កុំចេះតែហ៊ាន! ​មិន​យូរមិនឆាប់គង់តែរក​ឃើញ

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​​និង​ខេត្ត ដោយ​មានការ​​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​​​ខេត្ត​ផង កាលពី​​រសៀល​ថ្ងៃ​ទី​៨ ​កក្កដា បាន​ចុះ​ទៅ​ពិនិត្យ​និង​ឆែកឆេរ​ផ្ទះ​បញ្ចាំ​ម៉ូតូ​១​កន្លែង​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់​ឆ្នាំង ដោយ​ដកហូត​ម៉ូតូ​ចំនួន​២៤​គ្រឿង​យក​មក​រក្សារ​ទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឱ្យ​ម្ចាស់យក​ឯកសារ​ពាក់ព័ន្ធ​ម៉ូតូ​ទាំងនោះ​ មក​បង្ហាញ​ទើប​ប្រគល់​ឱ្យ​វិញ ។

លោកពេជ្រ រ៉ី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ទទួល​បញ្ចាំ​ម៉ូតូ​ខាងលើ​នេះ​ឈ្មោះ ឯក សុខា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​។ មុន​ពេល​មានការ​ឆែកឆេរ​ត្រួតពិនិត្យ​ម៉ូតូ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ អឿ​ន វណ្ណៈ ហៅ​ម៉ាប់ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​សាំ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ដែល​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​គេ ហើយ​ពេល​សួរ​ចម្លើយ​ដឹង​ថា ជន​នោះ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គេ និង​បាន​យក​មក​បញ្ចាំ​នៅផ្ទះ​ខាងលើ ។ 

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ ទើប​សមត្ថកិច្ច​សុំ​ឆ្លង​យោបល់​លោកស្នងការ និង​មានការ​សម្របសម្រួល​ពី​លោក ឡុ​ង ស៊ី​ថា ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើការ​ឆែកឆេរ​ឃើញ​ម៉ូតូ​ដែល​ចោរលួច​យក​មក​បញ្ចាំ ។ ព្រះ​អាជ្ញា​រង​បាន​សម្រេច​ដក​ហូត​​ម៉ូតូ​ទាំងអស់​ចំនួន​២៤​គ្រឿង ដែល​គ្មាន​ឯកសារ​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​បណ្តោះអាសន្ន រង់ចាំ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​ម៉ូតូ​មក​បង្ហាញ ទើប​ប្រគល់​ឱ្យ​វិញ ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ម៉ូតូ​គ្មាន​ឯកសារ​នៅ​ហាង​បញ្ចាំ ហើយ​ក៏​ជា​វិធានការ​ទប់ស្កាត់​បទល្មើស​លួច​ម៉ូតូ​ផង​ដែរ ៕