ខ្ចី​ម៉ូតូ​គេ​យក​CV​មក​ដាក់​រក​ការងារ​ធ្វើ​ ត្រូវ​ចោរ​ប្លន់​យក​ ដោយ​សុវត្ថិភាព

ខ្ចី​ម៉ូតូ​គេ​យក​CV​មក​ដាក់​រក​ការងារ​ធ្វើ​ ត្រូវ​ចោរ​ប្លន់​យក​ ដោយ​សុវត្ថិភាព



ភ្នំពេញ ​៖ ​បុរស​ម្នាក់​ជួប​រឿង​ស៊យ​មហា​សែន​ស៊យ ដោយសារ​ចោរប្លន់​ម៉ូតូ​ទាំង​ព្រឹក ​ខណៈ​ជនរងគ្រោះ​គ្មាន​ការងារ​ធ្វើ ​គ្មាន​ម៉ូតូ​ជិះ​ ហើយ​ខ្ចី​ម៉ូតូ​ប្អូនថ្លៃ​យក​ប្រវត្តិរូប​មក​ដាក់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ​ត្រូវ​ក្រុម​ចោរប្លន់​មាន​គ្នា ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​មិន​ស្គាល់​ម៉ាក​បាន​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់ស្រមោល។

ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៨ ​ខែ​​កក្កដា ​ឆ្នាំ​២០១៦ ​នៅ​​លើ​​​ផ្លូវ​លេខ​62R​ ត្រង់​ចំណុច​មុខ​បុរី​ទួល​សង្កែ​ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។

ជនរងគ្រោះ​មាន​ឈ្មោះ កុល វិ​រៈ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ អតីត​អ្នក​បើក​ឡាន ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុកកំណើត​ នៅ​ភូមិ​កំពង់​ជ្រៃ ឃុំ​ស្នារ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ ចំណែក​ឯ​ម៉ូតូ​ ដែល​ក្រុម​ចោរ​ប្លន់​យក​ទៅ​បាត់​នោះ ​ម៉ាក​ហុងដា​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​​ ​មិន​ចាំ​ស្លាក​លេខ។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ខ្ចី​ម៉ូតូ​ប្អូនថ្លៃ​ជិះ​ចេញ​ពីផ្ទះ​ជួល​យក​CV​មក​ដាក់​នៅ​ក្រុមហ៊ុន​នៅ​ម្ដុំ​ផ្សារ​សាំ​ហាន់​ ដោយ​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​62R ក្នុង​ទិសដៅ​ពី​លិច​មក​កើត ខណៈ​ពេល​ជិះ​មកដល់​ចំណុច​កើតហេតុ​រូប​គាត់​បាន​ដក​ទូរស័ព្ទ​តេ​រក​តំណាង​ក្រុមហ៊ុន​ដើម្បី​រក​ទីតាំង​ដាក់​ស៊ី​វី​ ធ្វើ​ជា​អ្នក​បើកឡាន។ ពេលនោះ​រូប​គាត់​បាន​វ៉ៃ​ស៊ីញ៉ូ​អែប​ខាង​ស្តាំ​ដៃ​ដើម្បី​ឈប់​និយាយ​ទូរស័ព្ទ​ ខណៈ​គាត់​ឈប់​ម៉ូតូ​ភ្លាម ​ស្រាប់​តែ​​​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​មិន​ស្គាល់​ម៉ាក​ ជិះ​តាម​ក្រោយ​ ហើយ​មកពី​មុខ​​ ​​​និង​ពីក្រោយ​ម៉ូតូ​គាត់ ​រួច​​​​ធ្វើ​សកម្មភាព​ដក​កាំភ្លើងខ្លី​ម្នាក់​១​ដើម​ភ្ជង់​គំរាម​យក​ម៉ូតូ​ជិះ​គេច​ខ្លួនបាត់​ស្រមោល​ មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ឡើយ។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​​ក៏​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្ដិ៍​ទួល​សង្កែ​ដើម្បី​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕

ខ្ចី​ម៉ូតូ​គេ​យក​CV​មក​ដាក់​រក​ការងារ​ធ្វើ​ ត្រូវ​ចោរ​ប្លន់​យក​ ដោយ​សុវត្ថិភាព