ឈប់​បាន​ឈប់​​ទៅ ឈប់ធ្វើរបៀបនេះ​ទៀត

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​ពី​ស្រុក​សំពៅ​លូន​​​ឱ្យ​​ដឹង​​ថា សាច់​ជ្រូក​ដែល​ឈ្មួញ​​នាំ​ចូល​​ពី​ប្រទេស​​ថៃ តាម​ច្រក​តំបន់ «​​​ភ្នំ​ដី» ស្រុក​​​សំពៅ​​លូន​រាល់ថ្ងៃ​ ​​ត្រូវ​គេ​អះអាង​ថា សុទ្ធ​សឹង​​ជា​សាច់​ខូចគុណភាព​ ដោយ​ត្រូវ​ក្រុម​ឈ្មួញ​ទុច្ចរិត​នៅ​តែ​បន្ត​ប្រើ​គ្រប់​​រូបភាព ក្នុង​ការ​លួច​ដឹក​ជ​ញ្ជួ​​ន​សាច់​ជ្រូក​ឆ្លង​ដែន​តាមរយៈ​រទេះអូស​របស់​កម្មករ​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​​ ​នៅ​ច្រក​តំបន់​ «ភ្នំ​ដី» ទាំង​តាម​​​បណ្ដា​ច្រករបៀង​នានា ស្ថិត​ក្នុង​ស្រុក​​សំពៅ​លូន​ ។

ប្រភព​​ឱ្យ​ដឹង​ថា ការ​លួច​នាំ​​ចូល​ចំណី​អាហារ​ខូចគុណភាព​ស្ទើរ​គ្រប់​ប្រភេទ​​នេះ ត្រូវ​គេ​មើលឃើញ​ថា ទំនង​មានការ​សម​គំនិត​ពេញ​ទំហឹង​​ពី​មន្ត្រី​ជំនាញ​នានា​ប្រចាំ​ច្រក​តំបន់​ «​ភ្នំ​ដី» ស្រុក​សំពៅ​លូន​ ។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ទំនិញ​ខុសច្បាប់​នានា​ ដែល​ឈ្មួញ​​​នាំ​ចូល​ពី​ប្រទេស​ថៃ ត្រូវ​ពួក​ឈ្មួញ​វេច​ខ្ចប់​ច្រក​ថង់​តូច​ៗ​ បង្កប់​ជាមួយ​ទំនិញ​ដែល​ស្របច្បាប់ ។ ជា​ពិសេស​សាច់​ជ្រូក សាច់​មាន់ ឆ្អឹង​មាន់ និង​ប្រហិត​គ្រប់​ប្រភេទ​ ។ 

ទំនិញ​ខូចគុណភាព​ទាំងនេះ​ ត្រូវ​ពួក​ឈ្មួញ​ជួល​​រទេះ​របស់​កម្មករ​ដឹក ដែល​មាន​លក្ខ​ណៈ​​ដូច​សត្វ​ក​ណ្តៀរ​ដែរ​ ។  ពួក​គេ​ដឹក​ផុត​ពី​ច្រក​​ចេញ-ចូល​បន្តិច​ ទើប​ម្ចាស់​បទល្មើស​រើ​លើកដាក់រថយន្ត ដឹក​យក​ទៅ​លក់​ចែកចាយ​បន្ត​នៅ​តាម​ទីផ្សារ​នានា​ នៅ​ក្នុង​ខេត្តបាត់​ដំបង ​។

សេចក្ដី​រាយ​ការ​ណ៍​បាន​​បញ្ជាក់​ថា បច្ចុប្បន្ន ​ក្រុម​ឈ្មួញ​អាច​ដឹក​ជ​ញ្ជួ​ន​ទំនិញ​ខុសច្បាប់​ ចូល​តាម​ច្រក​ភ្នំ​ដី​ខាងលើ​នេះ​បាន ​ដោយ​សេរី ដោយ​គ្មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ យក​ភ្នែក​មើល​ទេ​ ។ បើ​តាម​ប្រភព​ដដែល​ប្រាប់​ថា មូលហេតុ​ដែល​មន្ត្រី​ជំនាញ​មិន​អើពើ ក៏​ព្រោះ​តែ​ពួក​ឈ្មួញ​ និង​មន្ត្រី​ជំនាញ​ប្រចាំ​ច្រក​នោះ បានចរចា​​ត្រូវរ៉ូវ​គ្នា​រួច​ជា​ស្រេច ទើប​ក្រុម​ឈ្មួញ​អាច​ដឹក​ទំនិញ​ខុសច្បាប់​ឆ្លង​ដែន​បាន ដោយ​គ្មាន​ការ​ត្រូ​ត​ពិនិត្យ​ឡើយ​ ។

សូ​ម្បី​តែ​​មន្ត្រី​កាំកុងត្រូល​ដែល​មាន​ស្នាក់​ការ​នៅ​ជាប់​ក្បាលស្ពាន​មាត់ច្រក​ចេញចូល​នោះ ក៏​មិន​អើពើ​នឹង​ការ​ដឹក​ជ​ញ្ជួ​ន​ទំនិញ​ខូច​គុណភាព​ចូល​ស្រុក​ខ្មែរ​ ដូច​សត្វ​ក​ណ្តៀរ​​នេះ​ដែរ​ ។ ពោល​ គឺ​មន្ត្រី​គ្រប់​ស្ថាប័ន​ប្រចាំ​ច្រក​នេះ ហាក់​បាន​សមគំនិត​គ្នា​ប្រ​ព្រឹ​ត្តបទ
​ល្មើ​សមាន​លក្ខ​ណៈជា​ប្រព័ន្ធ​​តែ​​ម្ដង ​។ ផ្ទុយ​ពី​អាជ្ញាធរ​ថៃ ដែល​មន្ត្រី​គ្រប់​ស្ថាប័ន​ប្រចាំ​ច្រក​ទ្វា​ព្រំដែន រាប់​ទាំង​មន្ត្រី​យោធា​ផង​ បាន​ធ្វើការ​ត្រួត​ពិនិត្យ​គ្រប់​មធ្យោបាយ​ចេញ-ចូល​ទាំងអស់ មិន​ថាខ្មែរ​ ឬ​ថៃ​នោះ​ទេ គឺ​គេ​ធ្វើ​យ៉ាង​មានការ​ប្រុង​ប្រយ័ត្ន​បំផុត រីឯ​ខាង​ភាគី​ខ្មែរ​វិញ ​អាច​ដឹក​ចូល​ម៉ា​សេរី​​ ។