ពីក្មេង​​កំព្រា​ដើរ​ទូលនំ​លក់​រហូត​ក្លាយ​ជាម្ចាស់​ក្រុម​ហ៊ុន​គ្រឿង​សំណង់​ដ៏ល្បី​ឈ្មោះ​នៅ​ភ្នំពេញ

បើអ្នកគិតស្រមៃរំពៃមើលទៅក្មេងកុមារតូចៗនិងកំព្រាឱពុកម្តាយ ហើយបានខិតខំលកលៃដើរលក់គ្រឿងម្ជូរ ឬស្ករកៅស៊ូទំពា ដោយបញ្ចេញសម្តីខ្លីៗយ៉ាងស្រទន់របស់ខ្លួនទៅកាន់បងៗ ពូមីង ដែលអ្នកមកញ៉ាំអាហារ ឬពិសារស្រាបៀនៅតាមភោជនីយដ្ឋាន ឬអាហារដ្ឋានសាច់អាំងនាពេលរាត្រីនោះ អ្នកប្រាកដជាមានអារម្មណ៍ថាពិតជាសង្វេគ និងគួរឲ្យអាណិតក្រៃ ក្នុងវ័យក្មេងបែរជាត្រូវដើររកស៊ីចិញ្ចឹមខ្លួនឯងនិងគ្រួសារទៅវិញ។

យ៉ាងណាមិញថ្ងៃនេះ ខេឃ្យូប សូមនាំមិត្តអ្នកអានមកជួបនឹងប្រវត្តិពិតរបស់អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គងសំណង់មួយរូបដែលមានខ្សែជីវិតដើរទូលក់នំ ហើយតស៊ូរហូតបានក្លាយអគ្គនាយកក្រុមហ៊ុនលក់គឿងសំណង់ដ៏ល្បីឈ្មោះនៅក្នុងរាជធានីភ្នំពេញ។

តើអគ្គនាយករូបនេះមានការតស៊ូយ៉ាងណា មុននឹងជោគជ័យបែបនេះ?

មានស្រុកកំណើតនៅម្តុំផ្សារសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ហួត ជា ជាកូនកំព្រាឪពុកទាំងនៅវ័យក្មេងខ្ចី ខំរកលកលៃទូលនំ ចំណី ជាមួយបងស្រី ដើរលក់ដើម្បីជីវភាពគ្រួសារ ដែលមានបងប្អូនបង្កើត៤នាក់ និងម្តាយជាស្រ្តីមេម៉ាយ។ លោកជាអតីតសិស្សនិស្សិត វិទ្យាល័យ ហេង សំរិនព្រៃល្វា ក្នុងឆ្នាំ១៩៩៨ និងបានបញ្ចប់ការសិក្សាមហាវិទ្យាល័យនៅវិទ្យាស្ថានជាតិគ្រប់គ្រងកាលពីឆ្នាំ២០០២។

បើទោះបីជាមុខរបរដើរទូលនំ និងបង្អែម ជារបបតូចតាចដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារតិចក្តី ប៉ុន្តែលោកនៅតែអាចតស៊ូរហូតរៀនចប់វិទ្យាល័យ ប៉ុន្តែកាលពីវ័យកុមារភាព លោកបានគិតក្នុងចិត្តថានឹងមិនចាប់អាជីពដូចម្តាយរបស់លោកទេ។ ជាមួយគ្នានោះ លោកគឺជាក្មេងចូលចិត្តប្រកួតប្រជែងក្នុងការលក់ដូរ មិនថាការលក់បង្អែម ឪឡឹក ឬលក់ស្ករគ្រាប់នោះទេ ខណៈពេលកំពុងរៀននៅបឋមសិក្សា។

ក្នុងការលក់ចំណីអាហារតាំងពីកុមារនេះក៏ធ្លាប់ត្រូវបានមិត្តរួមថ្នាក់ឬមហាជន រិៈគន់ដែរថា “ខ្លួនជាប្រុសដើរទូលនំលក់ មើលតែស្រី” ប៉ុន្តែដោយសារភាពក្រីក្របានជម្រុញឲ្យលោកបាត់ភាពខ្មាស់អៀន ហើយថែមទាំងបានក្លាយជាកត្តាបណ្តុះបណ្តាលភាពក្លាហ៊ានតាំងពីក្មេង ហើយចំណុចនេះទៀតសោត លោកតែងប្រកាន់យកនូវពាក្យស្លោកមួយថា” អ្នកហ៊ានបាន អ្នកក្លាហ៊ានឈ្នះ”។

ពីអ្នកតៃកុងឡានរហូតក្លាយជាប្រធានផ្នែកទីផ្សារ

ក្រោយប្រឡងជាប់បាក់ឌុប ហើយបានឡើងមកភ្នំពេញបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងនោះ លោកបានចូលបម្រើការងារធ្វើជាអ្នកបើកឡានឲ្យក្រុមស្រាបៀសាន់មីហ្គែន ប៉ុន្តែដោយសារមានចំណងចំណូលចិត្តតាំងក្មេងទាក់ទងនឹងការធ្វើទីផ្សារ និងលក់ នៅក្នុងកិច្ចប្រជុំក្រុមហ៊ុន លោកតែងកត់ត្រារាល់ការលើកឡើងរបស់ថ្នាក់ដឹកនាំ និងតែងស្ម័គ្រចិត្តបញ្ចេញមតិក៏ដូចជាសង្ខេបនូវខ្លឹមសារនៅក្នុងកិច្ចប្រជុំជានិច្ច។

ដោយមើលឃើញមានទេពកោសល្យបែបនេះ នៅក្រោយការប្រជុំមិនដល់បីថ្ងៃផងនោះ នាយកក្រុមហ៊ុនបានតំឡើងតួនាទីលោក ពីអ្នកបើកឡានទៅជា អ្នកតំណាងទីផ្សារ។ តួនាទីថ្មីនេះបានបង្រៀនរូបលោកច្រើន ដោយលោកត្រូវចុះធ្វើការផ្ទាល់តាមសង្កាត់ប្រមាណជា១០០ នៅទូទាំងរាជធានីភ្នំពេញ ក្នុងការប្រមូលព័ត៌មានពីស្មៀន ឬចៅសង្កាត់ថាតើ មានគ្រួសារណាខ្លះ ដែលនឹងរៀបចំពិធីមង្គលការ។ បន្ទាប់ពីប្រមូលទិន្នន័យបានហើយ លោកចុះទៅដល់ផ្ទះគ្រួសារទាំងនោះតែម្តង ដើម្បីធ្វើការទំនាក់ទំនង។

ក្រោយបម្រើការបានជាងមួយឆ្នាំនៅក្រុមហ៊ុនស្រាបៀនេះ លោកបានទៅជួយការងារការដ្ឋានសំណង់បងប្រុសនៅស្រុកស្រែអំបិល ខេត្តកោះកុង ដោយតួនាទីជាមេការការដ្ឋានទឹកស្អាតផង និងជារដ្ឋបាលផង ដើម្បីធ្វើការទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាលក្នុងវិស័យពាក់ព័ន្ធ សម្រាប់ការរត់ការលិខិតស្នាមផ្សេងៗ។

លុះដល់ឆ្នាំ២០០៧ ក៏ត្រឡប់មកបម្រើការក្រុមហ៊ុនវិញ ដោយធ្វើនៅក្រុមហ៊ុនស្រាបៀសាច់ដុំ និងពពែមាស ប៉ុន្តែដោយសារតែមានទេពកោសល្យ លោកបានផ្តល់គំនិតដ៏ល្អមួយដល់ក្រុមហ៊ុន រហូតដល់ថៅកែចំណេញប្រាក់រាប់ម៉ឺនដុល្លារ ហើយកត្តានេះ ធ្វើឲ្យលោកត្រូវបានគេតំឡើងតំណែងពីមន្ត្រីទីផ្សារ (Martketing Executive) ទៅជា ប្រធានផ្នែកទីផ្សារ (Marketing Supervisor )ដែលមានតួនាទីទំនាក់ទំនងតំណាងចែកចាយធំៗតាមខេត្ត ចំនួន២៣កន្លែង និង១០កន្លែងទៀតក្នុងរាជធានីភ្នំពេញ។

ឈប់ពីធ្វើការ មហិច្ឆតាបើករកស៊ីផ្ទាល់ខ្លួន

បើទោះបីជាមានប្រាក់បៀវត្សច្រើនគួរសមរម្យយ៉ាងក៏ដោយ លោក ក៏មិនរុញរាក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដែរ ដោយសារតែមានឆន្ទៈតាំងតូចថា នឹងមិនធ្វើដូចម្តាយរបស់លោកនៅតែលក់ដើរទូលលក់នំ បង្អែមទេ ដែលលោកចង់ធ្វើឲ្យខុសពាក្យចាស់បុរាណ” ស្លឹកឈើ មិនឆ្ងាញ់ពីគល់”។

របរដែលលោកចាប់ផ្តើមនៅចុងឆ្នាំ២០០៩ និងដំណើរការជាផ្លូវការនៅដើមខែមករាឆ្នាំ២០១០នោះ លោកបានហាងផ្គត់ផ្គងគ្រឿងសំណង់ ផ្នែកដំបូល ដែលមានដើមទុនប្រមាណជា ៥០០០ដុល្លារ កើតចេញការប្រមូលទុនចូលគ្នាជាមួយបងប្អូន និងអ្នកម្តាយរបស់លោក។ ក្នុងវ័យ៣១ឆ្នាំ នៃការចាប់អាជីវកម្មដំបូងនេះ លោកធ្វើការតែពីរនាក់បងស្រីប៉ុណ្ណោះក្នុងការរកដើរធ្វើទីផ្សារដល់ការដ្ឋានសំណង់របស់អតិថិជន។

បន្ថែមពីការតស៊ូ ជូរចត់នេះ លោកក៏ធ្លាប់បរាជ័យក្នុងការបើកហាងលក់ទូរស័ព្ទ និងជួបរឿងប្រេះឆាក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ ទើបតែរៀបការបានប្រមាណ៦ឆ្នាំប៉ុណ្ណោះ ហើយចេះតែរកាំរកុស រហូតឈានដល់ការបែកបាក់គ្នា និងចុះចេញតែខ្លួន បាត់ទាំងប្រពន្ធ គ្មានទ្រព្យធនអ្វិទាំងអស់ដែលក្រៅពិ បទពិសោធន៍ ចំណេះវិជ្ជា កើតចេញពីការសិក្សានិងការងារ។

អាជីវកម្មជោគជ័យត្រូវមានអ្វីខ្លះ?

ក្រោយដំណើរការបានជាងមួយឆ្នាំ អាជីវកម្មរបស់លោក ហួត ជា ក៏មានអតិថិនជនជាច្រើនចាប់ផ្តើមនាំគ្នាជឿជាក់និងទុកចិត្ត ត្បិតហាងលោកមិនទាន់ក្លាយជាដេប៉ូផ្គត់ផ្គងធំដុំនិងល្បីក៏ដោយ។ រីឯក្រុមហ៊ុនវិញ ក៏មិនខុសគ្នាប៉ុន្មាននិងអតិថិជនដែរ ទោះបីជាលោកជំពាក់ប្រាក់ក្នុងការបង្វិលសងត្រឡប់វិញយូរថ្ងៃខែ ក៏មិនបានរិះគន់ត្អូញត្អែរដែរ តែជម្រុញនឹងលើកទឹកចិត្តឲ្យបន្ថែមទៀត រហូតហាងលោកបានក្លាយក្រុមហ៊ុនចែកចាយសម្ភារៈសំណងដ៏ល្បីឈ្មោះនាពេលបច្ចុប្បន្ន។

ការជោគជ័យនេះ គឺបានកើតចេញកត្តា៣ សំខាន់ៗដែលលោកតែងតែប្រកាន់ភ្ជាប់ខ្លួនជានិច្ច ក្នុងនោះរួមមាន៖
ភាពស្មោះត្រង់ ជារឿងមួយដែលចាំបាច់ ដែលលោកតែងប្រតិបត្តិជាប់នឹងខ្លួនគ្រប់ពេលវេលា ហើយវានេះបានធ្វើឲ្យលោកអាចធ្វើអាជីវកម្មជោគជ័យ ទោះបីជាលោកមិនមានដើមទុនគ្រប់គ្រាន់ក្នុងការបង្វិលសងក្រុមហ៊ុនរយៈពេលខ្លី ឬភ្លាមៗក៏ដោយ ពោលគឺលោកតែងគោរពការសន្យារបស់ខ្លួនក្នុងការផ្តល់ពេលវេលាជាក់លាក់ក្នុងការសង។
បទពិសោធន៍ ក៏ជាចំណុចសំខាន់ ក្នុងការញាំងឲ្យការរកស៊ីដើរទៅមុខ ទោះអាជីវកម្មឋិតក្នុងស្ថានភាពណា ក៏លោកអាចដោះស្រាយនូវគ្រប់ឧបសគ្គនៅចំពោះមុខបានដែរ ហើយកត្តានេះវាបានផ្តើមចេញពីការងារដែលលោកធ្លាប់បានធ្វើនៅតាមក្រុមហ៊ុនកន្លងមក ដូចជាអ្នកតំណាងទីផ្សារ ឬប្រធានផ្នែកទីផ្សារជាដើម។
យុទ្ធសាស្ត្រច្បាស់លាស់ លោកតែងតែមានគំនិតថ្មីៗជានិច្ចជាមួយតំណាងដេប៉ូ ក្នុងការវាយលុកក្នុងទីផ្សារក៏ដូចជាការធ្វើទីផ្សារដល់កន្លែងសំណង់ ហើយក្នុងនោះក៏មានចក្ចុវិស័យក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកដែរថា ក្នុងមួយឆ្នាំត្រូវតែរិះរកនូវសម្ភារៈថ្មីៗយ៉ាងតិចឲ្យបានមួយ ដើម្បីតាំងបង្ហាញនិងលក់សម្រាប់ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ឧទាហរណ៍. ដំបូងលោកលក់តែក្បឿង ក្រោយមកលក់ ការ៉ូជាដើ់ម។
កត្តាទាំងនេះមិនត្រឹមតែធ្វើឲ្យជោគជ័យខ្លាំងនោះទេ វាថែមទាំងបានធ្វើឲ្យលោកទទួលបានជ័យលាភីឆ្នើមទាំង១០ (Top 10) ជាអ្នកចែកចាយឆ្នើមផ្នែកដំបូល(ក្បឿង) នៅក្នុងតំបន់ដែលមានប្រទេសកម្ពុជា ថែ វៀមណាម ឡាវ និងប្រទេសផ្សេងៗជាសមាជិក។

ក្នុងកិច្ចសម្ភាសន៍ជាមួយ ខេឃ្យូប លោកបានលើកឡើងថា ចំពោះការរកស៊ីមាន ពីរប្រភេទដែលទីមួយ ទិញម៉ាកពីបរទេស( Buy Brand) ដែលអាជីវកម្មនេះ វាមិនសូវពិបាកឡើយ ក្នុងការធ្វើឲ្យអតិថិជនជឿជាក់។ ទីពីរ (Build Brand)ការកសាងនាមពាណិជ្ជ (ម៉ាក យីហោ) ខ្លួនឯង វាពិតជាលំបាកខ្លាំងក្នុងការកសាងទំនុកចិត្ត ព្រោះវាយីហោថ្មីមិនសូវល្បី ឬគ្រាន់ជាផលិតផលយីហោក្នុងស្រុកដែលមិនទាន់បានដឹងឮពីគុណភាពនិងឈ្មោះរបស់់វា។

បច្ចុប្បន្នភាព

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រង និងជាអគ្គនាយកក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងសំណង់មួយដែលមានតម្លៃរាប់សែនដុល្លារ ឈ្មោះ ហួត ជា ដែលមានសាខាលក់៤កន្លែងក្នុងនោះនៅរាជធានីភ្នំពេញ មាន៣ទីតាំង និង១ សាខាទៀតនៅទឹកដីអង្គរខេត្តសៀមរាប សរុបបុគ្គលិកជាង១០០នាក់។

ការផ្តាំផ្ញើ

បើទោះបីជាមិត្តអ្នកអានកំពុងស្ថិតក្នុងកាលៈទេសៈ ក្រលំបាកយ៉ាងណានោះទេ សូមកុំបណ្តោយខ្លួនតាមព្រេងវាសនា ហើយត្រូវចាំថា “សូមឲ្យក្រតែទ្រព្យ តែកុំក្រចិត្ត” ហើយមិត្តអ្នកអានចង់ធ្វើការរកស៊ីត្រូវតែមានចំណេះ និងត្រូវគិតពីមនុស្ស៣នាក់៖ ទី១ យល់ចិត្តអ្នកផ្គត់ផ្គង់ ទី២ បុគ្គលិក និងទី៣ យល់ចិត្តអតិថិជន ដើម្បីឲ្យពួកគេបទទួលភាពកក់ក្តៅ ពីព្រោះពួកគេបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យអាជីវកម្មអ្នករីកចម្រើនទៅមុខ៕
ពីក្មេង​​កំព្រា​ដើរ​ទូលនំ​លក់​រហូត​ក្លាយ​ជាម្ចាស់​ក្រុម​ហ៊ុន​គ្រឿង​សំណង់​ដ៏ល្បី​ឈ្មោះ​នៅ​ភ្នំពេញ

ពីក្មេង​​កំព្រា​ដើរ​ទូលនំ​លក់​រហូត​ក្លាយ​ជាម្ចាស់​ក្រុម​ហ៊ុន​គ្រឿង​សំណង់​ដ៏ល្បី​ឈ្មោះ​នៅ​ភ្នំពេញ

ពីក្មេង​​កំព្រា​ដើរ​ទូលនំ​លក់​រហូត​ក្លាយ​ជាម្ចាស់​ក្រុម​ហ៊ុន​គ្រឿង​សំណង់​ដ៏ល្បី​ឈ្មោះ​នៅ​ភ្នំពេញ

ប្រភព៖ kqube

  • ពីក្មេង​​កំព្រា​ដើរ​ទូលនំ​លក់​រហូត​ក្លាយ​ជាម្ចាស់​ក្រុម​ហ៊ុន​គ្រឿង​សំណង់​ដ៏ល្បី​ឈ្មោះ​នៅ​ភ្នំពេញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: