អាមេរិក​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​២​រូប ចេញ​ពី​ទឹកដី​អាមេរិក

រដ្ឋាភិបាលទីក្រុង Washington បានសម្រេចបណ្ដេញមន្ត្រីទូតរុស្ស៊ី២រូប ចេញពីទឹកដីអាមេរិក ដើម្បីជាការឆ្លើយតបនឹងករណីវាយប្រហារមន្ត្រីទូតអាមេរិកនៅក្នុងទីក្រុង Moscow នេះបើយោងតាមការឲ្យដឹងរបស់ក្រសួងការបរទេសអាមេរិក ។

អាមេរិក​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​២​រូប ចេញ​ពី​ទឹកដី​អាមេរិក
SONY DSC

អ្នកនាំពាក្យស្ថានទូតលោក John Kirby បានឲ្យដឹងថា មន្ត្រីទូតរុស្ស៊ី២រូប (តែសូមធ្វើការមិនបញ្ចេញឈ្មោះ) ត្រូវបានរដ្ឋាភិបាលអាមេរិកប្រាប់ឲ្យចាកចេញពីអាមេរិកកាលថ្ងៃទី១៧ ខែមិថុនា ហើយលោកក៏បានរំលឹកពីករណីវាយប្រហារមន្ត្រីទូតអាមេរិក ពីសំណាក់ប៉ូលិសរុស្ស៊ីនៅក្បែរស្ថានទូតអាមេរិកនាទីក្រុង Moscow ផងដែរ ។

លោក Kirby បានហៅទង្វើនោះថា “សកម្មភាពបែបនោះ គឺជាការវាយប្រហារមួយ” តែភាគីរុស្ស៊ីវិញបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយអះអាងថា បុរសម្នាក់នោះជាភ្នាក់ងារ CIA ហើយគេបានបដិសេធក្នុងការបង្ហាញលិខិតបញ្ជាក់អត្តសញ្ញាណពេលប៉ូលិសសួររក ។

ការបណ្ដេញមន្ត្រីទូតរុស្ស៊ីនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបនឹងការវាយប្រហារមកលើមន្ត្រីទូតអាមេរិកនាថ្ងៃទី៦ ខែមិថុនា ដោយលោក Kirby បានអះអាងថា មន្ត្រីទូតនោះបានបង្ហាញលិខិតបញ្ជាក់អត្តសញ្ញាណហើយ ទើបមានការវាយប្រហារនោះកើតឡើង ។

“សកម្មភាពនោះជាការបង្ករឿង ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់បុគ្គលិកយើងដែរ ។ អ្វីដែលរុស្ស៊ីបានអះអាងថា ប៉ូលិសការពារស្ថានទូត ពីបុរសដែលមិនបង្ហាញអត្តសញ្ញាណនោះ មិនមែនជាការពិតទេ” នេះបើយោងតាមលោក Kirby ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងថា “បើគេមិនមែនជាភ្នាក់ងារ CIA នរណាក៏អាចបន្លំខ្លួនចូលស្ថានទូតបានដែរ ជាក់ស្ដែងគេអាចជាភេរវជន ពួកជ្រុលនិយម ឬជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក៏ថាបាន” ។

សូមរម្លឹកថា ករណីវាយប្រហារមន្ត្រីទូតអាមេរិកនេះ ត្រូវបានភាគីទាំង២អះអាងយកត្រូវរៀងខ្លួន ដោយប្រទេសទាំង២សុទ្ធតែមានមូលហេតុ និងបង្ហាញភស្តុតាង ហើយប្រកាន់យកគោលជំហរត្រូវទាំងសងខាង ៕

ប្រែសម្រួល៖ kqube
ប្រភព៖ BBC

  • អាមេរិក​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​២​រូប ចេញ​ពី​ទឹកដី​អាមេរិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: