ជាង​300​គ្រួសារ​បដិសេធ​ការ​ចាក​ចេញពី​ភ្នំ​គូលែន

ជាង​300​គ្រួសារ​បដិសេធ​ការ​ចាក​ចេញពី​ភ្នំ​គូលែន



ខេត្តសៀមរាប ៖ អ្នក​រស់នៅ​ជាង​៣០០​គ្រួសារ ដែល​អាជ្ញា​ធរមាន​គម្រោង​ជម្លៀស​ចេញពី​តំបន់​ទេសចរណ៍​ភ្នំ​គូលែន បាន​បដិសេធ​មិន​ចាក​ចេញពី​ភូមិ​ព្រះ​អង្គ​ធំ​ទេ ដោយ​អះអាង​ថា ការ​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ថ្មី នាំ​ឱ្យ​បាត់បង់​មុខ
របរ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។

លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ ប្រាប់​កាលពី​ថ្ងៃ​សៅ​រិ៍​ស​ប្ដា​ហ៍​មុន​បាន​និយាយ​ថា ពលរដ្ឋ​ជាង​៣០០​គ្រួសារ ដែល​ស្ថិត​នៅ​ភូមិ​ព្រះ​អង្គ​ធំ ភ្នំ​គូ​លេ​ន ស្រុក​ស្វាយ​លើ នឹង​ត្រូវ​ជម្លៀស​ចេញ​ទៅ​តាំងទី​លំនៅ​ផ្សេង ដោយ​លោក​ថា ដើម្បី​រៀបចំ​ថែរក្សា​បរិស្ថាន​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ដ្រ ដែល​គ្រោង​ដាក់​បញ្ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​ពិភពលោក ។

លោក ភួង លី​ណា បន្ត​ថា ពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញពី​ភូមិ​ព្រះ​អង្គ​ធំ មាន​ប្រមាណ​ជាង​៣០០​គ្រួសារ ដែល​ជា​គ្រួសារ​កងទ័ព និង​ពលរដ្ឋ ដែល​បាន​តាំងទី​លំនៅ​ថ្មី​ៗ ប៉ុន្ដែ​លោក​ថា ចំណែក​សំណង់​លក់ដូរ​ផ្សេង​ៗ អាជ្ញាធរ​នឹង​រៀបចំ​ឱ្យ​មាន​សណ្ដាប់​ឡើង​វិញ ។ លោក​បញ្ជាក់​ថា ទីតាំង​ថ្មី​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ចាស់​ទេ ។ លោក​បន្ដ​ទៀត​ថា​៖  យើង​មិន​អាច​យក​គាត់​រស់នៅ​ឆ្ងាយ​ពី​កន្លែង​ហ្នឹង​បាន​ទេ ប្រាកដជា​នៅ​ជិត​ៗ​ហ្នឹង ។ តាម​ព័ត៌មាន​គឺ​ជម្លៀស​យក​តែ​លំនៅ​ឋាន​ទេ ឯការ​ធ្វើ​អាជីវកម្ម​មិន​ឱ្យ​ចាកចេញ​ទេ គ្រាន់តែ​កែ​លម្អ​ឡើង​វិញ ។

អ្នក​ភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​បាន​ប្រាប់​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​មិន​ព្រម​ចេញពី​ភូមិ​តាម​គម្រោង​អាជ្ញាធរ​នោះ​ឡើយ បើ​ទោះបី​មាន​សំណង​ឬ​ផ្ដល់​ដី​សង្គមកិច្ច​ក៍ដោយ ព្រោះថា ការ​តាំងទី​លំនៅ​ថ្មី ធ្វើ​ឱ្យ​បាត់បង់​មុខរបរ និង​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពួក​គេ ខណៈ​ដែល​លំនៅ​ឋាន​ពួក​គាត់​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លា ។

អ្នក​ភូមិ​បាន​បដិសេធ ការ​ចោទ​របស់​អាជ្ញាធរ​ដែល​ថា អ្នក​ភូមិ​ទាំងនោះ​រស់នៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​មានការ​កាប់​បំផ្លាញ​ព្រៃឈើ ។ ពួក​គាត់​បន្ដ​ថា​៖ «​ទៅ​កន្លែង​ថ្មី​វា​ពិបាក ព្រោះ​យើង​ត្រូវ​កសាង​ជីវភាព​ថ្មី ព្រោះ​អី​យើង​រស់នៅ​ទី​នេះ​យូរ​ឆ្នាំ​មក​ហើយ ផ្ទះ​ក៏​ធំ​ៗ​ដែរ ហើយ​មុខរបរ​នេះ យើង​នាំ​គ្នា​ខំ​ដោះ​ដូរ​គ្នា​យក​លុយ​ធនាគារ​មក​ទិញ ព្រោះ​ប្រជាជន​នៅ​ភូមិ​ហ្នឹង  សង្ឃឹមថា មាន​តែ​ការ​លក់ដូរ​តិចតួច ស្រែ​ក៏​អត់​មាន​ធ្វើ នេះ​ជា​បញ្ហា​ទី​១ និង​ទី​២​គាត់​រស់នៅ​ដោយសារ​របស់របរ​លក់​វត្ថុ​អនុស្សាវរីយ៍​» ។

លោក ឈឿ​ម តាំង មេឃុំ​ខ្នងភ្នំ​គូលែន ស្រុក​ស្វាយ​លើ ធ្លាប់​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​សេចក្ដីសម្រេច​ពី​សាលាខេត្ដ ឱ្យ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដែល​ជា​គ្រួសារ​កងទ័ព និង​សំណង់​អនាធិបតេយ្យ ដែល​ទើប​កើត​ថ្មី​ៗ ។ លោក​បន្ថែម​ថា ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​លើ​ភ្នំ​គូលែន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​ប្រវត្ដិសាស្ដ្រ​នោះ ។ លោក​បន្ដ​ថា​៖ «​គាត់​ទៅ​នៅ​ក្រោយ ឆ្នាំ​១៩៩៨​ទេ​» ។

ទោះជា​យ៉ាងណា លោក នូ ពុទ្ធិ អ្នកសម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ខេត្ដ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​ពលរដ្ឋ ក្រោម​រូបភាព​អភិវឌ្ឍន៍​នៅ​តំបន់​ណាមួយ ត្រូវ​មានការ​យល់ព្រម​ពី​អ្នក​ភូមិ ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ប្រាប់​ទីតាំង​ច្បាស់លាស់ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ មាន​សាលារៀន មណ្ឌល​សុខភាព និង​ផ្ដល់​សំណង​សមរម្យ​ដល់​អ្នក​ភូមិ​មុន នឹង​ជម្លៀស​ចេញពី​ទីនោះ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ​ខ្នងភ្នំ​គូលែន ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​ឈើ នៅ​កណ្តាល​ព្រៃ​ស្ងាត់​យ៉ាង​រង្គាល ខណៈ​ពុំ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់​ព័​ន្ធា​ចេញ​មុខ​បង្ក្រាប​សោះឡើយ ទុក​ឱ្យ​គេ​កាប់​ឈើ​តាម​ចិត្ត​បាត់​អស់​ធម្មជាតិ​ក៏​កម្រ​នោះ ៕