអ្នកបកប្រែសំខាន់ដែរទេ?

លោក ចាន់ ឈួង លើកឡើងថា៖ “របរនេះពេលបច្ចុប្បន្នល្អ និងសំខាន់។ ទីផ្សារគេនៅត្រូវការច្រើន តែពេលអនាគតនឹងថយចុះ ដោយសារប្រទេសកាន់រីកចម្រើន អ្នកចេះភាសាកាន់តែច្រើន”។

លោកបានផ្ដាំផ្ញើដល់សិស្ស និស្សិត ថា ដើម្បីក្លាយជាបកប្រែផ្ទាល់មាត់ដ៏ល្អ ពួកគេត្រូវចេះភាសាជាតិខ្មែរ និងភាសាអង់គ្លេសឲ្យបានច្បាស់លាស់ ទាំងពាក្យពេចន៍បច្ចេកទេស ការសរសេរ និងខ្លឹមសារ។ ត្រូវសិក្សាឲ្យមានចំណេះដឹងទូលំទូលាយ ពីបរិបទវិស័យផ្សេងៗឲ្យបានច្រើន និងចំណាយពេលស្ដាប់វិទ្យុអង់គ្លេស អាន និងអនុវត្តឲ្យបានច្រើន៕

 

អត្ថបទ៖ មាន រតនា
ប្រភព៖ sabay

  • ចាន់​ ឈួង រៀន​អង់គ្លេស​​១​​ម៉ោង​៥០០​៛​ ធ្វើ​​ការ​​១​​ថ្ងៃ​​បាន​​ជាង ​​២០០​ដុល្លារ​ (វីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:កំសាន្ត
Tags: