អនុ​គណៈកម្មាធិការ​បរទេស​នៃ​សភា​អាមេរិក​អនុម័ត​សេចក្ដី​សម្រេច​លេខ​២១០

អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការបរទេស​នៃ​សភា​អាមេរិក កាល​ពី​ថ្ងៃ​ពុធ ទី​៦ ខែ​កក្កដា បាន​អនុម័តសេចក្ដី​សម្រេច​លេខ​២១០ ទទួល​ស្គាល់ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ ឡាវ ម៉ុង (Hmong) និង​ម៉ុងតាញ៉ា (Montagnard) ដែល​បាន​ចូលរួម​ប្រយុទ្ធ​ដើម្បី​សេរីភាព​នៅ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ កាល​ពី​សម័យ​សង្គ្រាម​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០។

អ្នក​ជំនាញ​តស៊ូ​មតិ​សម្រាប់​កិច្ចការ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រដ្ឋ​មីនីសូតា (Minnesota) លោក ស្កត់ វ៉កគើ (Scott Walker) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ដែល​ទទួល​ស្គាល់​ចំពោះ​ការ​ពលី​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ និង​ឡាវ ក្នុង​ការ​ជួយគាំពារ​កងទ័ព​អាមេរិក ដើម្បី​បុព្វហេតុ​សិទ្ធិ​សេរីភាព«សេចក្ដី​សម្រេច​នេះ​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ថា សហរដ្ឋអាមេរិក ពិត​ជា​ជ្រើសរើស ហ្វឹកហាត់​និង​បាន​ចូលរួម​វាយ​ប្រយុទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ជា​សម្ព័ន្ធមិត្ត។ នេះ​ក៏​ជា​ការទទួល​ស្គាល់​ពលរដ្ឋ​ខ្មែរ និង​ឡាវ ក្នុង​ការ​ជួយ​គាំទ្រ​នូវ​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក។ បន្ថែម​ពី​នេះ សេចក្ដី​សម្រេច​លេខ​២១០ មិន​ត្រឹមតែ​ទទួល​ស្គាល់​អ្នក​ដែល​រស់រាន​មាន​ជីវិតនោះ​ទេ ប៉ុន្តែ​គេ​ក៏​បាននឹក​ឃើញ​ដល់​អ្នក​បាត់​បង់​ជីវិតផង​ដែរ ហើយ​ពលរដ្ឋ​ជំនាន់​ក្រោយ នឹង​បាន​ឃើញ​ឯកសារ​នៃ​សេចក្ដី​សម្រេចនេះ​នៅ​ក្នុង​បណ្ណាល័យ​សភា​អាមេរិក ដែល​ជា​កំណត់​ហេតុ​នៃ​ប្រវត្តិសាស្ត្រ​មួយ»

ចំណែក​ប្រធាន​អង្គការ​សភា​អន្តរជាតិ ក្នុង​រដ្ឋ​មីនីសូតា (Minnesota) លោក សេក កុសល សំដែង​ក្តី​មោទនភាពចំពោះ​អតីត​យុទ្ធជន​ខ្មែរ ត្រូវ​បានទទួល​ស្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ក្នុង​បុព្វហេតុ​បាន​ចូលរួម​ចំណែក​ក្នុង​សង្គ្រាម​នៅ​អាស៊ី​អាគ្នេយ៍៖ «សេចក្ដី​សម្រេច​២១០ គឺ​ជា​ការ​អបអរសាទរ និង​ជា​ភស្តុតាង​មួយ​ដែល​ថា ជា​ឯកសារ​តម្កល់នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ដែល​ជាការ​ទទួល​ស្គាល់គឺ​ថា ប្រទេស​កម្ពុជា ជា​ពិសេស​ទាហាន​ខ្មែរ​យើង​មាន​ចំណែក មាន​វិភាគទាន​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ដូច​នេះ​យើង​ជា​ពូជសាសន៍​មួយ​មាន​សារសំខាន់​សម្រាប់ប្រទេស​ជាតិ​គេ។ ម្យ៉ាង​វិញ​ទៀត វា​បង្ហាញ​ថា សង្គ្រាម​សម្ងាត់​នៅ​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧៣ គឺ​ជា​សង្គ្រាម​ពិត​មែន​ដែល​ខ្មែរ​យើង​បាន​ចូលរួម...»

ក្រៅ​តែ​ពីការ​អនុម័តសេចក្ដី​សម្រេច​លេខ​២១០ អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ពុធ ទី​៦ កក្កដា ក៏​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្ដី​ព្រាង​ច្បាប់​លេខ H.RES 728 ស្តីពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ជា​ការ​បញ្ជាក់​ជំហរ​ថា សហរដ្ឋអាមេរិក​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។