មន្ដ្រី​បក្ស​កាន់​អំណាច និង​កូន​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ទាត់​ចោល​របាយការណ៍​របស់ Global Witness

ក្រោយការចេញរបាយការណ៍របស់អង្គការ Global Witness នៅសប្ដាហ៍នេះប្រទេសកម្ពុជាបានទាត់ចោលការលើកឡើងនានានៅក្នុងរបាយការណ៍នោះដែលបាននិយាយថាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងក្រុមគ្រួសារត្រកូលហ៊ុនមានភាគហ៊ុនច្រើនរយលានដុល្លារនៅក្នុងក្រុមហ៊ុនជាច្រើនដែលធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ក្នុងនោះមានក្រុមហ៊ុនមួយចំនួនមានទំនាក់ទំនងនឹងជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ និងការធ្វើឲ្យខូចខាតបរិស្ថាន។

ការចោទប្រកាន់នានានៅក្នុងរបាយការណ៍របស់ Global Witness បានចេញឡើងខណៈពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងឡើងក្ដៅខ្លាំងរវាងនាយករដ្ឋមន្ដ្រី និងគណបក្សប្រឆាំង ដែលចង់ព្យាយាមទម្លាក់រដ្ឋាភិបាលលោកតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ២០១៨។

Global Witness រាយការណ៍ថា គ្រួសារត្រកូលហ៊ុនជាម្ចាស់ និងមានភាគហ៊ុនជាច្រើននៅក្នុងបណ្ដាក្រុមហ៊ុនដែលបានចុះបញ្ជីឈ្មោះ ហើយបើសរុបទៅគឺមានទឹកប្រាក់ជាង២រយលានដុល្លារ។ យ៉ាងណាក៏ដោយ Global Witness ឲ្យដឹងថាប្រាក់ទាំងនេះទំនងជាមួយភាគប៉ុណ្ណោះនៃទ្រព្យសម្បត្ដិពិតប្រាកដដែលគ្រួសារត្រកូលហ៊ុនមានភាគហ៊ុន ដោយប្រើឈ្មោះអ្នកដទៃឲ្យឈរជំនួស។

របាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ក៏ឲ្យដឹងដែរថា ក្រុមហ៊ុនជាច្រើនរបស់គ្រួសារត្រកូលហ៊ុនមានទំនាក់ទំនងនឹងក្រុមហ៊ុនល្បីៗរបស់អន្ដរជាតិ។ សម្រាប់ក្រុមហ៊ុនក្នុងស្រុកវិញ គឺគ្រួសារត្រកូលហ៊ុនមានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើនក្នុងវិស័យចម្រុះដូចជាក្រុមហ៊ុនឥន្ធនៈលក់រាយ, រោងចក្រថាមពល និងគម្រោងថាមពលកកើតឡើងវិញជាដើម។

កាសែត Reuters បានស្រង់សម្ដីលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលថាបាននិយាយចំអកចំពោះរបាយការណ៍របស់អង្គការ Global Witness ដោយលើកឡើងថា របាយការណ៍នោះគ្មានគុណភាពទេ វាគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន បន្ដថារបាយការណ៍នោះជាការឃោសនាប្រឆាំងនឹងនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ទាក់ទងរឿងនេះលោក ស៊ុន ឆៃ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងនៅកម្ពុជាបានស្វាគមន៍ចំពោះរបាយការណ៍នេះ ប៉ុន្ដែថារឿងនេះគឺគេដឹងឮច្រើនទូលំទូលាយរួចទៅហើយ ប៉ុន្ដែមិនមាននរណាអាចនិយាយបានទេ ទើបតែពេលនេះត្រូវគេលាតត្រដាងជាសាធារណៈ។

Global Witness លើកឡើងថានេះឆ្លុះបញ្ចាំងឲ្យឃើញនូវបណ្ដាញដ៏ធំនៃការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ងាត់ៗ, បញ្ហាពុករលួយ និងបក្សពួកនិយម ដែលជួយធ្វើឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅបន្ដកាន់អំណាចបានយ៉ាងយូរអស់ពេលជាង៣០ឆ្នាំទៅហើយ។ អង្គការនេះឲ្យដឹងថា របាយការណ៍នេះគួរតែជាការព្រមានដល់វិនិយោគិនបរទេសឲ្យដឹងឮ។

ម្សិលមិញនេះក្រោយការចេញផ្សាយព្រោងព្រាតនូវរបាយការណ៍នេះ និងការចុះផ្សាយតាមកាសែតក្នុងស្រុកជាច្រើននោះ កូនប្រុសស្រីរបស់លោក ហ៊ុន សែន មានលោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត និងលោកស្រី ហ៊ុន ម៉ាណា បាននាំគ្នាសរសេរលើទំព័រ Facebook របស់ខ្លួនឆ្លើយតបនឹងរបាយការណ៍នេះ។

លោក ហ៊ុន ម៉ាណែត បានសរសេរថា លោកនៅចាំបានថាប៉ុន្មានអាណត្ដិហើយ អោយតែពេលជិតបោះឆ្នោត គឺជាពេលវេលាដែលអង្គការមួយឈ្មោះ Global Witness បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលជាពិសេសលើឪពុកលោកតែម្តង។ លោកថា លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់លោកនោះទេ គឺគេបានបង្កើតរឿងវ៉ៃទាំងគ្រួសារតែម្តង ពោលគឺមិនអោយរួចខ្លួនម្នាក់ណាឡើយ។ លោកថា ចាំមើលចេញរឿងអ្វីទៀត?

រឿងពុករលួយនៅកម្ពុជាគឺជាបញ្ហាដ៏ធំនៅក្នុងប្រទេសនេះ ហើយកន្លងទៅនេះអង្គការតម្លាភាពអន្ដរជាតិបានផ្ដល់ចំណាត់ថ្នាក់ដល់កម្ពុជាខាងបញ្ហាពុករលួយសឹងដល់លេខចុងប៉ូចគេ។ ប៉ុន្ដែដំណាលគ្នាក៏ឃើញរដ្ឋាភិបាលចាត់វិធានការខ្លះដែរលើបញ្ហារុំារ៉ៃនេះ។

នៅឆ្នាំ២០១១អង្គភាពប្រឆាំងអំពើពុករលួយបានតម្រូវឲ្យមន្ដ្រីកម្ពុជាជាង២ម៉ឺន៥ពាន់នាក់ប្រកាសទ្រព្យសម្បត្ដិរបស់ពួកគេ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថាមានប្រាក់បៀវត្សរ៍១ម៉ឺន៨ពាន់ដុល្លារអូស្ដ្រាលីមួយឆ្នាំ (១ម៉ឺន៣ពាន់៨រយដុល្លារអាម៉េរិក) ប៉ុន្ដែទ្រព្យសម្បត្ដិផ្ទាល់ខ្លួនរបស់លោកត្រូវគេប៉ាន់ប្រមាណថាមានទឹកប្រាក់ជាង៦៧០លានដុល្លារអាម៉េរិក៕

ប្រភពៈ radioaustralia


Related Posts