​ប្រហែស​ម្ល៉េះ! មួយភ្លែតសោះ រត់បាត់​ម្នាក់​

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​ត្រឹ​ម​វេលា​ម៉ោង​១០ និង​៤០នាទីព្រឹក​ថ្ងៃទី​០៩ កក្កដា ២០១៦ នេះ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ឈ្មោះ​តឹក សំ​អុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អតីត​យោធា​កងរថក្រោះ ខណៈ​ដែល​សមត្ថកិច្ច​នាំ​ក្រុម​នេះ តាម​រថយន្ត ទៅ​បង្ហាញ​រក​ទីតាំង​លាក់​គ្រាប់​នោះ បាន​រត់​ចូល​ព្រៃ​បាត់ ។

សកម្មភាពរត់​គេច​របស់​ជនសង្ស័យ​រូបនេះ ​ក្នុង​ពេល​​​រថយន្ត​របស់​សមត្ថកិច្ច​ឈប់​ប្តូរ​កង់​ព្រោះ​បែក​កណ្តាលផ្លូវ ស្ថិត​ត្រង់​ចំណុច​ចន្លោះ​​គីឡូម៉ែត្រ​លេខ​១៦-១៧ ផ្លូវ​លេខ​៤៤ ក្នុងភូមិ​អូរ​នាង​ហ៊ីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ដាក់​កម្លាំង​ព័ទ្ធ​ព្រៃ​ខាងលើ ដើម្បី​រក​ជនសង្ស័យ​ឱ្យ​ខាង​តែ​បាន ។

ករណី​នេះ ត្រូវ​បាន​គេ​រិះគន់​ថា ហេតុ​អ្វី​សមត្ថកិច្ច​មានការ​ធ្វេស​ប្រហែល​ម្ល៉េះ ដែល​មិន​អាច​គ្រប់គ្រង​ជនសង្ស័យ​ឱ្យ​បាន​ប្រុង​ប្រយ័ត្ន​នោះ ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កក្កដា ២០១៦ នេះ កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ សហការ​ជាមួយ​កម្លាំង​ខេត្តកំពង់ស្ពឺ បាន​នាំ​បក្ស​ពួក​ក្រុម​ចោរប្លន់​ដ៏​កក្រើក​៤​នាក់ ទៅ​ចង្អុលបង្ហាញ​ពី​ទីតាំង​លាក់​គ្រាប់​ភ្លើង បន្ទាប់​ពី​ក្រុម​នេះ ត្រូវ​កម្លាំង​ក្របួច​បាន ហើយ​ឆ្លើយ​សារ​ភាព​មក​នោះ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ១-​យឹ​ម វុ​ទ្ធី ហៅ​ធី អាយុ​៣៧​ឆ្នាំ ជា​អ្នក​អារឈើ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឱប ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ២-​ឈ្មោះ​ភី យឿ​ន ហៅ​អា​យួន អាយុ​៣៥​ឆ្នាំ ជា​អ្នក​អារឈើ មានស្រុក​កំណើត​នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យ​ជោក ស្រុក​បុរី​ជលសារ ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ៣-​ឈ្មោះ​ឆាយ ធឿ​ន អាយុ​៤៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ក្រាំង​ម្នាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​លំនៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​៤-​ឈ្មោះ​តឹក សំ​អុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អតីត​យោធា​កងរថក្រោះ មាន​ទីលំនៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​ម្នាក់​ចាប់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ​)​។