សមត្ថកិច្ច​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញ​ខូចគុណភាព​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំពៅ​លូន​ពេញបន្ទុក​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ច្រក​តំបន់​គីឡូ​១៣ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សមត្ថកិច្ច​ពុករលួយ​បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​សៀម​តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​ឈ្មួញ​ខិលខូច​បាន​នាំចូល​ត្រី​៣​ប្រភេទ​តាម​ច្រក​គីឡូ​១៣​នេះ គឺ​ត្រូ​ប្រា ត្រី​ទី​ឡាប់​យ៉ា និង​ត្រី​ត្រសក់​ជាដើម ដោយ​គ្មាន​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ត្រី​ដែល​ឈ្មួញ​នាំចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ ត្រូវបាន​គេ​ទុកចោល​នៅ​ទីសាធារណៈ​មុនពេល​មាន​រថយន្ត​មក​ដឹកជញ្ជូន​បន្ត​ចូលទៅ​ក្រុង​បាត់ដំបង​។ ត្រី​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​ធ្វើជា​ប្រហិត​ត្រី ណែម​ត្រី និង​សង្វាក់ ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ក្រុង​បាត់ដំបង​។

មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរាជការ​ក្នុងស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញ​ខូចគុណភាព រួមទាំង​ត្រី​ច្រើន​ប្រភេទ​ផង​នោះ គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​គីឡូ​១៣ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ផងដែរ ដើម្បី​កុំ​ឲ្យ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ដោយ​ខ្វះ​ការពិចារណា​តទៅទៀត​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​គីឡូ​១៣​បាន​ឲ្យ​ដឹងថា ត្រី​ដែល​ឈ្មួញ​នាំចូល​នោះ​ភាគច្រើន​អន់​គុណភាព​ឬ​មាន​លាយ​សារធាតុ​គីមី ដើម្បី​រក្សា​គុណភាព​ផងដែរ បើ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទិញ​ត្រី​ទាំងនោះ​ទៅ​ចំអិន​ទទួលទាន​ទៀតផង​។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ទៀតថា​ត្រី​ដែល​ឈ្មួញ​នាំចូល​ក្នុង​មួយថ្ងៃៗ​ជាច្រើន​តោន​តាម​ច្រក​គីឡូ​១៣​គឺ ត្រី​ដែល​នៅ​មានគុណ​ភាពល្អ​ត្រូវគេ​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ​ដោយ​មិន​កែច្នៃ​អ្វី​ឡើយ​។ ចំណែក​ត្រី​ដែល​ខូចគុណភាព​ត្រូវគេ​យកទៅ​ច្នៃ​ជា​ប្រហិត​ត្រី ណែម​ត្រី និង​សង្វាក់ នៅ​ក្រុង​បាត់ដំបង ហើយ​លក់​ចែកចាយ​ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ទូទៅ​គួរ​ពិចារណា​ចំពោះ​ការទិញ​ប្រហិត​ត្រី ណែម​ត្រី និង​សង្វាក់ ពី​ខេត្តបាត់ដំបង​ផងដែរ ព្រោះ​ផលិតផល​ទាំងនេះ​មិនមែន​ផលិត​ចេញពី​ត្រី​រ៉ស់ ត្រី​ឆ្ដោ នេសាទ​ពី​បឹង​ទន្លេសាប​ដូច​កាលពីមុន​ទៀតឡើយ​។ ផ្ទុយទៅវិញ​គឺ​ផលិត​ចេញពី​ត្រី​ខូចគុណភាព​ដែល​ឈ្មួញ​នាំចូល​យ៉ាងគំហុក​តាម​ច្រក​គីឡូ​១៣ និង​ច្រក​ផ្សេងៗ​ទៀត​ក្នុងស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​៕

photo_2016-07-07_18-59-56 photo_2016-07-07_19-00-12 photo_2016-07-07_19-00-17 photo_2016-07-07_19-00-20 photo_2016-07-07_19-00-23